តែយ៉ាងណានៅក្នុងសារដ៏ខ្លីមួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គម Truth Social លោក ដូណាល់ ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញលទ្ធផល នៃការពិនិត្យរាងកាយនោះឡើយ ដោយ លោក គ្រាន់តែបញ្ជាក់ថា លោកបានបញ្ចប់ការពិនិត្យសុខភាពជាទៀងទាត់រៀងរាល់៦ខែម្តងរបស់លោករួចរាល់ហើយ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក ត្រាំ តែងតែបង្ហាញភាពជឿជាក់ខ្ពស់លើខ្លួនឯង ដោយអះអាងថា លោកមានថាមពលខ្លាំងក្លា និងមានសុខភាពមាំមួនជាងលោក ចូ បៃដិន (Joe Biden) អតីតប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលបានចាកចេញពីតំណែងកាលពីឆ្នាំមុនក្នុងវ័យ ៨២ឆ្នាំ បន្ទាប់ពីប្រឈមនឹងសម្ពាធសួរដេញដោលរឿងបញ្ហាសុខភាព និងវ័យជរា។
ទោះជាយ៉ាងណាក៏ដោយ រូបថតថ្មីៗមួយចំនួនដែលបង្ហាញពីស្នាមកន្តួលក្រហមនៅលើបំពង់ករបស់លោក បានចោទជាមន្ទិលសង្ស័យបន្ថែមជុំវិញស្ថានភាពសុខភាពពិតប្រាកដរបស់លោក។ កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ រូបភាពជាច្រើនសន្លឹកក៏បានលាតត្រដាងថា លោក ត្រាំ មានអាការៈហើមកជើង និងមានស្នាមជាំនៅលើដៃ ដែលត្រូវបានគេព្យាយាមបិទបាំងដោយការលាបថ្នាំពណ៌សាច់ផងដែរ។
ជុំវិញការមន្ទិលនេះអ្នកនាំពាក្យសេតវិមាន លោកស្រី ការ៉ូលីន លីវីតត៍ (Karoline Leavitt) បានបកស្រាយប្រាប់ក្រុមអ្នកយកព័ត៌មានថា អាការៈហើមកជើងរបស់លោក ត្រាំ គឺគ្រាន់តែជាស្ថានភាពខុសប្រក្រតីទូទៅនៃសរសៃឈាមវ៉ែនប៉ុណ្ណោះ ចំណែកឯស្នាមជាំក្រហមនៅលើដៃវិញ គឺដោយសារតែលោកត្រូវចាប់ដៃរលាក់យ៉ាងខ្លាំងក្លាជាមួយភ្ញៀវជាតិ និងអន្តរជាតិច្រើនពេក។ ទោះបីជាស្ថិតក្នុងវ័យជិត៨០ឆ្នាំក្តី លោក ត្រាំ នៅតែបន្តលេងកីឡាវាយកូនហ្គោលតាមកាលវិភាគយ៉ាងជាប់លាប់៕
អត្ថបទៈ សួន ឡង់ទី