វិស័យកសិកម្ម

កសិករដាំពោតក្រហមនៅខេត្តបាត់ដំបង ត្អូញត្អែររឿងតម្លៃធ្លាក់ចុះ និងស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីចៀសវាងការខាតបង់ដូចឆ្នាំមុន


ក្រុមកសិករដាំពោតក្រហមនៅក្នុងខេត្តបាត់ដំបង កំពុងបង្ហាញក្តីកង្វល់យ៉ាងខ្លាំង និងបានដង្ហោយរកកិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធជួយរក្សាស្ថិរភាពតម្លៃកសិផលឱ្យបានសមរម្យ ដើម្បីអាចទទួលបានប្រាក់ចំណេញខ្លះសម្រាប់ដោះស្រាយជីវភាព និងបន្តការដាំដុះ។ បើតាមការលើកឡើងពីក្រុមកសិករ បច្ចុប្បន្នតម្លៃពោតក្រហមនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ដោយតម្លៃទាំងអស់ គឺស្ថិតនៅលើមាត់ឈ្មួញកណ្តាលជាអ្នកកំណត់ ដែលបញ្ហានេះកំពុងរុញច្រានឱ្យពួកគេប្រឈមនឹងហានិភ័យខាតបង់ខ្ពស់ ស្របពេលដែលថ្លៃដើមផលិតកម្មនៅឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុនៗ។
វិស័យកសិកម្ម
ដោយ

លោក សឿង សំអឿន កសិករដាំពោតក្រហមម្នាក់នៅក្នុងខេត្តបាត់ដំបង បានរៀបរាប់ថា នៅដើមរដូវប្រមូលផលពោតក្រហមឆ្នាំនេះស្ថានភាពទីផ្សារហាក់នៅស្រពេចស្រពិលនៅឡើយ ដោយបច្ចុប្បន្នតម្លៃពោតក្រហមស្រស់អាចលក់បានត្រឹមតែ៥៥០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។ ដោយសារតែការចំណាយលើការដាំដុះឆ្នាំនេះមានការកើនឡើងខ្ពស់ កសិកររូបនេះបានសំណូមពរយ៉ាងទទូចដល់ភាគីពាក់ព័ន្ធ ជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យឈ្មួញចុះទិញក្នុងតម្លៃចន្លោះពី៦៥០ទៅ៧០០រៀលក្នុងមួយគីឡូក្រាម ដើម្បីជាការលើកទឹកចិត្តដល់កសិករឱ្យមានទុនបន្តផលិតនៅរដូវកាលក្រោយ។ ក្រៅពីបញ្ហាតម្លៃ លោក សឿង សំអឿន ក៏បានស្នើដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយស្រាវជ្រាវបង្កាត់ពូជពោតក្រហមក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងសូមឱ្យក្រសួងពាណិជ្ជកម្មជួយស្វែងរកទីផ្សារបន្ថែម។

ជាមួយគ្នានេះលោក សុខ វិន ប្រធានសហគមន៍កសិកម្មតាសែនស្ថិតក្នុងខេត្តបាត់ដំបង និងជាកសិករដាំពោតក្រហមម្នាក់ដែរនោះបានលើកឡើងថា កាលពេលថ្មីៗនេះមានឈ្មួញកណ្ដាលមួយចំនួនបានចុះមកទិញដោយបង្អាប់តម្លៃទាបជាងទីផ្សារខ្លាំង ពោលគឺឱ្យតម្លៃត្រឹមតែ៣០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ តម្លៃដែលទាបហួសហេតុនេះធ្វើឱ្យកសិករមិនទាន់ដាច់ចិត្តលក់នោះទេ ដោយសុខចិត្តរង់ចាំមើលដំណោះស្រាយល្អពីអាជ្ញាធរជាមុនសិន។ ប្រធានសហគមន៍រូបនេះបានស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងពាណិជ្ជកម្ម ដើម្បីជួយជំរុញតម្លៃពោតក្រហមឱ្យបានលើសពី៧០០រៀលក្នុងមួយគីឡូក្រាម ទើបកសិករអាចរួចដើម និងទទួលបានប្រាក់ចំណេញខ្លះ។

ជុំវិញបញ្ហាទីផ្សារកសិផលនេះដែរ អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានឱ្យដឹងថា លោកបានជួបពិភាក្សាផ្ទាល់ជាមួយតំណាងកសិករចំនួន១៩នាក់មកពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដែលពួកគេ គឺជាអ្នកដាំដុះ អ្នកប្រមូលទិញ និងជាម្ចាស់ឡសម្ងួតកសិផល សម្រាប់ផ្គត់ផ្គង់ និងយកមកលក់ឱ្យរោងចក្រផលិតចំណីសត្វ។ អ្នកឧកញ៉ា បានបន្ថែមថា ក្រុមហ៊ុនកំពុងស្វែងរកដំណោះស្រាយសមស្របមួយ ដើម្បីជួយសម្រាលក្តីកង្វល់របស់កសិករជុំវិញបញ្ហាទីផ្សារនេះ។

ប្រធានសហគមន៍កសិកម្មតាសែន បានឱ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានកោះហៅអាជីវករ និងអ្នកប្រមូលទិញពោតក្រហមគ្រប់ទីតាំងមកប្រជុំពិភាក្សា ដើម្បីកំណត់តម្លៃរួមមួយ ដែលអាចទទួលយកបានទាំងសងខាង។ ដោយសារតែកាលពីឆ្នាំមុន ក្រុមកសិករធ្លាប់បានរងការខាតបង់ម្តងរួចមកហើយ ព្រោះតែបញ្ហាជម្លោះនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដូច្នេះហើយទើបនៅឆ្នាំនេះ ពួកគេរំពឹងយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធនឹងអាចជួយទប់ទល់តម្លៃពោតក្រហមឱ្យស្ថិតក្នុងរង្វង់ជាង ៧០០រៀលក្នុងមួយគីឡូក្រាម ដើម្បីជៀសវាងការធ្លាក់ក្នុងវិបត្តិខាតបង់ជាន់ដានចាស់បន្តទៀត៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


លោក ត្រាំ កំពុងខ្នះខ្នែងជាថ្មី ដើម្បីជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្លាប់បានអះអាងតាំងពីយុទ្ធនាការឃោសនាបោះឆ្នោតថា លោកមានសមត្ថភាពបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមិនទាន់ទទួ…

អ្នកជំនាញក្រើនរំលឹកពលរដ្ឋខ្មែរឱ្យបង្កើនការធ្វើពហិការទំនិញថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចថៃ និងពង្រឹងសេដ្ឋកិច្ចជាតិ

ស្របពេលដែលប្រទេសថៃ នៅតែបន្តបង្កបញ្ហាអរិភាពជាមួយកម្ពុជា ជាបន្តបន្ទាប់នៅតាមបន្ទាត់ព្រំដែន ក្រុមអ្នកជំនាញបានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ