តើនេះជាសញ្ញាអាសន្នផ្នែកសន្តិសុខថាមពល ឬគ្រាន់តែជាល្បែងយុទ្ធសាស្ត្របណ្តោះអាសន្ន?
ការធ្លាក់ចុះយ៉ាងគំហុក នៃទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក កំពុងក្លាយជាប្រធានបទក្តៅគគុកមួយ ដែលអ្នកវិភាគអន្តរជាតិ ព្រមានថា ប្រសិនបើស្តុកនេះនៅតែបន្តស្រកចុះដោយគ្មានផែនការបំពេញបន្ថែមច្បាស់លាស់ទេនោះវាអាចនឹងបង្កើតជាហានិភ័យទ្វេដងទាំងផ្នែកសន្តិសុខជាតិ និងស្ថិរភាពសេដ្ឋកិច្ច។
កាលពីសប្តាហ៍មុនទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់អាម៉េរិក បានធ្លាក់ចុះទាបជាង៣០០លានបារ៉ែលជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក។ ក្រសួងថាមពលសហរដ្ឋអាម៉េរិកបានកត់សម្គាល់ថា អាងស្តុកប្រេងបម្រុងអាចនឹងបន្តស្រកចុះបន្ថែមទៀតរហូតដល់កម្រិតប្រមាណ២៤៣លានបារ៉ែល ខណៈទីក្រុងវ៉ាស៊ីនតោន បានសម្រេចបញ្ចេញប្រេងរហូតដល់១៧២លានបារ៉ែល ដើម្បីអន្តរាគមន៍ទប់ទល់នឹងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការហក់ឡើងថ្លៃថាមពលសកល ដែលបណ្តាលមកពីវិបត្តិសង្គ្រាមអ៊ីរ៉ង់។
តាមពិតទៅធនធានប្រេងបម្រុងយុទ្ធសាស្ត្រទាំងនេះត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាពនៅក្នុងអាងស្តុកក្រោមដីចំនួន៦០ទីតាំងស្ថិតក្នុងរដ្ឋតិចសាស់ និងរដ្ឋល្វៀស៊ីអាណា ដែលមានសមត្ថភាពអាចទ្រទ្រង់ និងស្តុកទុកប្រេងបានរហូតដល់ទៅ៧១៤លានបារ៉ែល។
ជុំវិញបញ្ហានេះលោក អាម៉ូស ហូចស្តេន (Amos Hochstein) ទីប្រឹក្សាថាមពលជាន់ខ្ពស់បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងដោយលើកឡើងថា វាពិតជាពិបាកជឿណាស់ ដែលអាម៉េរិកបណ្តែតបណ្តោយឱ្យស្តុកប្រេងបម្រុងយុទ្ធសាស្ត្រធ្លាក់ចុះក្រោម៣០០លានបារ៉ែលបែបនេះ។ លោកបានសង្កត់ធ្ងន់ថា នៅពេលដែលកម្រិតប្រេងនៅក្នុងអាងស្តុកធ្លាក់ចុះទាបខ្លាំង វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពឆ្លើយតបនឹងវិបត្តិយោធា ឬសេដ្ឋកិច្ចភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឱ្យរចនាសម្ព័ន្ធអាងស្តុកក្រោមដីរងការខូចខាត និងប្រឈមនឹងវិបត្តិបរិស្ថានធ្ងន់ធ្ងរថែមទៀតផង។
អ្នកជំនាញយល់ឃើញថា ការបូមប្រេងបម្រុងយុទ្ធសាស្ត្រមកប្រើប្រាស់ក្នុងទ្រង់ទ្រាយធំអាចជាថ្នាំបំបាត់ការឈឺចាប់រយៈពេលខ្លីក្នុងការទប់ទល់នឹងអតិផរណា និងការហក់ឡើងនៃតម្លៃប្រេងនៅលើទីផ្សារ ប៉ុន្តែវាក៏កំពុងបង្កើតជាចំណុចខ្សោយយុទ្ធសាស្ត្ររបស់អាម៉េរិកនៅលើឆាកអន្តរជាតិផងដែរ។ ប្រសិនបើសង្គ្រាម ឬវិបត្តិថាមពលនៅតែបន្តអូសបន្លាយ អាម៉េរិកអាចនឹងត្រូវប្រឈមមុខនឹងជម្រើសដ៏លំបាកបំផុតរវាងការសុខចិត្តទិញប្រេងចូលស្តុកវិញក្នុងតម្លៃថ្លៃហួសហេតុ ឬទុកឱ្យខែលការពារសន្តិសុខថាមពលរបស់ខ្លួនស្ថិតក្នុងស្ថានភាពទទេស្អាត៕
ដោយៈ សរ សុជាតិ