ក្រោមធ្លាក់ចូលក្នុងរបាយការណ៍ស៊ើបអង្កេតពិសេសរបស់ការិយាល័យពាណិជ្ជកម្ម និងគោលនយោបាយផលិតកម្មរបស់អាម៉េរិក ស្តីពី បណ្តាញផ្ទេរទំនិញស្រមោលរបស់ចិន កំពុងជំរុញឱ្យសិង្ហបុរី ស្ថិតក្រោមសម្ពាធអន្តរជាតិ យ៉ាងខ្លាំង។ កាលពីថ្ងៃទី១៣ ខែសីហា កន្លងទៅ សេតវិមាន បានកំណត់លក្ខណៈសម្បត្តិសិង្ហបុរី ឱ្យស្ថិតក្នុងកម្រិតទី៣ ដោយចាត់ទុកជាគោលដៅឆ្លៀតឱកាសរបស់អ្នកនាំចេញចិន ដោយសារចំណុចខ្លាំងផ្នែកទីតាំងភូមិសាស្ត្រ កំពង់ផែ ឃ្លាំងផ្ទុកទំនិញ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
ការលាតត្រដាងរបស់សេតវិមាននេះធ្វើឡើងស្របពេល ដែលរដ្ឋាភិបាលអាម៉េរិក បានព្រមានកំណត់ពន្ធបន្ថែមរហូតដល់៤០% លើរាល់ទំនិញទាំងឡាយណា ដែលរកឃើញថា បានដឹកជញ្ជូនឆ្លងកាត់ប្រទេសទី៣ដោយខុសច្បាប់ក្នុងគោលបំណងបិទបាំងប្រភពដើម និងគេចវេសពន្ធអាម៉េរិក។
ជាការឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានគូសបញ្ជាក់ថា សិង្ហបុរី ប្រកាន់ខ្ជាប់នូវគោលការណ៍តឹងរ៉ឹងបំផុត និងយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុលោមតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ សិង្ហបុរីបានសង្កត់ធ្ងន់ថា គ្រប់ក្រុមហ៊ុនទាំងអស់ ដែលប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនឆ្លងកាត់ដែនដីសិង្ហបុរី ត្រូវតែគោរពច្បាប់ និងបទប្បញ្ញត្តិក្នុងស្រុកឱ្យបាន១០០% ហើយអាជ្ញាធរនឹងបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់លើករណីសង្ស័យទាំងនេះ។
ប្រភពដដែលបានបញ្ជាក់ជំហរថា សិង្ហបុរីនឹងមិនអត់ឱនឱ្យបុគ្គល ឬក្រុមហ៊ុនណាមួយប្រើប្រាស់ឈ្មោះ ឬទំនាក់ទំនងពាណិជ្ជកម្មជាមួយសិង្ហបុរីធ្វើជាឧបករណ៍បន្លំ ភូតភរ និងដើរផ្លូវកាត់ ដើម្បីគេចវេស ឬរំលោភលើច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសដទៃឡើយ។
ពាក់ព័ន្ធនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចលោក ឈួ ហាក់ ប៊ិន (Chua Hak Bin) សហប្រធានក្រុមអ្នកស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច នៃធនាគារ Maybank បានវិភាគថា អាម៉េរិកនឹងដាក់សម្ពាធឱ្យសិង្ហបុរីបង្កើនកម្រិតត្រួតពិនិត្យប្រភពដើមទំនិញឱ្យកាន់តែហ្មត់ចត់ ច្បាស់លាស់ និងមានសុក្រឹតភាពខ្ពស់ជាងមុន ដើម្បីទប់ស្កាត់ការរត់ពន្ធ និងការធ្វើអាជីវកម្មស្រមោល ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាព នៃមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក៕
ដោយៈ សរ សុជាតិ