យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC News នៅថ្ងៃទី៦ ខែសីហា នេះ លោក អេលប្រ៊ីដច៍ ខូលប៊ី (Elbridge Colby) ប្រធានគោលនយោបាយនៃមន្ទីរបញ្ចកោណ កំពុងត្រួតពិនិត្យឡើងវិញលើយុទ្ធសាស្ត្រនុយក្លេអ៊ែរបស់អាម៉េរិក ដើម្បីត្រៀមឆ្លើយតបនឹងការធ្វើសង្គ្រាមណាមួយ ដែលអាចកើតឡើងជាយថាហេតុនៅថ្ងៃអនាគត។ លោក Colby ត្រូវបានគេរំពឹងថានឹងបង្ហាញ និងពិភាក្សាលើសំណើបដិវត្តន៍អាវុធនេះក្នុងអំឡុងព្រឹត្តិការណ៍យោធានៅទីបញ្ជាការយុទ្ធសាស្ត្រអាម៉េរិក ក្នុងរដ្ឋនេប្រាស្កា ដែលជាចំណុចកណ្តាលនៃការគ្រប់គ្រងកងកម្លាំងនុយក្លេអ៊ែអាម៉េរិក។
ប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ អាម៉េរិក បានទម្លាយថា គោលបំណងធំបំផុត នៃការកែប្រែយុទ្ធសាស្ត្រនេះ គឺដើម្បីត្រៀមខ្លួនទប់ទល់នឹងសេណារីយ៉ូ ដែលសម្ពន្ធមិត្តអាម៉េរិកត្រូវរងការវាយប្រហារពីសំណាក់រុស្ស៊ី ឬចិន ព្រមទាំងផ្តល់ឱ្យប្រធានាធិបតី ដូណាល់ ត្រាំ នូវជម្រើសសឹកកាន់តែប្រាកដនិយម និងទូលំទូលាយ។ ការបន្ថែមជម្រើសអាវុធនុយក្លេអ៊ែយុទ្ធវិធីនេះមិនមែនជាការកម្រិតសិទ្ធិសម្រេចចិត្តរបស់ប្រធានាធិបតី នោះទេ ប៉ុន្តែជាខែលរារាំង និងជាកម្លាំងវាយបកដែលមានទម្ងន់អាចទុកចិត្តបានជាងមុន។
លោក ខូលប៊ី ធ្លាប់បានវិភាគជាយូរមកហើយថា គោលនយោបាយនុយក្លេអ៊ែចាស់របស់អាម៉េរិក មានភាពទន់ខ្សោយ ដោយសារការផ្អែកខ្លាំងលើការវាយប្រហារបំផ្លាញកម្រិតធ្ងន់ពីចម្ងាយ។ ផ្ទុយទៅវិញការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែតូចៗរយៈចម្ងាយជិតនឹងអនុញ្ញាតឱ្យអាម៉េរិក អាចវាយប្រហារចំគោលដៅយោធាជាក់លាក់នៅលើសមរភូមិ ដោយមិនចាំបាច់បំផ្លាញទីក្រុង ឬប្រទេសមួយទាំងមូលនោះឡើយ។
គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមលោកលើកទី២ បានបញ្ចប់ អាវុធនុយក្លេអ៊ែមិនដែលត្រូវបានយកមកប្រើប្រាស់នៅលើសមរភូមិម្តងណាឡើយ គិតចាប់តាំងពីអាម៉េរិក បានទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី កាលពីឆ្នាំ១៩៤៥។ ហេតុដូច្នេះហើយ រាល់បម្រែបម្រួល នៃគោលនយោបាយនុយក្លេអ៊ែរបស់មហាអំណាចអាម៉េរិកនាពេលនេះ កំពុងតែទាក់ទាញការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីសហគមន៍អន្តរជាតិជុំវិញពិភពលោក៕
អត្ថបទៈសួន ឡង់ទី