តែទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា វិស័យ SME នៅតែបន្តជួបប្រទះបញ្ហាប្រឈមធំៗចំនួន៥ ដែលទាមទារឱ្យមានការចូលរួមជួយដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនស្តង់ដាផលិតភាព និងមានលទ្ធភាពពង្រីកខ្លួនចូលទៅក្នុងទីផ្សារបានកាន់តែជ្រៅ។ តើបញ្ហាប្រឈមទាំង៥នោះមានអ្វីខ្លះ?
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ក្នុងស្មារតីស្នេហាជាតិរបស់ពលរដ្ឋខ្មែរ ក្រោយមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាងបានផ្តល់ឱកាសឱ្យសហគ្រាស SME ក្នុងស្រុកមានសម្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វិស័យដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់នេះ នៅតែបន្តជួបប្រទះនូវបញ្ហាប្រឈមធំៗមួយចំនួន។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ បញ្ហាប្រឈមទាំងនោះរួមមានបញ្ហាអនុលោមភាព, ម្ចាស់សហគ្រាសភាគច្រើននៅមានបញ្ហាកង្វះព័ត៌មានទាក់ទងនឹងការផលិតផលិតផល និងការស្វែងរកដៃគូអាជីវកម្ម, បញ្ហាគម្លាតបច្ចេកវិទ្យា, បញ្ហាកង្វះហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងបញ្ហាហិរញ្ញវត្ថុ។
ពាក់ព័ន្ធបញ្ហានេះដែរ ឧកញ៉ា កែវ មុំ ប្រធានសមាគមសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាបានឱ្យដឹងថា បញ្ហាប្រឈមដែលសហគ្រាសក្នុងស្រុកកំពុងជួបប្រទះ គឺការពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែមត្រូវការចំណាយពេលយូរ និងថវិការច្រើន ដែលធ្វើឱ្យបរិមាណផលិតក្នុងស្រុកមិនអាចប្រកួតប្រជែងជាមួយទំនិញនាំចូលដែលមានតម្លៃទាប និងគេចពន្ធបាន។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ដើម្បីឱ្យ SME កម្ពុជា អាចបន្តរីកចម្រើនបានលឿនប្រកបដោយនិរន្តរភាពនោះ ពិសេសក្នុងវិបត្តិ នៃការប្រែប្រួលសកល ទាមទារឱ្យមានការជួយជ្រោមជ្រែងបន្ថែមពីរដ្ឋ ពិសេសការកាត់បន្ថយថ្លៃដើម ថ្លៃអគ្គិសនី និងការបន្ធូរបន្ថយផ្នែកពន្ធដារក្នុងរយៈពេលកំណត់ណាមួយ ដើម្បីឱ្យសហគ្រាសមានលទ្ធភាពពង្រីកខ្លួនបានកាន់តែខ្លាំង។
គួរជម្រាបថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដាក់ចេញនូវយន្តការដោះស្រាយជាច្រើនតាមរយៈការជំរុញ លើកទឹកចិត្ត និងផ្ដល់ការគាំទ្រនានាដល់សហគ្រាស SME ក្នុងស្រុក ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សំដៅជួយបង្កើនផលិតភាព ពង្រឹងគុណភាពស្តង់ដាផលិតផលក្នុងស្រុក និងបើកឱកាសឱ្យសហគ្រាស SME អាចវាយលុកចូលទៅកាន់ទីផ្សារបានកាន់តែទូលំទូលាយ៕