តាមរយៈសារ ដែលបានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី៤ ខែតុលា លោក ត្រាំ បានគូសបញ្ជាក់ថា កងកម្លាំងពិសេស SIF នេះ នឹងដឹកនាំដោយលោក ចេយ ក្លេយតុន (Jay Clayton) នាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិ ដើម្បីធានាថា សហរដ្ឋអាម៉េរិក នៅតែបន្តរក្សាតំណែងជាអធិរាជបច្ចេកវិទ្យាកំពូលលើសកលលោក និងជាស្ពានភ្ជាប់ការងាររវាងរដ្ឋាភិបាលជាមួយសាធារណជន និងវិស័យឯកជន។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៥ ខែតុលា ការបង្កើតកងកម្លាំងពិសេស Super Intelligence Force របស់អាម៉េរិក ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃទី២៩ ខែកញ្ញា ដោយបានសម្រេចផ្លាស់ប្តូរភាសាបច្ចេកវិទ្យាពីបញ្ញាសិប្បនិម្មិត (AI) ទៅជាបញ្ញាពិសេស (SI) ដោយលោកបានលើកឡើងថា ពាក្យ Artificial ដែលប្រែថាសិប្បនិម្មិតនោះមើលទៅដូចជារបស់ក្លែងក្លាយ។ កាលពីសប្តាហ៍មុនលោក ត្រាំ ក៏បានប្រកាសបង្កើតក្រុមការងារពិសេសមួយផងដែរ ដើម្បីត្រួតពិនិត្យសុវត្ថិភាពបច្ចេកវិទ្យា បន្ទាប់ពីមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសីលធម៌រួមគ្នាមួយ។
តើតួនាទី និងភារកិច្ចស្នូលរបស់កងកម្លាំងពិសេស SIF មានអ្វីខ្លះ? កងកម្លាំងពិសេសនេះមានតួនាទីសម្របសម្រួលប្រតិបត្តិការរវាងស្ថាប័នរដ្ឋសហព័ន្ធជាមួយអ្នកប្រើប្រាស់ អង្គការសាសនា ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងក្រុមប្រឹក្សាបច្ចេកវិទ្យា។ បន្ថែមលើនេះ តាមដានសុវត្ថិភាពបច្ចេកវិទ្យា SI បង្កើតប្រព័ន្ធអាសន្នរាយការណ៍អំពីការជ្រៀតចូល ឬការវាយប្រហារតាមអ៊ីនធឺណិត និងរៀបចំចំណាត់ការឆ្លើយតបភ្លាមៗ។ តួនាទីស្នូលមួយទៀតនោះ គឺការធានាឱ្យបានដាច់ខាតនូវឧត្តមភាពបច្ចេកវិទ្យារបស់អាម៉េរិក ដើម្បីកៀបសង្កត់ និងនាំមុខប្រទេសចិន។
តើការបង្កើតកងកម្លាំងពិសេសនេះជាក្តីបារម្ភសម្រាប់ពិភពលោក ឬយ៉ាងណា? ទោះបីជាសហរដ្ឋអាម៉េរិកអះអាងថា យន្តការនេះបង្កើតឡើង ដើម្បីពង្រឹងសន្តិសុខ និងបច្ចេកវិទ្យាផ្ទៃក្នុងក៏ដោយ ប៉ុន្តែក្រុមអ្នកវិភាគ និងសហគមន៍អន្តរជាតិបានសម្តែងក្តីបារម្ភយ៉ាងខ្លាំងលើចំណុចក្តៅៗមួយចំនួនដូចជាសង្គ្រាមប្រកួតប្រជែងអាវុធបច្ចេកវិទ្យា, កង្វះបទប្បញ្ញត្តិសកល និងសង្គ្រាមត្រជាក់បច្ចេកវិទ្យា។ អ្នកវិភាគជឿជាក់ថា ការបង្កើតកងកម្លាំងនេះនឹងរុញច្រានឱ្យការប្រកួតប្រជែងជាមួយចិនកាន់តែស្មុគស្មាញ និងគ្រោះថ្នាក់ ហើយការដើរមុនតែម្នាក់ឯងរបស់អាម៉េរិកដោយគ្មានកិច្ចព្រមព្រៀងអន្តរជាតិអាចបង្កឱ្យមានការប្រើប្រាស់អាវុធស្វ័យប្រវត្តិដោយគ្មានការត្រួតពិនិត្យ។ លើសពីនេះវាអាចជាទម្រង់នៃសង្គ្រាមត្រជាក់បច្ចេកវិទ្យាថ្មី ដែលអាម៉េរិកព្យាយាមក្តោបក្តាប់អំណាចតែម្នាក់ឯង និងបិទផ្លូវកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់គ្រោះថ្នាក់ពី SI៕
អត្ថបទៈ សួន ឡង់ទី