ឧស្សាហកម្មកញ្ឆា

នាយករដ្ឋមន្ត្រីថៃ ព្រមានបិទឧស្សាហកម្មកញ្ឆាដែលខ្លួនជាអ្នកបើកផ្លូវ ក្រោយរងសម្ពាធពីរឿងអាស្រូវរត់ពន្ធកញ្ឆាឆ្លងដែន


នាយករដ្ឋមន្ត្រីថៃ​ លោក អានុទីន ដែលជាអ្នកផ្តួចផ្តើមជំរុញឱ្យថៃក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី ដែលដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀន ហើយអនុញ្ញាត​ឱ្យប្រើប្រាស់កញ្ឆាដោយស្របច្បាប់នៅថៃ អំឡុងឆ្នាំ២០២២ ពេលនេះបែរជាព្រមាន​បិទឧស្សាហកម្មកញ្ឆា និងប្រកាសដាក់កញ្ឆាឱ្យខុសច្បាប់ឡើងវិញ។ ការប្ដូរជំហរនេះកើតឡើង ក្រោយ​រកឃើញករណីរត់ពន្ធកញ្ឆាពីប្រទេសថៃ ទៅកាន់​ប្រទេសអង់គ្លេស អាល្លឺម៉ង់ ឥណ្ឌូនេស៊ី និងហុងកុង កើតឡើងជាបន្តបន្ទាប់។
ឧស្សាហកម្មកញ្ឆា
ដោយ

លោក អានុទីន បានព្រមានថា ប្រសិនបើថៃ មិនអាចទប់ស្កាត់ការរត់ពន្ធកញ្ឆាបានទេ ប្រទេសថៃនឹងស្អុយឈ្មោះក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន គឺជាមេដឹកនាំជំរុញឱ្យថៃ ក្លាយជាប្រទេសដំបូងគេនៅអាស៊ី និងដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀនក្នុងឆ្នាំ២០២២ ហើយដាក់ឱ្យវាស្របច្បាប់បានប្រកាសទាំងមោទកភាពកាលពីពេលកន្លងទៅថា ឧស្សាហកម្មកញ្ឆានឹងជួយជំរុញសេដ្ឋកិច្ច និងវិស័យវេជ្ជសាស្ត្រថៃ។ ប៉ុន្តែនៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ហាងលក់កញ្ឆាបានរីកដូចផ្សិតពាសពេញប្រទេសថៃ ខណៈការប្រើប្រាស់ដើម្បីកម្សាន្តអារម្មណ៍ក៏បានកើនឡើងខ្លាំង ហើយកញ្ឆានាំចេញពីថៃ ក៏បានហូរចេញទៅកាន់ទីផ្សារនៅបរទេសដោយខុសច្បាប់យ៉ាងគំហុក។
កត្តានេះបានជំរុញឱ្យលោក អានុទីន ខ្ជាក់ហើយលេបវិញដោយបានទទួលស្គាល់ថា ប្រសិនបើវិធានការរបស់រដ្ឋាភិបាលនៅតែមិនអាចទប់ស្កាត់ការរត់ពន្ធកញ្ឆាបានទេនោះ លោកនឹងបិទឧស្សាហកម្មកញ្ឆាទាំងស្រុងតែម្ដង ព្រោះមិនចង់ឱ្យបណ្តាប្រទេសផ្សេងទៀតចោទថា ថៃ ជាប្រភពនៃការរត់ពន្ធគ្រឿងញៀន។ ការព្រមាននេះកើតឡើងបន្ទាប់ពីអាជ្ញាធរអាល្លឺម៉ង់ បង្ក្រាបកញ្ឆារត់ពន្ធពីប្រទេសថៃ បានជាង១,២តោន, ឥណ្ឌូនេស៊ី បានជាង៣,៣តោន និងចាប់ខ្លួនមនុស្ស១២នាក់ ខណៈអង់គ្លេស និងហុងកុង ក៏បានចាប់ខ្លួនអ្នកដំណើរជាបន្តបន្ទាប់ដែលលួចដឹកកញ្ឆាចេញពីប្រទេសថៃ ផងដែរ។
អ្នកវិភាគមួយចំនួនមើលឃើញថា គោលនយោបាយកញ្ឆាដោយគ្មានច្បាប់គ្រប់គ្រងរឹងមាំរបស់ថៃ បានបង្កើតចន្លោះឱ្យបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនចូលមកទាញយកផលប្រយោជន៍ ខណៈកសិករជាច្រើនដែលធ្លាប់សង្ឃឹមរកចំណូលពីកញ្ឆាក៏ប្រឈមការខាតបង់ដោយសារកញ្ឆាធ្លាក់ថ្លៃយ៉ាងខ្លាំង។ បច្ចុប្បន្នរដ្ឋាភិបាលថៃ កំពុងពិចារណារឹតបន្តឹងច្បាប់ និងពិនិត្យលទ្ធភាពដាក់កញ្ឆាឱ្យក្លាយជាគ្រឿងញៀនខុសច្បាប់ឡើងវិញ ប្រសិនបើវិបត្តិរត់ពន្ធ និងការប្រើប្រាស់កញ្ឆាខុសគោលបំណងនៅតែបន្តកើនឡើង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រៅពីសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា អាម៉េរិក និងចិន កំពុងប្រណាំងប្រជែងគ្នាលើអ្វីទៀត?

ក្រុមអ្នកវិភាគយុទ្ធសាស្ត្រអន្តរជាតិ បានអះអាងថា មហាអំណាចកំពូលទាំងពីរ គឺសហរដ្ឋអាម៉េរិក និងចិន កំពុងតែបើកសមរភូមិសម្ងាត់មួយទៀត គឺការតភ្ជា…

ហុងកុង កំពុងប្រជែងជាមួយសិង្ហបុរី ដើម្បីក្លាយជាមជ្ឈមណ្ឌលជួញដូរមាសនៅតំបន់អាស៊ី

ស្របពេលសិង្ហបុរី កំពុងពន្លឿនផែនការទំនើបកម្មទីផ្សារ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីបើកផ្លូវឆ្ពោះទៅគ្រងតំណែងជាមជ្ឈមណ្ឌលចរាចរណ៍ និងជួញដូរមាសដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ