សមិទ្ធផលនេះបានបង្ហាញយ៉ាងច្បាស់អំពីការកើនឡើងនៃកម្រិតនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយបានពង្រឹងបន្ថែមទៀតនូវតួនាទីរបស់ធនាគារខេប៊ីប្រាសាក់ ក្នុងនាមជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការធ្វើទំនើបកម្មសេវាធនាគារដោយផ្អែកលើបច្ចេកវិទ្យានៅកម្ពុជា។
ទទួលបានការគាំទ្រពេញទំហឹងពីធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េខាងត្បូង
ធនាគារខេប៊ីប្រាសាក់ ប្រតិបត្តិការជាធនាគារពាណិជ្ជទទួលបានអាជ្ញាប័ណ្ណពេញលេញពីធនាគារជាតិនៃកម្ពុជា។ ធនាគារនេះត្រូវបានកាន់កាប់ភាគហ៊ុន 100% ដោយធនាគារ KB Kookmin Bank ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េខាងត្បូង។
ដោយមានការគាំទ្រពេញទំហឹងលើផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងបច្ចេកវិទ្យាពី KB Kookmin Bank ធនាគារខេប៊ីប្រាសាក់ បានទាញយកប្រយោជន៍ពីជំនាញធនាគារលំដាប់ពិភពលោក និងចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថលប្រកបដោយច្នៃប្រឌិត ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយសុវត្ថិភាព និងស្តង់ដារខ្ពស់ ស្របតាមតម្រូវការរបស់អតិថិជន និងអាជីវកម្មនៅកម្ពុជា។
សូមជម្រាបជូនផងដែរថា KB Kookmin Bank គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង 11 របស់ KB Financial Group ។ KB Financial Group ជាក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេរបស់កូរ៉េ ដែលផ្តល់នូវលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ និងពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួននៅទូទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ ហើយក៏ជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារភាគហ៊ុនញូវយ៉ក (NYSE) ផងដែរ។
តាមរយៈការបង្ហាញពីកំណើនទ្រព្យសកម្មដ៏រឹងមាំ និងសន្ទុះប្រាក់ចំណេញ ទ្រព្យសកម្មសរុបរបស់ KB Financial Group កើនឡើង 8.6% ធៀបនឹងដំណាច់ឆ្នាំ 2025 ដោយកើនដល់ប្រមាណជា 866.9 ទ្រីលានវ៉ុន (ច្រើនជាង 630 ប៊ីលានដុល្លារអាមេរិក) នៅដំណាច់ឆមាសទី 1 ឆ្នាំ 2026 ។ ដោយឆ្លុះបញ្ចាំងពីសក្តានុពលប្រាក់ចំណេញដ៏រឹងមាំ ប្រាក់ចំណេញសុទ្ធសម្រាប់រយៈពេល 6 ខែដំបូងបានកើនឡើងប្រមាណជា 3.9 ទ្រីលានវ៉ុន (2.92 ប៊ីលានដុល្លារអាមេរិក)។
ឈរលើតំណែងនៃការបោះជំហានទៅកាន់ពិភពលោក និងភាពជាអ្នកដឹកនាំផ្នែកឌីជីថល KB Financial Group បន្តពង្រីកវិសាលភាពរបស់ខ្លួននៅទូទាំងតំបន់អាស៊ី។ ជាពិសេស ក្រុមហ៊ុនបុត្រសម្ព័ន្ធសំខាន់ៗនៅអាស៊ីអាគ្នេយ៍ ដូចជា ធនាគារខេប៊ីប្រាសាក់ នៅកម្ពុជា កាលពីពេលថ្មីៗនេះបានឈានជំហ៊ានដ៏ត្រចះត្រចង់ដោយទទួលបានអ្នកប្រើប្រាស់ KB PRASAC Mobile ច្រើនជាង 1 លាននាក់ ដែលជាឧទាហរណ៍ដ៏សំខាន់មួយនៃការពន្លឿនការផ្លាស់ប្តូរឌីជីថលឆ្លងដែនរបស់ KB Financial Group ។
ប្រតិបត្តិការសេវាធនាគារឌីជីថលដោយរលូន 24/7
កម្មវិធី KB PRASAC Mobile ផ្តល់ជូនអ្នកប្រើប្រាស់នូវដំណោះស្រាយស្វ័យសេវាឌីជីថលយ៉ាងទូលំទូលាយពេញ 24 ម៉ោង។ អតិថិជនអាចអនុវត្តប្រតិបត្តិការសាច់ប្រាក់ និងការទូទាត់ប្រាក់បានយ៉ាងរលូន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ រួមមាន៖
- ការគ្រប់គ្រងសាច់ប្រាក់ និងការផ្ទេរប្រាក់ 24/7 ៖ ការផ្ទេរប្រាក់ភ្លាមៗពីធនាគារមួយទៅធនាគារមួយទៀត ការគ្រប់គ្រងគណនីបញ្ញើសន្សំ និងការតាមដានប្រតិបត្តិការតាមពេលវេលាជាក់ស្តែង។
-ការទូទាត់ប្រាក់អន្តរប្រតិបត្តិការតាមរយៈ KHQR ៖ ការស្កេនកូដ KHQR បានយ៉ាងរហ័សសម្រាប់ការទូទាត់ប្រាក់ជូនអាជីវករនៅទូទាំងប្រទេសតាមរយៈប្រព័ន្ធបាគង។
-ការទូទាត់ប្រាក់ឆ្លងដែន៖ សមត្ថភាពឌីជីថលត្រូវបានធ្វើឱ្យបានប្រសើរឡើងជាលំដាប់ រួមទាំងការទូទាត់ប្រាក់ឆ្លងដែនក្នុងតំបន់។
-ការទូទាត់វិក្កយបត្រ៖ ការទូទាត់ប្រាក់ភ្លាមៗប្រកបដោយភាពងាយស្រួលលើសេវាសាធារណៈ វិក្កយបត្រទឹក វិក្កយបត្រអគ្គិសនី និងវិក្កយបត្រដៃគូអាជីកម្មនានា។
លទ្ធផលដ៏រឹងមាំ និងការជម្រុញបរិយាបន្នហិរញ្ញវត្ថុឌីជីថល
ធនាគារខេប៊ីប្រាសាក់ រក្សាបាននូវមូលដ្ឋានដើមទុនយ៉ាងរឹងមាំ ដែលគាំទ្រដោយដើមទុនចុះបញ្ជីចំនួន 600 លានដុល្លារអាមេរិក។ នៅដំណាច់ឆមាសទី 1 ឆ្នាំ 2026 ធនាគារទទួលបានប្រាក់ចំណេញសុទ្ធចំនួន 76.15 លានដុល្លារអាមេរិក ខណៈដែលមូលធនសុទ្ធភាគទុនិកសរុបកើនដល់ចំនួន 1.33 ប៊ីលានដុល្លារអាមេរិក។ ចំណែកទ្រព្យសកម្មសរុបបានកើនឡើងដល់ 5.76 ប៊ីលានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីកំណើន 1.71% ធៀបនឹងដំណាច់ឆ្នាំ 2025 ។
ការសម្រេចបានការទាញយកកម្មវិធី KB PRASAC Mobile ដោយមានអ្នកប្រើប្រាស់សកម្មច្រើនជាង 1 លាននាក់ បង្ហាញពីទំនុកចិត្តយ៉ាងខ្លាំងរបស់អតិថិជន និងការរីកចម្រើននៃបណ្តាញឌីជីថលរបស់ធនាគារខេប៊ីប្រាសាក់។ ដោយមានការគាំទ្រពីបណ្តាញសាខាទូទាំងប្រទេសចំនួន 187 សាខា និងម៉ាស៊ីន ATM/CDM ច្រើនជាង 330 គ្រឿង ធនាគារខេប៊ីប្រាសាក់ បន្តភ្ជាប់ទំនាក់ទំនងរវាងសេវាធនាគារតាមបែបប្រពៃណី ជាមួយនឹងការទទួលបានសេវាឌីជីថល ដោយធ្វើឱ្យការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែលឿន មានសុវត្ថិភាព និងអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា។
ថ្នាក់ដឹកនាំធនាគារខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា៖ “លទ្ធផលលើសពី 1 លាននាក់នៃអ្នកប្រើប្រាស់ KB PRASAC Mobile គឺជាសមិទ្ធផលដ៏មោទនភាពមួយ និងជាការឆ្លុះបញ្ចាំងពីទំនុកចិត្តដែលអតិថិជនមានចំពោះខេប៊ីប្រាសាក់”។ “សមិទ្ធផលនេះគូសបញ្ជាក់ពីកាតព្វកិច្ចបន្តរបស់យើងខ្ញុំក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវដំណោះស្រាយធនាគារឌីជីថលដែលមានភាពងាយស្រួល សុវត្ថិភាព និងប្រកបដោយច្នៃប្រឌិត។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនគ្រប់រូបសម្រាប់ភក្តីភាពចំពោះធនាគារ ហើយយើងខ្ញុំនៅតែប្តេជ្ញាចិត្តក្នុងការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មបច្ចេកវិទ្យា និងសេវាកម្មរបស់យើងខ្ញុំ ដើម្បីធ្វើឱ្យសេវាធនាគារប្រចាំថ្ងៃកាន់តែរលូន និងអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា”។