វិស័យសំខាន់ៗរបស់ថៃ

វិស័យសំខាន់ៗរបស់ថៃ កំពុងជួបវិបត្តិខ្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរ ក្រោយការចាកចេញរបស់ពលករខ្មែរ


ប្រទេសថៃ កំពុងតែធ្លាក់ចូលនៅវិប្បដិសារីនៃសេដ្ឋកិច្ចពីរទិស ដោយរោងចក្រក្នុងស្រុកជាច្រើនបានប្រកាសបិទទ្វារជាបន្តបន្ទាប់បណ្តាលឱ្យអត្រាគ្មានការងារធ្វើ និងការបញ្ឈប់បុគ្គលិកកើនឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភ ឯក្រុមនិយោជក និងសមាគមពាណិជ្ជកម្មធំៗបែរជាកំពុងស្រែកឃ្លានពលករចំណាកស្រុកបន្ថែមទៀត។ បញ្ហានេះកាន់តែស្មុគស្មាញ បន្ទាប់ពីភាពតានតឹងនៅតាមព្រំដែនជាមួយកម្ពុជាបានរឹតបន្តឹង និងបង្កការរាំងស្ទះយ៉ាងធ្ងន់ធ្ងរដល់ប្រភពផ្គត់ផ្គង់កម្លាំងពលករចំណាកស្រុកដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចថៃ។
វិស័យសំខាន់ៗរបស់ថៃ
ដោយ

កាសែតបាងកក ប៉ុស្តិ៍ បានរាយការណ៍នៅថ្ងៃទី១០ ខែសីហា ថា ចំនួនមនុស្សដែលប្រឈមនឹងការបាត់បង់ការងារនៅក្នុងប្រទេសថៃ ត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនឡើងរហូតដល់ទៅជាង៥០០.០០០នាក់ ដោយសារតែការដួលរលំ និងការធ្លាក់ចុះយ៉ាងគំហុកនៃវិស័យផលិតកម្ម។ ចំនួនរោងចក្រដែលប្រកាសបិទទ្វារមានការកើនឡើងលើសលប់ធៀបនឹងរោងចក្របើកថ្មី ដោយសារប្រាក់ចំណូលអាជីវកម្មធ្លាក់ចុះខ្លាំង។ ទន្ទឹមនឹងនេះ គណៈកម្មាធិការរួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគាររបស់ថៃ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីវិបត្តិកង្វះខាតពលករបរទេស ដែលបណ្តាលមកពីវិធានការរឹតបន្តឹងផ្លូវច្បាប់ និងការស្ទះប្រភពផ្គត់ផ្គង់ពលករពីប្រទេសជិតខាង។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចថៃ បានព្រមានថា នៅពេលដែលរលកនៃការបញ្ឈប់បុគ្គលិករីករាលដាលកាន់តែធំ វានឹងវាយប្រហារសេដ្ឋកិច្ចជាខ្សែចង្វាក់ ដោយសារប្រាក់ចំណូលរបស់ប្រជាពលរដ្ឋថៃ ត្រូវថយចុះ ឯបំណុលគ្រួសារបានឈានដល់កម្រិតប្រកាសអាសន្ន។ អ្នកជំនាញជឿជាក់ថា វិធានការសង្គ្រោះបណ្តោះអាសន្នរបស់រដ្ឋាភិបាលដូចជាកម្មវិធីថៃ ជួយថៃនឹងមិនអាចទប់ទល់នឹងទំហំនៃវិបត្តិនេះបានឡើយ។
យោងតាមការព្យាករណ៍ពីមជ្ឈមណ្ឌលស្រាវជ្រាវ K-Research របស់ថៃបានឱ្យដឹងថា អត្រាគ្មានការងារធ្វើ និងការបិទរោងចក្រនឹងកាន់តែអាក្រក់ទៅៗនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៦ នេះ។ ទិន្នន័យពីមជ្ឈមណ្ឌលដដែលបានរំលេចថា ជាង៩៤% នៃអ្នកបាត់បង់ការងារ គឺជាពលរដ្ឋថៃ ខ្លួនឯង ខណៈការបញ្ឈប់ពលករចំណាកស្រុកមកពីកម្ពុជា មីយ៉ាន់ម៉ា និងឡាវ មានត្រឹមតែជាង១០% ប៉ុណ្ណោះ។ គេរំពឹងថា កម្មករនិយោជិតជាជនជាតិថៃនឹងត្រូវគេបញ្ឈប់ពីការងារជាមធ្យមយ៉ាងតិច៤០.០០០នាក់ ក្នុងមួយខែរហូតដល់ដាច់ឆ្នាំ២០២៦។
ទោះបីជាកម្មករជនជាតិថៃទំនេរការងារច្រើនយ៉ាងណាក៏ដោយ ក៏ជនជាតិថៃ មិនប្រកបការងារធ្ងន់ធ្ងរ ឬការងារប្រើកម្លាំងបាយឡើយ ដែលកត្តានេះបានធ្វើឱ្យវិស័យនាំចេញ និងកសិកម្មរបស់ថៃ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ បញ្ហានេះកាន់តែធ្ងន់ធ្ងរដោយសារជម្លោះព្រំដែនរវាងថៃ និងកម្ពុជា បានជំរុញឱ្យកម្លាំងពលករកម្ពុជាជាច្រើនរៀបចំអីវ៉ាន់សម្រុកវិលត្រឡប់មកប្រទេសកំណើតវិញ។
លោក ឈូកៀត អូផាតវង់ (Chookiat Ophaswong) ប្រធានកិត្តិយស នៃសមាគមអ្នកនាំចេញអង្ករថៃ បានគូសបញ្ជាក់ថា ថៃ កំពុងប្រឈមនឹងវិបត្តិកង្វះខាតពលករលីសែង និងលើកដាក់ទំនិញយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យសកម្មភាពដឹកជញ្ជូន និងនាំចេញអង្ករទៅក្រៅប្រទេសមានភាពយឺតយ៉ាវយ៉ាងខ្លាំង។ លោកបានបន្ថែមថា ទោះបីជាមានការប៉ះប៉ូវដោយការនាំចូលពលករមីយ៉ាន់ម៉ាក៏ដោយ ប៉ុន្តែពលករមីយ៉ាន់ម៉ាភាគច្រើនចង់ធ្វើការតាមផ្ទះ ភោជនីយដ្ឋាន ឬក្នុងរោងចក្រ ជាជាងធ្វើការងារលីសែងធ្ងន់ធ្ងរនៅតាមកំពង់ផែ ឬឃ្លាំងទំនិញ។
ដោយឡែកនៅក្នុងវិស័យកាត់ដេរឯណោះវិញ លោក យុតសាថន គិតគុសុន (Yotsaton Kijkuson) ទីប្រឹក្សាសមាគមរោងចក្រកាត់ដេរថៃបានបញ្ជាក់ថា វិស័យនេះកំពុងស្រេកឃ្លាន និងត្រូវការពលករចំណាកស្រុកបន្ថែមរហូតដល់ទៅ៤០០.០០០នាក់ ខណៈដែលបច្ចុប្បន្ន រោងចក្រកាត់ដេរទាំងអស់មានកម្លាំងពលករចំណាកស្រុកបម្រើការងារត្រឹមតែ២០%ទៅ៣០% ប៉ុណ្ណោះ ហើយភាគច្រើនជាពលករមកពីប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


​​តើតម្លៃសេវាកម្មនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពិតជាហក់ឡើងខ្ពស់មែនឬយ៉ាងណា?

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងជាបេះដូងសេដ្ឋកិច្ចតែមួយគត់របស់កម្ពុជា កំពុងបំពេញតួនាទីយ៉ាងសកម្មជាកម្ល…

ថៃ ឈរលំដាប់កំពូលគេនៅអាស៊ាន ដែលមានពលរដ្ឋស៊ីវិលកាន់កាប់អាវុធច្រើនបំផុត

នៅក្នុងចំណោមប្រជាជាតិទាំងអស់នៅក្នុងតំបន់អាស៊ាន ប្រទេសថៃ បានជាប់ឈ្មោះជាប្រទេសដែលមានអត្រាពលរដ្ឋស៊ីវិលកាន់កាប់កាំភ្លើងច្រើនជាងគេបំផុតគួរឱ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ