វិស័យទេសចរណ៍

វៀតណាម ត្រៀមរឹតបន្តឹងការត្រួតពិនិត្យលើជនបរទេស ក្រោយចំនួនអ្នកទេសចរកើនឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ


ក្រសួងសន្តិសុខសាធារណៈវៀតណាម បានប្រកាសថា ខ្លួននឹងពង្រឹងយន្តការគ្រប់គ្រងលើជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើដំណើរចេញចូលប្រទេសវៀតណាម។ ទោះជាយ៉ាងណា ភាគីវៀតណាមនៅតែរក្សាទុកនូវគោលនយោបាយទិដ្ឋាការ និងច្បាប់អន្តោប្រវេសន៍ ដែលមានលក្ខណៈបើកទូលាយដដែល ដើម្បីបន្តគាំទ្រដល់វិស័យទេសចរណ៍ ការទាក់ទាញការវិនិយោគ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យទេសចរណ៍
ដោយ

លោក ផាំ ថេ ទុង (Pham The Tung) អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម បានថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពី ការគ្រប់គ្រងជនបរទេស ដែលបានរៀបចំឡើងនៅទីក្រុងហូជីមិញ កាលពីថ្ងៃទី១៥ ខែឧសភា ថា ប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ទៅជិត២៣លាននាក់ នៅក្នុងឆ្នាំ២០២៥ កន្លងទៅ ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ពោលគឺកើនឡើងប្រមាណ១៨% បើធៀបនឹងឆ្នាំ២០២៤។ ដោយឡែក គិតចាប់តាំងពីដើមឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន ចំនួនអ្នកទេសចរបរទេស ដែលបានធ្វើដំណើរចូលមកប្រទេសវៀតណាម មានចំនួនជាង៩លាននាក់រួចទៅហើយ មានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា វៀតណាមនឹងនៅតែបន្តអនុវត្តតាមគោលនយោបាយអន្តោប្រវេសន៍ និងការសម្របសម្រួលការចូលប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការដោះដូរពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានា ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ ធុរកិច្ច និងការវិនិយោគផ្ទាល់ពីបរទេស។ ទោះជាយ៉ាងណា ក្រសួងសន្តិសុខសាធារណៈ បានព្រមានថា បច្ចុប្បន្នមានជនបរទេសមួយចំនួនបានឆ្លៀតឱកាសកេងប្រយោជន៍ពីគោលនយោបាយទិដ្ឋាការដ៏ធូរស្រាលនេះ ដើម្បីធ្វើសកម្មភាពខុសច្បាប់ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងលើបញ្ហាសន្តិសុខ និងការអនុវត្តច្បាប់ដ៏ស្មុគស្មាញ។
ទោះបីជាអាជ្ញាធរមិនបានលម្អិតពីប្រភេទ នៃបទល្មើសទាំងអស់ក៏ពិតមែន ប៉ុន្តែយោងតាមការប្រកាសរបស់អគ្គស្នងការនគរបាលជាតិ វៀតណាម កាលពីពេលថ្មីៗនេះ បានបង្ហាញថា បទល្មើសដែលកើតឡើងញឹកញាប់ រួមមាន ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសអន្តោប្រវេសន៍ខុសច្បាប់ ការបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការស្នាក់នៅហួសទិដ្ឋាការ និងការលួចធ្វើការងារដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងសន្តិសុខវៀតណាម បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលទូទាំងប្រទេស ត្រូវបង្កើនការវាយតម្លៃ លើកកម្ពស់ការសម្របសម្រួល និងរឹតបន្តឹងវិធានការច្បាប់ចំពោះជនបរទេស ដែលកំពុងស្នាក់នៅក្នុងប្រទេសវៀតណាមឱ្យបានម៉ឺងម៉ាត់បំផុត។
គួរបញ្ជាក់ថា បច្ចុប្បន្នវៀតណាម បានផ្តល់ទិដ្ឋាការអេឡិចត្រូនិកដល់ពលរដ្ឋមកពីគ្រប់បណ្តាប្រទេសជុំវិញពិភពលោក ខណៈដែលគោលនយោបាយលើកលែងទិដ្ឋាការត្រូវបានពង្រីកជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលនេះជាយុទ្ធសាស្ត្រមួយក្នុងការស្តារវិស័យទេសចរណ៍ និងទាក់ទាញលំហូរអាជីវកម្មអន្តរជាតិ ឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតសកលកន្លងទៅ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ក្រុម​​ហ៊ុនដឹកទំនិញតាមកប៉ាល់ធំបំផុតទី២ក្នុងលោក បន្តចៀសវាងច្រកសមុទ្រ Hormuz ទោះមានបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់

ក្រុមហ៊ុន ម៊ែស (Maersk) ដែលជាក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកប៉ាល់ធំជាងគេបំផុតទី២នៅលើពិភពលោកបានប្រកាសថា ខ្លួននឹងបន្តចៀសវាងការធ្វើនាវាចរណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ