រដ្ឋាភិបាលឡាវ បានបង្ហាញជំហរយ៉ាងមុតមាំ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្លូវដែក និងថាមពលក្នុងតំបន់អំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ខណៈប្រធានាធិបតី ថងលូន ស៊ីសូលីត ក៏បានជជែកពីគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្លងដែនជាមួយវៀតណាម នៅរាជធានីភ្នំពេញ ផងដែរ។
នៅទីក្រុងម៉ានីល នាយករដ្ឋមន្ត្រីឡាវ លោក សាឡឺមសាយ គុំម៉ាសិទ្ធ (Saleumxay Kommasith) បានសង្កត់ធ្ងន់លើការតភ្ជាប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ដូចជាផ្លូវដែកឡាវ-ចិន និងការជំរុញថាមពលស្អាត រួមទាំងគម្រោងបណ្តាញថាមពលអាស៊ាន។ លោកបានគូសបញ្ជាក់ថា ការផ្តោតលើគម្រោងទាំងនេះ គឺជាភាពចាំបាច់ ស្របពេលឡាវ កំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDC)។
ស្របពេលលោក សាឡឺមសាយ មានវត្តមាននៅម៉ានីល ប្រធានាធិបតី ថងលូន ស៊ីសូលីត បានជួបជាមួយប្រធានាធិបតីវៀតណាម លោក តូ ឡឹម នៅរាជធានីភ្នំពេញ អំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០។ ភាគីទាំងពីរបានឯកភាពផ្តល់អាទិភាពលើគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន រួមមានផ្លូវរថភ្លើងពីទីក្រុងវៀងចន្ទន៍ ទៅកំពង់ផែ វង អាង (Vung Ang) ផ្លូវល្បឿនលឿនពីហាណូយទៅវៀងចន្ទន៍ ព្រមទាំងគម្រោងបំពង់បង្ហូរប្រេង និងឃ្លាំងស្តុកប្រេងរវាងវៀតណាម និងឡាវ។
បច្ចុប្បន្នឡាវ ត្រូវបានចាត់ទុកជាធុងអាគុយផ្នែកវារីអគ្គីសនីរបស់អាស៊ាន ដោយមានគម្រោងអភិវឌ្ឍន៍វារីអគ្គីសនីសរុប៨១កន្លែង។ តាមរយៈសក្តានុពលនេះ ឡាវកំពុងធ្វើពាណិជ្ជកម្មថាមពលអគ្គីសនីជាមួយថៃ វៀតណាម និងកម្ពុជា និងកំពុងពិនិត្យលទ្ធភាពពង្រីកបន្ថែមទៅកាន់សិង្ហបុរី។ ដោយឡែកលើវិស័យផ្លូវដែក ឡាវ កំពុងដើរតួនាទីជាច្រកតភ្ជាប់ដ៏សំខាន់សម្រាប់តំបន់ ខណៈការដឹកជញ្ជូនទំនិញមួយចំនួនរបស់ថៃ និងកម្ពុជា ក៏កំពុងប្រើប្រាស់ខ្សែផ្លូវតភ្ជាប់នេះផងដែរ៕
ដោយៈ សរ សុជាតិ