ទិន្នន័យផ្លូវការរបស់ចិន បានបង្ហាញថា ផលិតកម្មឧស្សាហកម្មក្នុងខែកក្កដា សម្រេចបានកំណើនត្រឹម៤,៥% ប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុន ខណៈក្រុមអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា នឹងសម្រេចបានកំណើន៥%។ ការលក់រាយ ក៏សម្រេចបានកំណើនទាបត្រឹម០,៦% ប៉ុណ្ណោះ ដែលបង្ហាញថា ប្រជាជនចិន នៅតែក្បិតក្បៀតការចាយវាយ។ ការវិនិយោគលើទ្រព្យសកម្មថេរក្នុងរយៈពេល៧ខែដើមឆ្នាំនេះបានធ្លាក់ចុះ៦,៧% ខណៈអត្រាគ្មានការងារធ្វើនៅក្នុងទីក្រុង បានកើនដល់៥,២% បើធៀបនឹង៥% ក្នុងខែមិថុនា។
វិស័យអចលនទ្រព្យនៅតែជាបញ្ហាដ៏ធំ ដោយការវិនិយោគលើអចលនទ្រព្យបានធ្លាក់ចុះដល់ទៅជាង ១៩% ហើយការលក់រថយន្តដឹកអ្នកដំណើរបានធ្លាក់ចុះដល់ទៅ២១% ដែលបង្ហាញពីការត្បិតត្បៀតការចាយវាយកាន់តែខ្លាំងនៅក្នុងប្រទេសនេះ។ ជាមួយគ្នានេះភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់បានធ្វើឱ្យរាំងស្ទះដល់រោងចក្រ កំពង់ផែ និងការផ្គត់ផ្គង់ថាមពលនៅតំបន់មួយចំនួន។ ប៉ុន្តែក្រុមអ្នកវិភាគមើលឃើញថា បញ្ហាធំជាងនេះ គឺតម្រូវការក្នុងស្រុកនៅតែខ្សោយ ដែលធ្វើឱ្យចិនពឹងផ្អែកកាន់តែខ្លាំងលើការនាំចេញ។
ទីក្រុងប៉េកាំងបានសន្យាថា នឹងចាត់វិធានការជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីជំរុញកំណើន ប៉ុន្តែមិនទាន់ប្រកាសកញ្ចប់វិធានការថ្មីដ៏ធំ ដើម្បីជំរុញសេដ្ឋកិច្ចនៅឡើយទេ។ សរុបមកទិន្នន័យខែកក្កដា កំពុងបង្ហាញថា ក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចចិនកំពុងបាត់សម្ទុះ ហើយក្រុងប៉េកាំង កំពុងប្រឈមសម្ពាធកាន់តែខ្លាំងក្នុងការស្តារទំនុកចិត្ត និងការចាយវាយនៅក្នុងស្រុក មុនពេលការធ្លាក់ចុះបង្កវិបត្តិកាន់តែធ្ងន់ធ្ងរ៕
ដោយ: តែម សុខុម