យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យមថ្មីមានរហូតដល់ជាង៨៧០កន្លែងកើនឡើងប្រមាណ៤០% បើធៀបនឹងឆមាសទី១ ឆ្នាំមុន ដោយក្នុងនោះភាគច្រើនលើសលប់ផ្តោតលើវិស័យកែច្នៃម្ហូបអាហារ និងភេសជ្ជៈ។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងជាអ្នកកំពុងវិនិយោគក្នុងវិស័យផលិតម្ហូបអាហារនៅកម្ពុជា បានគូសបញ្ជាក់ថា ការផលិតម្ហូបអាហាររបស់កម្ពុជា កំពុងមានសកម្មភាពកាន់តែខ្លាំង ក្រោយពេលពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ។ បើតាមអ្នកជំនួញរូបនេះ យ៉ាងយូរបំផុត៣ឆ្នាំទៀតប៉ុណ្ណោះ កម្ពុជានឹងមានឯករាជ្យភាពលើវិស័យផលិតម្ហូបអាហាររហូតដល់៧០%។ ទន្ទឹមនេះ អ្នកឧកញ៉ា សួរ វីរៈ ជំរុញឱ្យបន្តគាំទ្រផលិតផលក្នុងស្រុក និងចៀសវាងដាច់ខាតការប្រើប្រាស់ផលិតផលថៃ ដែលកំពុងឈ្លានពានទឹកដីកម្ពុជា។
ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) អះអាងថា មកទល់ពេលនេះ កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតម្ហូបអាហារ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងមិនបានពឹងផ្អែកខ្លាំងក្នុងការនាំចូលដូចមុនទៀតនោះទេ។ លើសពីនេះ ផលិតផលរបស់កម្ពុជា កំពុងធ្វើពិពិធកម្មនាំចេញទៅទីផ្សារអន្តរជាតិ ដើម្បីយកថវិកាចូលមកបម្រើដល់សេដ្ឋកិច្ចជាតិវិញផងដែរ។ នេះបើតាមការអះអាងរបស់លោកឧកញ៉ា តែ តាំងប៉ ដែលបានបន្ថែមថា ដើម្បីអាចនាំផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិបានលុះណាតែផលិតផលនោះមានគុណភាព និងមានការគាំទ្រនៅក្នុងស្រុកជាមុនសិន ពិសេសហាមនាំចូលនូវផលិតផលណា ដែលមានផលិតនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កត់សម្គាល់ឃើញថា មកទល់ពេលនេះ សហគ្រាសខ្នាតតូច និងមធ្យម កំពុងខិតខំពង្រឹងសមត្ថភាពផលិត និងពង្រីកខ្សែច្រវាក់ផលិតកម្មទ្វេដង ដើម្បីបំពេញតម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូលផលិតផលពីបរទេស។
បើតាមឯកឧត្តម ហេង សុខគង់ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យមមានជាង៨៧០កន្លែង មានកំណើនប្រមាណ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ផ្ដោតជាសំខាន់លើការផលិតម្ហូបអាហារ និងភេសជ្ជ៕
អត្ថបទ៖ បូ ដូឡា