វិស័យធនាគារ

វិបត្តិបំណុល​នៅថៃ កាន់តែធ្ងន់ ដោយគណនីប្រាក់កម្ចីជិត២លានរងបណ្តឹងនៅតុលាការ ខណៈកូនបំណុលជាង១លាននាក់ប្រឈមវិបត្តិផ្លូវច្បាប់


វិបត្តិបំណុលរបស់ពលរដ្ឋថៃ កំពុងឈានចូលដំណាក់កាលគួរឱ្យព្រួយបារម្ភកាន់តែខ្លាំង។ អ្នកខ្ចីប្រាក់​រហូតដល់​ទៅជាង១លាននាក់កំពុងប្រឈមមុខនឹងវិធានការផ្លូវច្បាប់ បន្ទាប់ពីគ្មាន​លទ្ធភាព​សងបំណុល។ បច្ចុប្បន្នមានគណនីប្រាក់កម្ចីរហូតដល់ទៅជិត២លានគណនី ដែលមានទំហំបំណុលសរុបប្រមាណ៥៨០ពាន់លានបាត ឬជាង១៧ពាន់លានដុល្លារអាម៉េរិក បានឈានចូលដំណើរការ​នីតិវិធីនៅតុលាការរួចហើយ។
វិស័យធនាគារ
ដោយ

ក្រុមអ្នកជំនាញព្រមានថា បំណុលដែលចាប់ផ្តើមពីការខកខានបង់ប្រាក់កម្ចី អាចវិវត្តទៅជាសំណុំរឿងផ្លូវច្បាប់ ដែលអូសបន្លាយរហូតដល់១០ឆ្នាំ ដាក់សម្ពាធកាន់តែខ្លាំងលើគ្រួសារពលរដ្ឋថៃ រាប់លានគ្រួសារ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
យោងតាមទិន្នន័យរបស់ការិយាល័យជាតិឥណទានថៃ បានបង្ហាញថា គិតត្រឹមខែឧសភា ឆ្នាំ២០២៦ បំណុលរបស់ពលរដ្ឋថៃ លែងត្រឹមតែជាបញ្ហាហិរញ្ញវត្ថុទៀតហើយ ប៉ុន្តែវាបានវិវត្តទៅជាវិបត្តិផ្លូវច្បាប់។ បច្ចុប្បន្នមានអ្នកខ្ចីប្រាក់រហូតដល់ទៅជាង១លាននាក់ កំពុងរងបណ្ដឹងតាមផ្លូវច្បាប់ពាក់ព័ន្ធគណនីប្រាក់កម្ចីជិត២លានគណនី ដែលមានទំហំបំណុលសរុបប្រមាណ៥៨០ពាន់លានបាត ឬជាង ១៧ពាន់លានដុល្លារអាម៉េរិក។ ទិន្នន័យដដែលក៏បង្ហាញដែរថា ប្រទេសថៃមានអ្នកខ្ចីប្រាក់ជាងជាង៥លាននាក់ ដែលស្ថិតក្នុងស្ថានភាពឥណទានមិនដំណើរការ ឬកម្ចីខូចដោយមានបំណុលសរុបប្រមាណ១,៣ទ្រីលានបាត ឬជាង៣៩ពាន់លានដុល្លារអាម៉េរិក។ តួលេខនេះមិនទាន់រាប់បញ្ចូលប្រាក់កម្ចីសិក្សា ប្រាក់កម្ចីសហករណ៍សន្សំ និងវិក្កយបត្រទូរស័ព្ទ ឬអ៊ីនធឺណិតដែលមិនទាន់បានបង់នោះទេ។
អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺសូម្បីតែអ្នកដែលជំពាក់បំណុលតិចតួច ក៏កំពុងប្រឈមការប្ដឹងផ្ដល់តាមផ្លូវតុលាការដែរ។ មានអ្នកខ្ចីប្រាក់ប្រមាណ៤១ម៉ឺននាក់ ដែលម្នាក់ៗជំពាក់តិចជាង៣.០០០ដុល្លារអាម៉េរិកបានរងបណ្ដឹងតាមផ្លូវច្បាប់រួចហើយ។ ករណីទាំងនេះពាក់ព័ន្ធនឹងគណនីប្រាក់កម្ចីជាង ៥០០.០០០គណនី ដែលមានទំហំបំណុលសរុបប្រមាណជាង៦៣០លានដុល្លារអាម៉េរិក។
លោក ស៊ូរ៉ាភុល អូប៉ាសាទៀន (Surapol Opasatien) ប្រធានការិយាល័យជាតិឥណទានថៃបានឱ្យដឹងថា ដំណើរការពីការខកខានសងបំណុលរហូតដល់ការកាត់ក្ដី និងការអនុវត្តសាលក្រមតុលាការអាចអូសបន្លាយរហូតដល់១០ឆ្នាំ។ ទន្ទឹមនឹងនេះ លោក ក៏បានព្រមានអ្នកដែលមានចេតនាគេចវេះការសងបំណុលដែរថា បំណុលដែលមិនត្រូវបានសង មិនត្រឹមតែជះផលប៉ះពាល់ដល់ម្ចាស់បំណុលប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជះផលប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសថៃទាំងមូល ព្រោះធនាគារប្រើប្រាស់ប្រាក់បញ្ញើរបស់ពលរដ្ឋ ដើម្បីផ្តល់ជាប្រាក់កម្ចីដល់អ្នកខ្ចី។
ចំពោះអ្នកដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុពិតប្រាកដលោក ស៊ូរ៉ាភុល អូប៉ាសាទៀន បានអំពាវនាវឱ្យទាក់ទងម្ចាស់បំណុលឱ្យបានឆាប់ ចរចារៀបចំឥណទានឡើងវិញ ឬស្វែងរកជំនួយពីអាជ្ញាធរហិរញ្ញវត្ថុ មុនពេលសំណុំរឿងរបស់ពួកគេឈានដល់ដំណាក់កាលតុលាការ។ ទិន្នន័យចុងក្រោយបានបង្ហាញថា វិបត្តិបំណុលនៅប្រទេសថៃលែងជាបញ្ហាការខកខានសងប្រាក់ធម្មតាទៀតហើយ ប៉ុន្តែវាកំពុងវិវត្តទៅជាវិបត្តិផ្លូវច្បាប់ និងវិបត្តិសង្គមរយៈពេលវែង ដែលប៉ះពាល់ដល់ពលរដ្ឋ និងគ្រួសាររាប់លាននាក់នៅទូទាំងប្រទេសថៃ៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កម្ពុជា កំពុងពិចារណាលើកលែងទិដ្ឋាការដល់អាម៉េរិក និងបណ្តាប្រទេសនៅតំបន់អឺរ៉ុប ដើម្បីស្រោចស្រង់វិស័យទេសចរណ៍

ទោះបីជាកម្ពុជា បានដាក់ឱ្យអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការជាបណ្ដោះអាសន្នសម្រាប់ភ្ញៀវទេសចរចិនអស់រយៈពេលជិត២ខែមកហើយក្ដី ប៉ុន្តែលទ្ធផលជាក់ស្ដែ…

ធនាគារពិភពលោក ដាស់តឿនប្រទេសកំពុងអភិវឌ្ឍន៍ឱ្យប្រញាប់ចាប់យក AI បើមិនចង់ឱ្យគម្លាតអភិវឌ្ឍន៍រីកប៉ោងកាន់តែធំ

បញ្ញាសិប្បនិម្មិត (AI) មិនមែនត្រឹមតែជាបច្ចេកវិទ្យាទំនើបមួយនោះទេ ប៉ុន្តែជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មីមួយ ដែលកំពុងបន្ថែមតម្លៃយ៉ាងមហាសាលដល់សេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ