ប៉ុន្ដែ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ធនាគារពិភពលោក បានកត់សម្គាល់ឃើញថា ប្រទេសវៀតណាម ដែលទើបតែឡើងឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៦នេះ អាចនឹងបោះពួយ ទៅមុនប្រទេសថៃ ក្នុងគោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ (High-Income economy) នៅត្រឹមឆ្នាំ២០៤០ ខាងមុខ ប្រសិនបើ វៀតណាមនៅតែបន្ដរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ដូចពេលបច្ចុប្បន្ននេះ ខណៈដែលសេដ្ឋកិច្ចប្រទេសថៃ នាពេលនេះកំពុងដើរអូសជើងគួរឱ្យកត់សម្គាល់។
បច្ចុប្បន្ន ក្នុងនាមជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ប្រទេសថៃ មានប្រាក់ចំណូលជាតិសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ (GNI per captia) ក្នុងរង្វង់ប្រមាណ ៧,៦៩០ដុល្លារ (គិតជាឆ្នាំ) ដែលចំនួននេះ នៅតែទាបជាងកម្រិតនៃប្រាក់ចំណូលរបស់ពលរដ្ឋនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ (High-income) ដែលត្រូវតែ មានចាប់ពី ១៤,៣៧៥ ដុល្លារឡើងទៅ។
របាយការណ៍ស្ដីពី ចំណាត់ថ្នាក់ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រទេសនានា ដែលរៀបចំឡើងដោយ ធនាគារពិភពលោកនេះ អាចមានប្រសិទ្ធភាពចាប់ពីថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ ហើយការចាត់ចំណាត់ថ្នាក់នេះ គឺផ្អែកលើការគណនាចំណូលជាតិសរុបជាមធ្យមក្នុងមនុស្សម្នាក់ ដោយប្រើវិធីសាស្ត្រ World Bank Atlas ដែលជាស្តង់ដាសកលសម្រាប់ប្រៀបធៀបកម្រិតចំណូលរបស់បណ្ដាប្រទេសនៅទូទាំងពិភពលោក ហើយស្តង់ដាកំណត់ទាំងនេះ តែងតែត្រូវបានពិនិត្យ និងកែសម្រួលឡើងវិញនៅថ្ងៃទី១ ខែកក្កដារៀងរាល់ឆ្នាំ។
ប្រទេសថៃ បានចំណាយពេល រហូតដល់ ២៣ឆ្នាំ ដើម្បីផ្លាស់ប្តូរខ្លួនឯង ពីប្រទេសសេដ្ឋកិច្ច ដែលមានចំណូលមធ្យមកម្រិតទាប ក្លាយទៅជាប្រទេសសេដ្ឋកិច្ចដែលមានចំណូលមធ្យមកម្រិតខ្ពស់ កាលពីឆ្នាំ២០១១។ ចំណែកប្រទេសវៀតណាមវិញ បានចំណាយពេលត្រឹមតែ ១៥ឆ្នាំប៉ុណ្ណោះ ដើម្បីឈានឡើងដល់ឋានៈប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ផ្អែកតាមពេលវេលានេះ សបញ្ជាក់ឱ្យឃើញពីភាពខុសគ្នាយ៉ាងខ្លាំងនៃល្បឿនកំណើនប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗរវាងប្រទេសទាំង២។
ធនាគារពិភពលោកបានធ្វើការសន្និដ្ឋានថា ក្នុងរយៈពេល ១១ឆ្នាំខាងមុខ គឺនៅឆ្នាំ២០៣៧ ប្រទេសវៀតណាមនឹងមានចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗច្រើនជាង ឬនាំមុខប្រទេសថៃតែម្ដង ហើយនៅឆ្នាំ២០៤០ វៀតណាមនឹងអាចឈានឡើងទៅដល់ឋានៈប្រទេសមានចំណូលកម្រិតខ្ពស់។
ដោយឡែក ប្រទេសថៃវិញ អាចរស់ចាំដល់ ឆ្នាំ២០៤៣ ទើបអាចឈានឡើងដល់ឋានៈជាប្រទេសមានចំណូលខ្ពស់បាន។ ពោលគឺ យឹតជាងប្រទេសវៀតណាមប្រហែល ៣ឆ្នាំ។
ទោះយ៉ាងណាក៏ដោយ ការឆ្លងផុតពីឋានៈប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ គឺជារឿងពិបាកខ្លាំង ពីព្រោះវាតម្រូវឱ្យមានការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវផលិតភាព នវានុវត្តន៍ និងការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចទាំងមូល មិនមែនគ្រាន់តែពឹងផ្អែកតែលើកំណើនប្រាក់ចំណូលរយៈពេលខ្លីនោះទេ៕
អត្ថបទៈ សួន ឡង់ទី