វិស័យដឹកជញ្ជូន

មេកំពង់ផែស្វយ័តភ្នំពេញ កំពុងសិក្សាតភ្ជាប់ជាមួយផ្លូវដែក ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូននៅកម្ពុជា


ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅកម្ពុជា បានបង្ហាញសម្ទុះកើនឡើងជាបន្តបន្ទាប់មកទល់ពេលនេះ ដែលជំរុញឱ្យកំពង់ផែស្វយ័តភ្នំពេញ ត្រូវពង្រីកសមត្ថភាពចំណតផែរបស់ខ្លួនយ៉ាងសកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង។ ទន្ទឹមនេះដើម្បីឱ្យការទឹកជញ្ជូនទំនិញមកកាន់ផ្លូវទឹកកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ កំពង់ផែស្វយ័តភ្នំពេញ កំពុងសិក្សាគម្រោងតភ្ជាប់រវាងផ្លូវដែកមកកាន់កំពង់ផែ។ តើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពីផ្លូវដែកទៅផ្លូវទឹកមានសារសំខាន់យ៉ាងណាខ្លះ?
វិស័យដឹកជញ្ជូន
ដោយ

ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានគូសបញ្ជាក់ថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក គឺជាជម្រើសដ៏ប្រសើរបំផុតក្នុងពាណិជ្ជកម្មអន្តរជាតិ ដោយសារថ្លៃដើមទាប និងដឹកជញ្ជូនបានច្រើន បើធៀបនឹងមធ្យោបាយដឹកជញ្ជូនផ្សេងៗ។ តួយ៉ាង ការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានការកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។ តែទោះជាយ៉ាងណា ដើម្បីឱ្យការដឹកជញ្ជូនតាមផ្លូវទឹកកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត កំពង់ផែស្វយ័តភ្នំពេញ កំពុងសិក្សាគម្រោងស្នើទៅក្រសួងពាក់ព័ន្ធ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីផ្លូវដែកមកកាន់កំពង់ផែ រួចភ្ជាប់ទៅព្រំដែនវៀតណាម។
ជុំវិញបញ្ហានេះដែរ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស បានចាត់ទុកគម្រោង ស្នើសុំតភ្ជាប់បណ្តាញផ្លូវដែកទៅកាន់កំពង់ផែស្វយ័តភ្នំពេញ គឺជាគំនិតផ្ដួចផ្ដើមមួយដ៏សំខាន់ ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើមក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ បើទោះបីជាការដឹកជញ្ជូនទំនិញទៅកាន់ផ្លូវទឹក ចៀសមិនផុតពីការប្រើប្រាស់ផ្លូវគោកក៏ដោយ ប៉ុន្តែការតភ្ជាប់ផ្លូវដែកទៅកាន់ផ្លូវទឹកនៅតែជាកត្តាគន្លឹះមិនអាចខ្វះបាន ដ្បិតវាអាចដឹកជញ្ជូនទំនិញធ្ងន់ៗបានច្រើន និងចំណាយថ្លៃដើមទាប។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ទោះបីបច្ចុប្បន្នកម្ពុជា មានខ្សែផ្លូវដែកតភ្ជាប់ទៅកាន់កំពង់ផែក្រុងព្រះសីហនុ ក៏ដោយ ប៉ុន្តែសមត្ថភាពនៃការដឹកជញ្ជូន និងការប្រើប្រាស់ជាក់ស្តែងហាក់នៅមានកម្រិតនៅឡើយ។ ដូច្នេះការជំរុញឱ្យមានការតភ្ជាប់ផ្លូវដែកឱ្យបានទូលំទូលាយទៅកាន់កំពង់ផែ និងតំបន់ផលិតនឹងជួយបង្កើនប្រសិទ្ធភាពក្នុងវិស័យឡូជីស្ទិក ការធ្វើពាណិជ្ជកម្មអន្តរជាតិបានកាន់តែប្រសើរ។
គួរជម្រាបថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក គឺអាចកាត់បន្ថយថ្លៃដឹកជញ្ជូនប្រមាណ៣០% ទៅ៤០% បើប្រៀបធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោក ខណៈផ្លូវដែក គឺជាមធ្យោបាយដឹកជញ្ជូនដែលមានថ្លៃដើមទាបបន្ទាប់ពីផ្លូវទឹក និងមានសមត្ថភាពដឹកជញ្ជូនទំនិញធ្ងន់ៗ និងបរិមាណច្រើន។ តែយ៉ាងណាការដឹកជញ្ជូនតាមផ្លូវគោកនៅតែមានតួនាទីសំខាន់ ដោយសារមានរយៈពេលដឹកជញ្ជូនលឿនជាង៕

អត្ថបទ សោម ស្រីពេជ្រ




អត្ថបទបន្ទាប់


តើអ៊ីរ៉ង់នឹងក្លាយជាសមរភូមិថ្មីក្នុងការប្រជែងអំណាចរវាងអាម៉េរិក និងចិន ឬយ៉ាងណា?

សមរភូមិសេដ្ឋកិច្ចថ្មីកំពុងលេចចេញ​ឡើងរវាងទីក្រុងវ៉ាស៊ីនតោន និង​ក្រុងប៉េកាំង ដោយអាម៉េរិក បានដាក់​ទណ្ឌកម្មលើអង្គភាពជិត៦០ ដែលមានទំនាក់ទំ…

តើកម្ពុជា មានសមត្ថភាពកម្រិតណាក្នុងការផលិត​ចំណីអាហារ​បំពេញតម្រូវការក្នុងស្រុក?

ក្រុមអ្នកជំនាញ និងតំណាងសហគ្រាសធុនតូច និងមធ្យម (SME) បានគូសបញ្ជាក់ថា សមត្ថភាពផលិតចំណីអាហារក្នុងស្រុករបស់កម្ពុជា មានសម្ទុះយ៉ាងខ្លាំងក្លានៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ