ទោះជាយ៉ាងណា លោក ត្រាំ បានអះអាងថា កិច្ចពិភាក្សាក្រៅផ្លូវការមួយចំនួនកំពុងដំណើរការជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដោយលោកបានគូសបញ្ជាក់ថា លោកមិនប្រញាប់ប្រញាល់ក្នុងការសម្រេចកិច្ចព្រមព្រៀងនោះទេ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃទី១៧ ខែសីហា លោក ដូណាល់ ត្រាំ បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ជាថ្មីថា លោកគ្មានបំណងពន្យារពេលកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលផុតកំណត់នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះឡើយ។ លើសពីនេះ លោក ថែមទាំងបានព្រមានទម្លាក់គ្រាប់បែកកម្ទេចប្រទេសអូម៉ង់ ដែលជាសម្ពន្ធមិត្តយុទ្ធសាស្ត្រចាស់វស្សារបស់ខ្លួន ប្រសិនបើហ៊ានលូកដៃរារាំងយុទ្ធសាស្ត្ររបស់អាម៉េរិក។
ជាការកត់សម្គាល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល៦០ថ្ងៃកន្លងមកនេះសឹងតែជានិមិត្តរូបប៉ុណ្ណោះ ព្រោះភាគីទាំងពីរនៅតែបន្តបើកការវាយប្រហារដាក់គ្នាឥតឈប់ឈរ និងចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការរំលោភលើលក្ខខណ្ឌឈប់បាញ់។ ប្រតិបត្តិការយោធាយ៉ាងស្រួចស្រាល់បានផ្ទុះឡើងវិញភ្លាមៗ ហើយនៅពាក់កណ្តាលខែកក្កដា លោក ត្រាំ ក៏បានប្រកាសជាផ្លូវការថា បទឈប់បាញ់ត្រូវបានបិទបញ្ចប់។
ទោះបីជាលោក ត្រាំ តែងតែអះអាងដដែលៗថា អ៊ីរ៉ង់ កំពុងប្រាថ្នាចង់បានកិច្ចព្រមព្រៀងសន្តិភាពថ្មីជាមួយអាម៉េរិកយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែទីក្រុងតេអេរ៉ង់ បានច្រានចោលភ្លាមៗថា មិនមានការចរចាណាមួយកំពុងកើតឡើងនោះទេ។ ផ្ទុយទៅវិញ អ៊ីរ៉ង់ បានបង្ហើបថា ខ្លួនកំពុងស្ថិតក្នុងការចរចាយ៉ាងសកម្មជាមួយប្រទេសអូម៉ង់ ដើម្បីបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាជី (Abbas Araghchi) បានបញ្ជាក់កាលពីថ្ងៃទី១៦ ខែសីហា ថា ពាក្យថា បទឈប់បាញ់មិនមានអាទិភាពទៀតឡើយ ហើយក៏គ្មានការចរចាណាមួយរវាងអាម៉េរិក និងអ៊ីរ៉ង់ ឬសូម្បីតែជាមួយកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ នោះដែរ។ លោកបានបន្ថែមថា ប្រទេសកាតា និងប៉ាគីស្ថានគ្រាន់តែជាអ្នកបញ្ជូនសារទៅវិញទៅមក ប៉ុន្តែសកម្មភាពនេះមិនមែនជាការចរចានោះទេ។ ជាមួយគ្នានេះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក កាហ្សេម ហ្គារីបាបាឌី (Kazem Gharibabadi) បានលើកឡើងនៅលើបណ្តាញសង្គម X ថា ច្រកសមុទ្រ Hormuz គឺជាបូរណភាពរបស់អ៊ីរ៉ង់ ហើយការបិទ ឬបើកច្រកផ្លូវទឹកដ៏សំខាន់នេះ គឺស្ថិតលើបទបញ្ជារបស់អ៊ីរ៉ង់តែមួយគត់។
វិបត្តិសង្គ្រាមពាក្យសម្តី និងភាពតានតឹងផ្នែកយោធានេះបានវាយប្រហារយ៉ាងធ្ងន់ធ្ងរលើខ្សែច្រវាក់ដឹកជញ្ជូនថាមពលពិភពលោក។ ទិន្នន័យពីស្ថាប័ន Kpler កាលពីថ្ងៃទី១៧ ខែសីហា បានបង្ហាញថា មាននាវាដឹកប្រេងត្រឹមតែ៦គ្រឿងប៉ុណ្ណោះ ដែលហ៊ានប្រថុយឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែលជាមធ្យមក្នុងរយៈពេល១០ថ្ងៃចុងក្រោយមាននាវាឆ្លងកាត់ត្រឹម១១គ្រឿងប៉ុណ្ណោះ។ សម្ពាធភូមិសាស្ត្រនយោបាយដ៏ក្តៅគគុកនេះ បានជំរុញឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ នាថ្ងៃទី១៨ ខែសីហា បានហក់ឡើងបន្ថែមប្រមាណ០,៥% ដោយប្រេងឆៅប្រភេទ Brent ឡើងដល់ជាង៩១ដុល្លារក្នុងមួយបារ៉ែល ហើយប្រេងឆៅនៅលើទីផ្សារអាម៉េរិកបានឡើងដល់ជាង៨៥ដុល្លារក្នុងមួយបារ៉ែល៕
អត្ថបទៈ សួន ឡង់ទី