ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី១ ខែតុលា ថា ដោយផ្អែកលើប្រភពពីមន្ត្រីអាម៉េរិក និងអតីតមន្ត្រីផ្នែកការទូត-សន្តិសុខ ដែលក្តាប់បានព័ត៌មានទ័ពចិន យ៉ាងច្បាស់បានប្រាប់ពីមូលហេតុមួយចំនួនដែលចិនមិនអាចបើកប្រតិបត្តិយោធាលើកោះតៃវ៉ាន់ នៅឆ្នាំ២០២៧។ មូលហេតុទាំងនោះរួមមានទី១, គឺការយឺតយ៉ាវនៃសមត្ថភាពត្រៀមខ្លួនរបស់កងទ័ពចិន ដែលបណ្តាលមកពីយុទ្ធនាការបោសសម្អាត និងប្រឆាំងអំពើពុករលួយយ៉ាងក្តៅគគុករបស់បក្សកុម្មុយនីស្តចិន លើមន្ត្រីយោធាជាន់ខ្ពស់គ្រាក់ៗ និងទីពីរ គឺការរង់ចាំមើលលទ្ធផល នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ នាឆ្នាំ២០២៨ ខាងមុខ។ ថ្នាក់ដឹកនាំចិន មួយចំនួន នៅតែមានសង្ឃឹមថា លទ្ធផលបោះឆ្នោតឆ្នាំ២០២៨ អាចនឹងនាំមកនូវរដ្ឋាភិបាលតៃវ៉ាន់ថ្មីមួយ ដែលមាននិន្នាការទន់ភ្លន់ និងងាយស្រួលចរចាលើការបង្រួបបង្រួមជាតិ។
ទោះជាយ៉ាងណាក៏ដោយប្រភពព័ត៌មានដដែលបានសង្កត់ធ្ងន់ថា ក្រុងប៉េកាំង អាចនឹងបង្កើនការគំរាមកំហែង និងបង្ហាញសាច់ដុំយោធាកាន់តែស្រួចស្រាល់ខ្លាំងឡើងនៅឆ្នាំ២០២៨ ឬឆ្នាំបន្តបន្ទាប់ ប្រសិនបើគណបក្សប្រជាធិបតេយ្យជឿនលឿននៅតៃវ៉ាន់ បន្តឈ្នះឆ្នោតកាន់អំណាចក្នុងអាណត្តិទី៤ជាប់ៗគ្នា និងជាពិសេស ប្រសិនបើប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្នលោក ឡៃ ឈិងតឺ (Lai Ching-te) ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតបន្តអាណត្តិថ្មីម្តងទៀតនោះ។
មន្ត្រីអាម៉េរិកម្នាក់បានព្រមានថា ប្រសិនបើសេណារីយ៉ូនយោបាយនេះកើតឡើងមែន ឆ្នាំ២០២៨ នឹងក្លាយជាឆ្នាំនៃវិបត្តិដ៏ក្តៅគគុក និងជាចំណុចកំពូលនៃការប្រឈមមុខដាក់គ្នាយ៉ាងតឹងរ៉ឹងបំផុតរវាងចិន តៃវ៉ាន់ និងអាម៉េរិក។ ការវាយតម្លៃចុងក្រោយនេះ គឺជាការធ្វើបច្ចុប្បន្នភាពដ៏សំខាន់ និងច្បាស់លាស់មួយលើទស្សនៈមុនៗរបស់អាម៉េរិក ដែលធ្លាប់ជឿថា លោក ស៊ី ជីនពីង ចង់ឱ្យកងទ័ពចិនត្រៀមខ្លួនឱ្យរួចរាល់ត្រឹមឆ្នាំ២០២៧ ឱ្យខាងតែបាន ដែលជាឆ្នាំប្រារព្ធខួប១០០ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។
គួររំលឹកថា ចិន មិនដែលបោះបង់ចោលជម្រើសនៃការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ មកក្រោមការត្រួតត្រារបស់ខ្លួនឡើយ។ ដោយឡែកលោក ឡៃ ឈិងតឺ ដែលបានកាន់តំណែងជាប្រធានាធិបតីកាលពីពីរឆ្នាំមុន រួមទាំងគណបក្សប្រជាធិបតេយ្យជឿនលឿន តែងតែលើកកម្ពស់អត្តសញ្ញាណតៃវ៉ាន់ជារដ្ឋឯករាជ្យដាច់ដោយឡែកពីចិន ដែលជំហរនេះបានធ្វើឱ្យក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង។ ទោះជាចិន ប្រកាសថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិន ដែលមិនអាចបំបែកបានក៏ដោយ ប៉ុន្តែតៃវ៉ាន់ បានបដិសេធយ៉ាងដាច់អហង្ការ ដោយបញ្ជាក់ជំហរដើមថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចវាសនា និងអនាគតរបស់ខ្លួន៕
អត្ថបទៈ សួន ឡង់ទី