វិស័យសេដ្ឋកិច្ច

ធនាគារពិភពលោកព្រមានពីវិបត្តិធំៗ៣ ដែលអាចធ្វើឱ្យរាំងស្ទះដល់គោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងខ្ពស់របស់កម្ពុជា


មហិច្ឆតារបស់កម្ពុជា ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺជាទិសដៅយុទ្ធសាស្ត្រដ៏ច្បាស់លាស់មួយ។ ប៉ុន្តែផ្លូវធ្វើដំណើរទៅកាន់គោលដៅនេះ មិនមែនក្រាលដោយកម្រាលព្រំក្រហមនោះឡើយ។ ជាក់ស្តែងធនាគារពិភពលោកបានព្រមានពីវិបត្តិធំៗចំនួន៣ ដែលអាចក្លាយជាឧបសគ្គក្នុងការធ្វើឱ្យរារាំងដល់ចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ប្រសិនបើវិបត្តិទាំងនោះនៅតែបន្តអូសបន្លាយពេលកាន់តែវែងឆ្ងាយ។
វិស័យសេដ្ឋកិច្ច
ដោយ

តើវិបត្តិទាំងនោះមានអ្វីខ្លះ? ហើយកម្ពុជា អាចទម្លុះវាយ៉ាងដូចម្តេចដើម្បីឈានទៅសម្រេចមហិច្ឆតានៅឆ្នាំ២០៣០ និង២០៥០?

លោកស្រី តានីយ៉ា ម៉ីយេ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា វិបត្តិប្រេងឥន្ធនៈឡើងថ្លៃ វិបត្តិភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ និងរលកនៃការវិលត្រឡប់របស់ពលរដ្ឋខ្មែរពីប្រទេសថៃ កំពុងជះឥទ្ធិពល និងសម្ពាធយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចរបស់កម្ពុជា។ ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា វិបត្តិទាំងនេះកំពុងបង្កជាផលប៉ះពាល់ និងកាត់បន្ថយសមត្ថភាពប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្មលើឆាកអន្តរជាតិ ថែមទាំងប៉ះពាល់ដង្ហើមសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារដែលទើបតែវិលត្រឡប់មកពីស្រុកថៃ។ ស្ថិតក្នុងស្ថានភាពនេះ អ្នកជំនាញរូបនេះបានផ្តល់ជាគំនិតថា រដ្ឋាភិបាលកម្ពុជា គួរតែជំរុញការអនុវត្តគោលនយោបាយគាំពារសង្គម ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋងាយរងគ្រោះតាមរយៈការធ្វើកំណែទម្រង់លើការអភិវឌ្ឍធនធានមនុស្ស និងការកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច ដើម្បីទាក់ទាញវិនិយោគិនបរទេស។

ជាមួយគ្នានេះ លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានផ្តល់ជាទស្សនៈដែរថា កូនសោរដ៏សំខាន់បំផុតក្នុងការវាយទម្លុះរាល់វិបត្តិនានា គឺការបោះទុនវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានសង្កត់ធ្ងន់ថា ការវិនិយោគលើមនុស្សមិនមែនធ្វើឡើងត្រឹមតែមួយឆាវនោះទេ ពោលគឺត្រូវតែផ្តោតលើការបណ្តុះបណ្តាលជំនាញ និងពង្រឹងគុណភាពអប់រំតាំងពីកម្រិតកុមារភាពឡើងទៅ ទើបអាចបង្កើតជាកម្លាំងពលកម្មដ៏រឹងមាំ ដើម្បីបំពេញមហិច្ឆតាចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ បាន។
ដោយឡែក លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ការកើនឡើងតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ រួមទាំងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បានជះឥទ្ធិពលអវិជ្ជមានជាបន្តបន្ទាប់មកលើសេដ្ឋកិច្ចរបស់កម្ពុជា។ លោកយល់ឃើញថា កម្ពុជាគួរបន្តបោះជំហានវិនិយោគឱ្យកាន់តែខ្លាំងលើវិស័យអប់រំ ការបណ្តុះបណ្តាលជំនាញឌីជីថល និងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យស្របទៅតាមតម្រូវការជាក់ស្តែង នៃទីផ្សារការងារយុគសម័យថ្មី។ ទន្ទឹមនឹងនេះ កម្ពុជាត្រូវតែបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន វិស័យថាមពល កែលម្អគុណភាពស្ថាប័ន បង្កើតបរិយាកាសវិនិយោគឱ្យមានភាពអនុគ្រោះ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីកុំឱ្យកម្ពុជាពឹងផ្អែកលើវិស័យតែមួយខ្លាំងពេក។
គួរបញ្ជាក់ថា តាមផែនការយុទ្ធសាស្ត្រជាតិ ប្រសិនបើគ្មានការប្រែប្រួលណាមួយកើតឡើងជាយថាហេតុទេ នោះ កម្ពុជានឹងចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចទៅជាប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់ប្រកបដោយមោទនភាពនៅឆ្នាំ២០៥០៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ផ្ទុះការជជែកដេញដោល! អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលពន្លឿនធ្វើស្ពានឆ្លងទៅតំបន់ជីផាត ដើម្បីសម្រួលការធ្វើដំណើរ និងបញ្ចប់ការកកស្ទះ

សហគមន៍អេកូទេសចរណ៍ជីផាត នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង កំពុងក្លាយជាឋានសួគ៌បៃតងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរដែលស្រឡាញ់ធម្មជាតិ ជាពិស…

ឥទ្ធិពលកម្ដៅ និងគ្រោះរាំងស្ងួតដ៏ខ្លាំងក្លានៃបាតុភូត អែលនីណូ ចាប់ផ្ដើមហើយ! កម្ពុជា ក៏អាចរងគ្រោះដែរ

បញ្ហាប្រែប្រួលអាកាសធាតុកំពុងរុញច្រានភពផែនដីឱ្យខិតទៅរកភាពវឹកវរ និងគ្រោះមហន្តរាយកាន់តែខ្លាំងឡើងៗ។ ក្រុមអ្នកវិទ្យាសាស្ត្រអាម៉េរិក ទើបតែបានរក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ