យោងតាមទិន្នន័យផ្លូវការពីទីភ្នាក់ងារគ្រប់គ្រងមហាសមុទ្រ និងបរិយាកាសជាតិ អាម៉េរិក បានឱ្យដឹងថា ស្ថានភាពនៃបាតុភូតអែលនីណូកំពុងវាយលុកយ៉ាងសកម្មនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដោយពេលនេះ សីតុណ្ហភាពនៅលើផ្ទៃទឹកសមុទ្របានកើនឡើងយ៉ាងគំហុក។ ការព្យាករណ៍ជាច្រើនបានបង្ហាញថា វិសាលភាព នៃឥទ្ធិពលអែលនីណូនៅពេលនេះ មានកម្រិតខ្លាំងក្លាបំផុត ដែលមិនធ្លាប់មានពីមុនមកឡើយ ហើយវាកំពុងតែរំកិលខ្លួនយ៉ាងលឿនទៅរកការបង្កើតវិបត្តិ នៃគ្រោះធម្មជាតិកាន់តែស្រួចស្រាល់ និងក្តៅបំផុតនៅក្នុងឆ្នាំ២០២៧ ខាងមុខ។
អ្វីដែលទីភ្នាក់ងារលំដាប់ពិភពលោកមួយនេះបានព្រមាន គឺពិភពលោកនឹងត្រូវប្រឈមមុខនឹងការកើនឡើងកម្ដៅហួសពីកម្រិតកំណត់ត្រាប្រវត្តិសាស្ត្រ ដែលវានឹងបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងអាហារ ផលប៉ះពាល់លើសកម្មភាពសេដ្ឋកិច្ចទាំងមូល និងបង្កើតឱ្យមានគ្រោះធម្មជាតិខ្លាំងៗ ដូចជាគ្រោះរាំងស្ងួតហួតហែងខ្លាំង និងទឹកជំនន់ជន់ជោរខុសប្រក្រតីនៅតំបន់ខ្លះ។
មកទល់ពេលនេះ កម្រិតសីតុណ្ហភាពផ្ទៃទឹកសមុទ្រនៅតំបន់ត្រូពិចភាគកណ្តាល និងប៉ាស៊ីហ្វិកបានហក់ឡើងលើសពីកម្រិតមធ្យមភាគ០,៥អង្សាសេរួចទៅហើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើល និងព្រួយបារម្ភបំផុតនោះ គឺបាតុភូតនេះ អាចនឹងបន្តអូសទាញឱ្យកម្ដៅកើនឡើងលើសពីមធ្យមភាគចាស់រហូតដល់ទៅ១,៥ ទៅ២អង្សាសេឯណោះ។ ផ្អែកតាមទិន្នន័យវិទ្យាសាស្ត្រ បាតុភូតនេះអាចនឹងគ្របដណ្តប់វិសាលភាពរហូតដល់ទៅ៦៣% លើភពផែនដីទាំងមូលនៅក្នុងអំឡុងពេលពីខែវិច្ឆិកា ដល់ខែមករា ខាងមុខ ហើយវាត្រូវបានគេព្យាករណ៍ថា នឹងបង្កគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ លើសពីអ្វីដែលមនុស្សជាតិធ្លាប់បានជួបប្រទះគិតចាប់តាំងពីឆ្នាំ១៩៥០ មក។
ងាកមកមើលប្រទេសកម្ពុជា ឯណេះវិញ ការប្រកាសអាសន្ននេះ ក៏បានបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងផងដែរ។ ជាក់ស្តែងឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានចេញមុខចែករំលែកការព្រួយបារម្ភនេះយ៉ាងខ្លាំងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក ដោយបានសរសេរដាស់តឿនថា រលកកម្ដៅយក្សអែលនីណូចាប់ផ្តើមហើយ សូមប្រជាកសិករបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតក្នុងការដាំដុះ និងការចិញ្ចឹមសត្វ។
ការរៀបចំផែនការបម្រុងទុកសម្រាប់ប្រភពទឹក និងការគ្រប់គ្រងការដាំដុះឱ្យបានត្រឹមត្រូវ គឺជាកត្តាដ៏សំខាន់បំផុតសម្រាប់កម្ពុជានៅពេលនេះ ដើម្បីចៀសវាងការខូចខាតទិន្នផលកសិកម្ម ដែលជាដង្ហើមសេដ្ឋកិច្ចរបស់ជាតិក្នុងពេល ដែលបាតុភូតកម្ដៅដ៏កាចសាហាវនេះកំពុងមកដល់៕
ដោយៈ សរ សុជាតិ