វិស័យដឹកជញ្ជូន

សភាពាណិជ្ជកម្មនឹងយកបញ្ហាទារភាស៊ីពីឡានដឹកទំនិញមិនបានចូលចំណតទៅដោះស្រាយជាមួយរាជរដ្ឋាភិបាល


សកម្មភាពដេញកាក់រថយន្តឈ្នួល និងរថយន្តដឹកទំនិញ ដើម្បីទារប្រាក់ភាស៊ីទាំងដែល មិនបានចូលចំណត ឬចូលបេនកំពុងក្លាយជាបន្លារាំងស្ទះយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ដឹកជញ្ជូន ព្រមទាំងជំរុញឱ្យថ្លៃដើមទំនិញកើនឡើងដោយអយុត្តិធម៌។ ទង្វើប៉ាតណាប៉ាតណីរបស់អ្នកម៉ៅភាស៊ីមួយចំនួន មិនត្រឹមតែបង្កើតរូបភាពអវិជ្ជមាន និងបង្កការថ្នាំងថ្នាក់ដល់អាជីវករ និងម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបន្ទុកបន្ថែមលើជីវភាពប្រជាពលរដ្ឋផងដែរ។
វិស័យដឹកជញ្ជូន
ដោយ

មន្ត្រីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា នឹងលើកយកបញ្ហាក្តៅគគុកនេះទៅជជែកដោះស្រាយផ្ទាល់ជាមួយស្ថាប័នពាក់ព័ន្ធនាពេលខាងមុខនេះ។

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស បានគូសបញ្ជាក់ថា ទម្លាប់ទារប្រាក់ពីរថយន្តដឹកទំនិញដែលគ្រាន់តែបើកឆ្លងកាត់ ឬមិនបានចូលប្រើប្រាស់សេវាបេនចំណតបានកើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែរហូតមកទល់ពេលនេះនៅតែមិនទាន់មានថ្នាំព្យាបាល ឬដំណោះស្រាយជាក់លាក់នៅឡើយទេ។

ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ម្ចាស់បេនចំណតមួយចំនួនហាក់ខកខានក្នុងការផ្តល់សេវាកម្មត្រួតពិនិត្យ និងសម្រួលដល់រថយន្តឱ្យបានសមរម្យ ទើបធ្វើឱ្យអ្នកបើកបរជៀសវាងមិនចង់ចូល។ ប៉ុន្តែបែរជាមានការតាមកាក់ទារប្រាក់តាមផ្លូវទៅវិញ ដែលសកម្មភាពនេះកំពុងរំខានដល់ការដឹកជញ្ជូន និងបន្ថែមបន្ទុកថ្លៃដើមអាជីវកម្មដោយគ្មានហេតុផល។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា វិបត្តិរ៉ាំរ៉ៃនេះអាចដោះស្រាយចេញ លុះត្រាតែភាគីម្ចាស់បេន និងភាគីម្ចាស់រថយន្តយល់ព្រមគោរព និងអនុវត្តតាមបទបញ្ញត្តិនៃច្បាប់ឱ្យបានម៉ឺងម៉ាត់ដូចគ្នា។

ជុំវិញបញ្ហានេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលស្គាល់ថា ការកាក់ទារប្រាក់អនាធិបតេយ្យនេះ កំពុងបង្កើតជាក្តីកង្វល់ និងការថ្នាំងថ្នាក់យ៉ាងខ្លាំងដល់អាជីវករ ម្ចាស់រោងចក្រ និងសហគ្រាសនៅតាមបណ្តាខេត្ត-ក្រុងមួយចំនួន។ ដើម្បីវះកាត់បញ្ហានេះ អ្នកឧកញ៉ា បានអះអាងថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន នឹងលើកយករបៀបវារៈក្តៅមួយនេះទៅដាក់លើតុចរចាជាមួយស្ថាប័នរដ្ឋពាក់ព័ន្ធនៅក្នុងយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីរកដំណោះស្រាយបញ្ចប់បញ្ហានេះឱ្យបានដាច់ស្រឡះ។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា លឹម ហេង អំពាវនាវដល់រាជរដ្ឋាភិបាល ឱ្យពិចារណាលុបចោលទាំងស្រុងនូវការយកភាស៊ីពីរថយន្តដឹកទំនិញ និងរថយន្តឈ្នួលដែលមិនបានចូលចំណត រួមទាំងអាជីវករលក់ដូរតូចតាចតាមផ្សារផងដែរ។ ហេតុផល គឺដោយសារតែម្ចាស់អាជីវកម្ម និងអ្នកដឹកជញ្ជូនបានបំពេញកាតព្វកិច្ចបង់ពន្ធប៉ាតង់ជូនរដ្ឋរួចរាល់ហើយ ដូច្នេះការត្រួតស៊ីគ្នានៃការទារប្រាក់ភាស៊ីនេះគួរតែត្រូវលុបបំបាត់ ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិតផល សម្រួលដល់ការធ្វើអាជីវកម្ម និងស្របតាមគោលនយោបាយកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


កម្ពុជា រំពឹងការផលិតទឹកគោស្រស់ក្នុងស្រុកឈានដល់ ៣០% នៅឆ្នាំ២០២៧ ខណៈបច្ចុប្បន្ននាំចូលពីក្រៅស្រុកជិត ៨០%

តម្រូវការប្រើប្រាស់ទឹកដោះគោស្រស់នៅកម្ពុជា កំពុងស្ទុះឡើងយ៉ាងគំហុក ដោយសារពលរដ្ឋកាន់តែយកចិត្តទុកដាក់លើសុខភាព និងអាហាររូបត្ថម្ភ គួបផ្សំការរ…

អ្នកជំនាញស្នើឱ្យភាគីពាក់ព័ន្ធផ្លាស់ប្តូរយុទ្ធសាស្ត្រផ្សព្វផ្សាយ និងពង្រីកការលើកលែងទិដ្ឋាការ ដើម្បីស្តារវិស័យទេសចរណ៍

ស្របពេលដែលប្រទេសជិតខាងកំពុងប្រជែងគ្នាប្រមូលលុយរាប់ពាន់លានដុល្លារពីវិស័យទេសចរណ៍ យុទ្ធសាស្ត្រផ្សព្វផ្សាយរបស់កម្ពុជា បែរជាត្រូវបានគេមើលឃើញថា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ