តើមានចំណុចខ្សោយ និងទឡ្ហីករណ៍ភូតភរអ្វីខ្លះ ដែលរដ្ឋាភិបាលថៃ បានប្រើប្រាស់រហូតត្រូវអ្នកជំនាញជាតិខ្លួនឯងចេញមុខរិះគន់ចំៗបែបនេះ?
លោក ស៊ូផាលាក់ កាន់ចាណាឃុនឌី (Suphalak Ganjanakhundee) អ្នកសារព័ត៌មានជាន់ខ្ពស់ និងជាអ្នកស្រាវជ្រាវនយោបាយអន្តរជាតិ អាស៊ាន ដ៏មានឥទ្ធិពលរបស់ប្រទេសថៃ បានចេញផ្សាយអត្ថបទវិភាគមួយក្រោមចំណងជើងយ៉ាងចាក់ដោតថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»។ នៅក្នុងអត្ថបទនោះ លោក បានចង្អុលមុខរដ្ឋាភិបាល និងក្រសួងការបរទេសថៃ ចំៗថា បានប្រព្រឹត្តកំហុសឆ្គងផ្នែកការទូតយ៉ាងធ្ងន់ធ្ងរ ដោយសារតែការប្រើយុទ្ធសាស្ត្រ«ភូតភរកាត់តព័ត៌មាន និងបំពានការពិត» ដើម្បីតែបម្រើផលប្រយោជន៍នយោបាយចង្អៀតចង្អល់ក្នុងស្រុក និងការឃោសនាភូតភរ ដែលទង្វើនេះកំពុងតែដុតកម្ទេចកិត្តិយសការទូតរបស់ថៃ នៅលើឆាកអន្តរជាតិ។
តាមរយៈការវិភាគយ៉ាងស៊ីជម្រៅ អ្នកជំនាញថៃ រូបនេះ បានលាតត្រដាងពីចំណុចខ្សោយ និងការប្រឌិតភូតភររបស់រដ្ឋាភិបាលថៃ។ លោកបានសង្កត់ធ្ងន់ថា ការដែលក្រសួងការបរទេសថៃប្រកែកមិនទទួលស្គាល់តួលេខជនភៀសខ្លួនកម្ពុជា ប្រមាណ៦៥ម៉ឺននាក់ ដោយព្យាយាមទាញភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រមជ្ឈមណ្ឌលជ្រកកោនទសវត្សរ៍ឆ្នាំ១៩៧០ គឺជាទឡ្ហីករណ៍ខ្វះការយល់ដឹង និងអសមត្ថភាព។ លោក បានបញ្ជាក់ថា ផ្អែកតាមបទដ្ឋាន និងនិយមន័យបច្ចេកទេសរបស់អង្គការសហប្រជាជាតិ (UN) ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវរត់ភៀសខ្លួនចេញពីផ្ទះសំបែង ដោយសារការផ្ទុះអាវុធនៅតាមព្រំដែន គឺត្រូវតែចាត់ទុកជាជនភៀសខ្លួនក្នុងស្រុកយ៉ាងពិតប្រាកដ។ លើសពីនេះ លោក បានទម្លាយថា អាជ្ញាធរថៃ មិនដែលធ្លាប់មានបញ្ជីជំរឿន ឬទិន្នន័យជាក់លាក់នៅតំបន់ព្រំដែននោះឡើយ ហើយការប្រើពាក្យប៉ាន់ស្មានគ្រាន់តែជាលេសដោះសារពីហេតុការណ៍ប៉ះទង្គិច ដែលទើបតែកើតឡើងនាពេលថ្មីៗនេះប៉ុណ្ណោះ។
សម្រាប់អ្នកជំនាញរូបនេះ ការដែលថៃ ហ៊ានអះអាងលើឆាកអន្តរជាតិថា តំបន់ជោគជ័យ-ណងចាន និងព្រៃចាន់-ណងយ៉ាកែវជាដែនដីរបស់ថៃ គឺជាការប្រកាសទាំងបំពាន និងខ្វះការទទួលស្គាល់ជាអន្តរជាតិ។ ដែនដីទាំងនោះ ស្ថិតនៅក្នុងចន្លោះបង្គោលព្រំដែនលេខ៤២, ៤៣, ៤៦ និង ៤៧ ដែលភាគីទាំងពីរ កម្ពុជា-ថៃ កំពុងស្ថិតក្នុងដំណើរការរង់ចាំការបញ្ជាក់បច្ចេកទេសពីគណៈកម្មាធិការព្រំដែនរួម (JBC) នៅឡើយ។ ដូច្នេះការទាមទារតែខាងភាគីថៃម្នាក់ឯងមិនអាចយកមកធ្វើជាសន្លឹកបៀរអធិបតេយ្យភាពលើឆាកអន្តរជាតិ បានឡើយ។
អ្នកជំនាញរូបនេះ បានកត់សម្គាល់ថា រដ្ឋាភិបាលថៃ បានចោទប្រកាន់ថា ប្រជាជនកម្ពុជា រស់នៅក្នុងមជ្ឈមណ្ឌលជ្រកកោនដោយមិនព្រមចាកចេញ។ ប៉ុន្តែលោកបានទម្លាយការពិតជាក់ស្តែងថា សហគមន៍ជោគជ័យ និងព្រៃចាន់ គឺជាទីតាំងដែលប្រជាជនកម្ពុជា រស់នៅជាយូរយារណាស់មកហើយ ហើយភាគច្រើនរស់នៅក្នុងដែនដីដែលហួសពីខ្សែបន្ទាត់ដីត្រួតស៊ីគ្នាដែលថៃ ទាមទារទៅទៀត។ ការចោទប្រកាន់របស់ថៃ គឺជាការបង្កើតរឿងលើសពីការពិត ដើម្បីបិទបាំងទង្វើឈ្លានពានរបស់ខ្លួន។
អ្នកជំនាញដដែលរូបនេះ បានបន្តលាតត្រដាងទៀតថា ទោះបីជារដ្ឋាភិបាលថៃ ប្រកែកថា ខ្លួនមិនមានគោលនយោបាយដេញពលករកម្ពុជា ក៏ដោយ ប៉ុន្តែទិន្នន័យជាក់ស្តែងបានបង្ហាញថា ថៃ បានប្រកាសបិទច្រកព្រំដែនជាឯតោភាគីតាំងពីខែមិថុនា ឆ្នាំ២០២៥ និងបានពន្យារពេលរហូតដល់ខែធ្នូ ឆ្នាំ២០២៥ ក្នុងការបន្តលិខិតអនុញ្ញាតការងារឱ្យពលករកម្ពុជា ជិត១០ម៉ឺននាក់។ ទង្វើមាត់និយាយផ្សេង ដៃធ្វើផ្សេងនេះ គឺជាចេតនាសម្លាប់ឱកាសការងារ និងបង្ខំឱ្យពលករកម្ពុជា ត្រូវចាកចេញដោយប្រយោល។
អ្នកវិភាគជាន់ខ្ពស់ថៃ រូបនេះ បានបញ្ចប់ការរិះគន់ដោយការព្រមានខ្លាំងៗថា ទោះបីជាការឆ្លើយតបទៅកាន់ UN គឺជាសិទ្ធិផ្លូវការរបស់រដ្ឋាភិបាលថៃ ក៏ដោយ ប៉ុន្តែការជ្រើសរើសប្រើយុទ្ធសាស្ត្រកាត់តព័ត៌មានបំប៉ោងការពិត និងខ្វះស្មារតីមនុស្សធម៌ ដូចដែលក្រសួងការបរទេសថៃកំពុងប្រព្រឹត្តនឹងមិនបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រទេសថៃឡើយ។ ផ្ទុយទៅវិញវាកំពុងតែស្តែងឱ្យអន្តរជាតិឃើញពីកង្វះភាពឆ្នៃប្រឌិត និងការធ្លាក់ចុះជំជឿទុកចិត្ត នៃគោលនយោបាយការទូតថៃ យ៉ាងធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិ៕
អត្ថបទ ខេមបូណូមីស