ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អោងលាំង បានអះអាងថា រដ្ឋបាលរបស់លោកកំពុងពិចារណាឡើងវិញលើទំនាក់ទំនងជាមួយអាស៊ាន។ ការលើកឡើងបែបនេះកើតឡើងភ្លាមៗ បន្ទាប់ពីអាស៊ានបានបញ្ចប់កិច្ចប្រជុំកំពូលដោយគ្មានវត្តមានមេដឹកនាំនយោបាយមីយ៉ាន់ម៉ា ដែលធ្វើឱ្យលោក មីន អោងលាំង ហាក់បង្ហាញការខកចិត្តយ៉ាងខ្លាំង ខណៈដែលលោកបានព្យាយាមបើកផ្លូវភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយតំបន់នេះ។
អតីតមេដឹកនាំរបបសឹក ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតកាលពីឆ្នាំ២០២១ និងរុញច្រានប្រទេសឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមស៊ីវិលរូបនេះបានលើកឡើងថា អាស៊ានកំពុងអនុវត្តស្តង់ដាដាក់សម្ពាធលើតែមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា កន្លងមកអាស៊ានមិនដែលដាក់សម្ពាធ ឬបង្ហាញអាកប្បកិរិយាមិនគោរពទៅលើប្រទេសសមាជិកណាមួយឡើយ ប៉ុន្តែបែរជាកំពុងធ្វើបែបនេះចំពោះមីយ៉ាន់ម៉ាទៅវិញ។
យ៉ាងណាក៏ដោយកាលពីថ្ងៃអាទិត្យកន្លងទៅ មេដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍ដោយបើកផ្លូវថា អាស៊ានអាចនឹងពិចារណាស្តារតំណាងនយោបាយពេញលេញរបស់មីយ៉ាន់ម៉ាឡើងវិញជាបណ្តើរៗ លុះត្រាតែមីយ៉ាន់ម៉ាបង្ហាញវឌ្ឍនភាពជាក់ស្តែងលើផែនការដោះស្រាយវិបត្តិដែលមានស្រាប់។
គួរកត់សម្គាល់ថា ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីកាលពីខែមេសា បន្ទាប់ពីការបោះឆ្នោតដែលរងការរិះគន់ លោក មីន អោងលាំង បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសសមាជិកអាស៊ានមួយចំនួនដូចជាថៃ ម៉ាឡេស៊ី វៀតណាម និងកម្ពុជា ខណៈប្រទេសសមាជិកជិតពាក់កណ្តាលនៃសមាជិកទាំង ១១របស់អាស៊ានបានបង្កើនទំនាក់ទំនងទ្វេភាគីជាមួយមីយ៉ាន់ម៉ាឡើងវិញ។
តែយ៉ាងណាលោក មីន អោងលាំង បានគូសបញ្ជាក់ថា ដើម្បីឱ្យមីយ៉ាន់ម៉ា និងអាស៊ានអាចវិលទៅរកប្រក្រតីភាពឡើងវិញ រដ្ឋបាលរបស់លោកនឹងថ្លឹងថ្លែងរវាងជំហររបស់មីយ៉ាន់ម៉ា និងបំណងរបស់បណ្តាប្រទេសសមាជិកអាស៊ាន។
សូមរំលឹកថា ចាប់តាំងពីអាស៊ានសម្រេចមិនអនុញ្ញាតឱ្យមេដឹកនាំនយោបាយមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលកាលពីខែតុលា ឆ្នាំ២០២១ មក កម្ពុជាក៏ធ្លាប់បានខិតខំប្រឹងប្រែង និងដាក់ចេញគំនិតផ្តួចផ្តើមនានា ដើម្បីជួយនាំមីយ៉ាន់ម៉ាចូលមកក្នុងមហាគ្រួសារអាស៊ានដោយស្មើមុខស្មើមាត់ឡើងវិញ ក្នុងគោលដៅរក្សាឯកភាព និងមជ្ឈភាពរបស់អាស៊ាន។
ប៉ុន្តែរហូតមកដល់កិច្ចប្រជុំកំពូលក្នុងខែវិច្ឆិកា នេះ ស្ថានភាពទំនាក់ទំនងរវាងមីយ៉ាន់ម៉ា និងអាស៊ាននៅតែជាប់គាំងដដែល ដោយអាស៊ាននៅតែទាមទារឱ្យមានការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីខែមេសា ឆ្នាំ២០២១៕
ដោយៈ សរ សុជាតិ