សារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃទី២៦ ខែសីហា ថា នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី គ្រីស្តាលីណា ចច ជីវ៉ា បានជំរុញឱ្យរដ្ឋាភិបាលគ្រប់ប្រទេស ត្រូវប្រញ៉ាប់បង្កើតផែនការ ដែលអាចជឿទុកចិត្តបាន ដើម្បីគ្រប់គ្រងបំណុល និងឱនភាពថវិកាឱ្យមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព និងជំរុញឱ្យធនាគារកណ្តាលរបស់ខ្លួន បន្តផ្តោតលើការគ្រប់គ្រងអតិផរណាផងដែរ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្តថា សេដ្ឋកិច្ចពិភពលោក ប្រឈមមុខនឹងភាពតានតឹងផ្នែកពាណិជ្ជកម្ម ការកើនឡើង នៃផលបត្រ នៃមូលបត្របំណុល និង អតិផរណារបស់បណ្តាប្រទេសធំ ៗជាពិសេសសហរដ្ឋអាម៉េរិក ដែលនៅតែខ្ពស់បានបង្ហាញថា ហានិភ័យនៅតែមាន។
ប្រធាន IMF រូបនេះ ក៏ព្រមានដែរថា ផលប៉ះពាល់សេដ្ឋកិច្ចពីសង្គ្រាមអ៊ីរ៉ង់ មិនទាន់ចប់នៅឡើយទេ ដោយតម្លៃថាមពល និងស្បៀងអាហារអាចបន្តហក់ឡើង និងបង្កសម្ពាធបន្ថែមឈានចូលរដូវរងារ ជាពិសេសនៅអឌ្ឍគោលខាងជើង ដែលរួមមាន អាម៉េរិក កាណាដា អឺរ៉ុប ចិន ជប៉ុន និង ប្រទេសរុស្ស៊ី។ ហានិភ័យផ្សេងទៀតរួមមាន ការថយចុះ នៃប្រេងបម្រុង និង ឧស្ម័ន បាតុភូត អែលនីណូ ដែលអាចធ្វើឱ្យបញ្ហាសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរ និងផលប៉ះពាល់ ដែលអាចកើតមាន ដែល AI បង្កឡើងទៅលើស្ថិរភាពហិរញ្ញវត្ថុ។
IMF បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនប្រមាណ ៣% ក្នុងឆ្នាំ២០២៦ នេះ។ ទោះជាយ៉ាងណា ប្រធាន IMF បានសង្កត់ធ្ងន់ថា តួលេខនេះមិនមែនជាហេតុផលសម្រាប់រដ្ឋាភិបាលនានាធ្វេសប្រហែសនោះឡើយ។ សូមបញ្ជាក់ថា IMF គ្រោងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងបាងកក នៅខែតុលា ដែលគេរំពឹងថា នឹងបង្ហាញការវាយតម្លៃថ្មីអំពីទិសដៅសេដ្ឋកិច្ចពិភពលោក៕
ដោយ: តែម សុខុម