ក្រោមក្តីសម្រេចថ្មីរបស់រដ្ឋាភិបាលវៀតណាម អាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសត្រូវបានតម្រូវឱ្យសម្រេចគោលដៅរួម ក្នុងការសាងសង់លំនៅឋានសង្គមកិច្ច និងផ្ទះជួលឱ្យបានសរុបជិត៩០ម៉ឺនយូនីតបន្ថែមទៀតនៅត្រឹមឆ្នាំ២០៣០។ ក្នុងនោះ រួមមាន លំនៅឋានសង្គមកិច្ចចំនួនជាង៧០ម៉ឺនយូនីតសម្រាប់លក់ និងជួល ខណៈជាង១៩ម៉ឺនយូនីតទៀតនឹងត្រូវសាងសង់សម្រាប់ជួលសុទ្ធសាធ។
ការដាក់ចេញបទបញ្ជាបែបនេះធ្វើឡើងបន្ទាប់ពីគម្លាតរវាងតម្លៃផ្ទះ និងប្រាក់ចំណូលរបស់គ្រួសារពលរដ្ឋរីកកាន់តែធំទៅៗ ជាពិសេសនៅមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗ ដូចជា ទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ក្រុមអ្នកជំនាញអចលនទ្រព្យបានលើកឡើងថា កំណើនតម្លៃផ្ទះលឿនជ្រុលបានបង្ខំឱ្យពលរដ្ឋវ័យក្មេង និងកម្មកររោងចក្រជាច្រើនត្រូវពន្យារពេល ឬបោះបង់ចោលក្ដីស្រមៃទិញផ្ទះផ្ទាល់ខ្លួន។
ដើម្បីឆ្លើយតបនឹងវិបត្តិនេះ ផែនការមេរបស់វៀតណាម គឺដេញជើងឱ្យទាន់គោលដៅសាងសង់លំនៅឋានសង្គមកិច្ច និងផ្ទះជួលឱ្យបានយ៉ាងហោចណាស់១លានយូនីតត្រឹមឆ្នាំ២០៣០ ដោយផ្តោតអាទិភាពខ្ពស់បំផុតលើកម្មករក្នុងតំបន់ឧស្សាហកម្ម និងពលរដ្ឋមានប្រាក់ចំណូលទាប។ ក្នុងនោះទីក្រុងហូជីមិញទទួលបានបេសកកម្មសាងសង់ច្រើនជាងគេរហូតដល់ជាង១៨ម៉ឺនយូនីត ខណៈទីក្រុងហាណូយត្រូវសាងសង់ឱ្យបាន៨៤,០០០យូនីត។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលវៀតណាម ក៏បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានឱ្យខិតខំរៀបចំដីធ្លីនៅទីតាំងអំណោយផល, ពន្លឿននីតិវិធីរដ្ឋបាលស្មុគស្មាញ និងផ្តល់កញ្ចប់លើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីបង្កើនការផ្គត់ផ្គង់ផ្ទះជួលឱ្យកាន់តែច្រើន។ នេះមិនមែនគ្រាន់តែជាការបង្កើនចំនួនខ្នងផ្ទះនោះទេ ប៉ុន្តែជាការអន្តរាគមន៍កាត់បន្ថយសម្ពាធជីវភាព និងធ្វើឱ្យលំនៅឋានមានតម្លៃសមរម្យសម្រាប់ពលរដ្ឋទូទៅ ខណៈទីផ្សារអចលនទ្រព្យឯកជននៅតែបន្តឡើងថ្លៃឥតឈប់ឈរ៕
ដោយ: តែម សុខុម