ដោយឡែកបើតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News សម្រាប់គោលដៅសកលដែលឈរនៅកំពូលតារាងទាក់ទាញសេដ្ឋកិច្ចខ្លាំងបំផុត គឺអេមីរ៉ាតអារ៉ាប់រួម សិង្ហបុរី និងនូវែលហ្សេឡង់។
បើទោះបីជាទ្វីបអឺរ៉ុប នៅតែជាជម្រកប្រពៃណីរបស់ក្រុមអ្នកមានទ្រព្យស្តុកស្តម្ភក៏ដោយ ប៉ុន្តែបច្ចុប្បន្នលំហូរមហាសេដ្ឋីជាច្រើនកំពុងសម្រេចចិត្តប្តូរត្រីវិស័យសំដៅទៅរកតំបន់អាស៊ី និងអូសេអានីវិញ។ របត់នៃការផ្លាស់ប្តូរនេះ ក្រុមអ្នកមានកំពុងតែស្វែងរកផ្លូវចាកចេញពីមហាអំណាចចាស់ៗនៅអឺរ៉ុប ដូចជា អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដោយសារតែសម្ពាធពន្ធ និងការប្រែប្រួលគោលនយោបាយ។ ផ្ទុយទៅវិញប្រទេសអឺរ៉ុបមួយចំនួនទៀតដូចជា កោះស៊ីប ហូឡង់ ព័រទុយហ្គាល់ អ៊ីតាលី ក្រិក និងស្វីសកំពុងក្លាយជាម៉ាញ៉េទិចស្រូបទាញមហាសេដ្ឋីយ៉ាងខ្លាំង។
ភាពទាក់ទាញទាំងនេះ កើតចេញពីយុទ្ធសាស្ត្រកែទម្រង់ផ្ទៃក្នុងដូចជាប្រទេសអ៊ីតាលី ដែលបានធ្វើកំណែទម្រង់គោលនយោបាយអនុគ្រោះពន្ធយ៉ាងធំធេង និងការរុញច្រានទីក្រុងមីឡានឱ្យក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុថ្មី។ ចំណែកឯប្រទេសក្រិកបានកែប្រែកម្មវិធីវិនិយោគយកសញ្ជាតិឱ្យកាន់តែមានភាពទាក់ទាញ ខណៈប្រទេសស្វីសនៅតែរក្សាភាពខ្លាំងខាងប្រពៃណីតាមរយៈការធានាបាននូវស្ថិរភាពនយោបាយកម្រិតខ្ពស់ និងប្រព័ន្ធការពារសុវត្ថិភាពទ្រព្យសម្បត្តិដ៏រឹងមាំបំផុត៕
ដោយៈ សរ សុជាតិ