ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ដោយត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ តែសម្រាប់ស្ត្រី គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។
ច្បាប់ ស្តីពី កាតព្វកិច្ចយោធា ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមព្រះរាជក្រម ដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំ ដោយត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ ប៉ុន្តែស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត ហើយក្នុងករណីចាំបាច់កាតព្វកិច្ចយោធាអាចបន្តបានដោយមិនឱ្យលើសពី៦ខែ តាមការកំណត់របស់រាជរដ្ឋាភិបាល។
ច្បាប់ ស្តីពី កាតព្វកិច្ចយោធា បានកំណត់ថា ប្រជាពលរដ្ឋគ្រប់រូបដែលត្រូវបានហៅឱ្យចូលបំពេញកាតព្វកិច្ចយោធា ហើយមិនបានមកបង្ហាញខ្លួនក្នុងរយៈពេល៣០ថ្ងៃ ត្រូវចាត់ទុកជាជនគេចវេះពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវដែលជននោះពុំអាចមកបង្ហាញខ្លួនបានតាមការកំណត់។ ក្នុងនោះជនណា ដែលគេចវេះពីកាតព្វកិច្ចយោធានៅពេលប្រទេសមានសន្តិភាព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល និងត្រូវដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ប្រសិនបើគេចវេះក្នុងពេលប្រទេសមានសង្គ្រាម ឬរងការឈ្លានពានពីកម្លាំងបរទេស។ ទោសប្បញ្ញត្តិទាំងនេះ ក៏ត្រូវយកមកអនុវត្តដូចគ្នាដែរចំពោះជនណាដែលគេចវេះក្នុងអំឡុងពេល នៃការអនុវត្តកាតព្វកិច្ចយោធា ដែលបានកំណត់ក្នុងច្បាប់នេះ ព្រមទាំងត្រូវអនុវត្តទណ្ឌកម្មវិន័យផងដែរ។ ប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសឱ្យចូលបំពេញកាតព្វកិច្ចយោធា អាចដាក់ពាក្យសុំពន្យារពេល១ឆ្នាំម្តងៗ។
ដោយឡែកការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធា ត្រូវអនុវត្តចំពោះព្រះសង្ឃ បព្វជិតនៃសាសនាផ្សេងៗ ដែលមានការទទួលស្គាល់ពីក្រសួងធម្មការ និងសាសនា, ប្រជាពលរដ្ឋដែលមានសមត្ថភាព ឬទេពកោសល្យពិសេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានការបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច, អ្នកឯកទេសជំនាញដែលបានចុះកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវ ឬអនុវត្តផ្ទាល់នូវកិច្ចការ ដែលជាប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរភូមិន្ទ ដែលមានរយៈពេលកំណត់ស្មើនឹងរយៈពេលបំពេញកាតព្វកិច្ចយោធាដូចមានកំណត់ក្នុងច្បាប់នេះ, ប្រជាពលរដ្ឋដែលបានបញ្ចប់សេវាជាយោធិនជាប់កិច្ចសន្យាស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងប្រជាពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់តាមការតម្រូវ ដោយមានការត្រួតពិនិត្យជាក់ស្ដែង
ពីគណៈកម្មការសុខាភិបាល។
យ៉ាងណាមិញ ចំពោះយោធិន ដែលបានបញ្ចប់កាតព្វកិច្ចយោធា ត្រូវបានអនុញ្ញាតឱ្យទៅកាន់ជីវភាពស៊ីវិលវិញ ប៉ុន្តែត្រូវស្ថិតក្នុងបញ្ជីយោធិនបម្រុងរហូតដល់អាយុ៤៥ឆ្នាំ ហើយយោធិននេះ ក៏អាចស្ថិតនៅក្នុងអាជីពយោធាបន្តទៀតបានទៅតាមតម្រូវការរបស់ក្រសួងការពារជាតិ និងដោយឈរលើគោលការណ៍ស្ម័គ្រចិត្តផងដែរ៕