វិស័យពាណិជ្ជកម្ម

អាម៉េរិក ហាមនាំចូលទំនិញពីក្រុមហ៊ុនចិន ៤៣បន្ថែមទៀត ក្រោមហេតុផលប្រើពលកម្មបង្ខំលើជនជាតិភាគតិចអ៊ុយហ្គួរ


សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន កំពុងឡើងកម្តៅជាថ្មី ខណៈដែលរដ្ឋបាល​លោក ដូណាល់ ត្រាំ បានហាមឃាត់ការនាំចូលទំនិញពីក្រុមហ៊ុនចិន ចំនួន ៤៣បន្ថែមទៀតដោយចោទប្រកាន់ថា ក្រុមហ៊ុនចិន ទាំងនោះ បានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ពលកម្មដោយបង្ខំលើជនជាតិ​ភាគតិចអ៊ុយហ្គួរ (Uyghur) និងជនជាតិភាគតិចផ្សេងទៀតនៅតំបន់ស្វយ័តស៊ីនជាំង (Xinjiang)។
វិស័យពាណិជ្ជកម្ម
ដោយ

វាជាការចុះបញ្ជីខ្មៅដ៏ធំបំផុតមួយចាប់តាំងពីច្បាប់នេះចូលជាធរមានក្នុងឆ្នាំ២០២១ ខណៈដែលទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់នេះដាច់អហង្ការ ហើយបានព្រមានថា នឹងចាត់វិធានការការពារក្រុមហ៊ុនរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងសន្តិសុខមាតុភូមិអាម៉េរិក បានចុះបញ្ជីខ្មៅក្រុមហ៊ុនចិន ចំនួន ៤៣បន្ថែមទៀត ដោយចោទប្រកាន់ថា ទំនិញផលិតដោយក្រុមហ៊ុនទាំងនេះ ឬផ្នែកណាមួយ នៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេអាចជាប់ពាក់ព័ន្ធពលកម្មដោយបង្ខំ ហើយត្រូវបានហាមឃាត់មិនឱ្យនាំចូលទៅកាន់សហរដ្ឋអាម៉េរិក លុះត្រាតែអ្នកនាំចូលអាចបង្ហាញភស្តុតាងបញ្ជាក់ពីភាពស្អាតស្អំ។ ការពង្រីកបញ្ជីខ្មៅលើកនេះ គឺជាលើកដំបូងក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ អាណត្តិថ្មី និងធ្វើឱ្យចំនួនក្រុមហ៊ុនជាប់ក្នុងបញ្ជីកើនពី ១៤៤ ដល់ ១៨៧ក្រុមហ៊ុន ដែលជាការពង្រីកធំបំផុតមួយចាប់តាំងពីច្បាប់នេះត្រូវបានអនុម័តនៅឆ្នាំ២០២១។
ក្រុមហ៊ុនដែលត្រូវបានដាក់ទណ្ឌកម្មមានទាំងក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនី អាលុយមីញ៉ូម បន្ទះសូឡា មាស ឧបករណ៍អេឡិចត្រូនិក និងក្រុមហ៊ុនផលិតចំណីអាហារដែលអាម៉េរិក អះអាងថា ទទួលបានវត្ថុធាតុដើមពីតំបន់ស៊ីនជាំង ឬពាក់ព័ន្ធកម្មវិធីផ្ទេរកម្លាំងពលកម្មរបស់រដ្ឋាភិបាលចិន។
ភ្លាមៗក្រោយការប្រកាសដាក់បញ្ជីខ្មៅនេះ ក្រសួងពាណិជ្ជកម្មចិន បានថ្កោលទោសថា វាជាទណ្ឌកម្មដាក់ជាឯកតោភាគីដោយគ្មានមូលដ្ឋាន និងជាការបង្កសម្ពាធលើក្រុមហ៊ុនចិន។ ទីក្រុងប៉េកាំង អះអាងថា ចិន បានហាមឃាត់ពលកម្មដោយបង្ខំតាមច្បាប់ ហើយប្រកាសថា នឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិន។ ការប្រឈមមុខលើកនេះបង្ហាញថា ទោះបីជាប្រទេសទាំងពីរបន្តចរចាពាណិជ្ជកម្មយ៉ាងណាក៏ដោយ ក៏ភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅតែបន្តកើនឡើងកម្ដៅ ជាពិសេសលើបញ្ហាសិទ្ធិមនុស្ស ខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នក​​វិទ្យាសាស្ត្រ​​ព្រមាន​​ថា បាតុភូតអែលនីណូនឹងធ្វើឱ្យឆ្នាំ២០២៧ ក្លាយជាឆ្នាំក្តៅបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ១៥០ឆ្នាំចុងក្រោយនេះ

បាតុភូតអាកាសធាតុដ៏អាក្រក់មួយ​ដែលកំពុងបង្ហាញវត្តមាននៅមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានកំណត់ និងព្យាករណ៍ថា នឹងធ្វើឱ្យពិភពលោកប្រឈមមុខនឹងរលកកម្…

ចិន ជាប្រទេសឆ្លាតវៃក្នុងការប្រើគោលនយោបាយឧបត្ថម្ភធន ដែលអាម៉េរិក និងអឺរ៉ុប គួរសិក្សាដកពិសោធន៍

លោកស្រី ជីលៀន ថេត (Gillian Tett) អ្នកវិភាគដ៏មានឥទ្ធិពលរបស់សារព័ត៌មាន Financial Times បានលើកឡើងនូវទស្សនៈគួរឱ្យចាប់អារម្មណ៍ថា ប្រទេសច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ