វិស័យការបរទេស

ហេតុអ្វី លោក ពូទីន ប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ប្រទេសចិន ភ្លាមៗ បន្ទាប់ពីលោក ត្រាំ?


​​​​ក្រោយជំនួបដ៏កម្ររវាងមេដឹកនាំកំពូលរបស់ចិន និង អាម៉េរិក លោក ដូណាល់ ត្រាំ និង លោក ស៊ី មិនទាន់បានមួយសប្តាហ៍ស្រួលបូលផង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ក្នុងដំណើរទស្សនកិច្ចជាបន្ទាន់មួយ។
វិស័យការបរទេស
ដោយ

ក្រុមអ្នកវិភាគបានលើកឡើងថា ដំណើរទស្សនកិច្ចដ៏តក់ក្រហល់នេះ គឺគ្មានអ្វីក្រៅពីដើម្បីបញ្ជាក់ជាថ្មីអំពីភាពរឹងមាំ នៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង នោះឡើយ ខណៈដែលបច្ចុប្បន្ន ចិន ក៏កំពុងស្វែងរកការសម្របសម្រួលទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងជាមួយសហរដ្ឋអាម៉េរិក ដើម្បីកសាងស្ថិរភាពឡើងវិញ។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង យ៉ាងតក់ក្រហល់បំផុត ពោលគឺបន្ទាប់ពីលោក ដូណាល់ ត្រាំ បានចាកចេញពីទីក្រុងប៉េកាំងមិនទាន់បានមួយសប្តាហ៍ស្រួលបួលផង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។

អ្នកតាមដានស្ថានការណ៍អន្តរជាតិបានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីក្រុងប៉េកាំង ចន្លោះពីថ្ងៃទី១៩-២០ ខែឧសភា នេះ គឺធ្វើឡើងក្នុងគោលបំណងរក្សាស្ថិរភាព នៃទំនាក់ទំនងទ្វេភាគីជាមួយចិន ស្របពេលដែលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តអូសបន្លាយ និងមិនទាន់ឃើញមានពន្លឺ នៃការបញ្ចប់នៅឡើយ។
ជុំវិញបញ្ហានេះ លោក វ៉ាង ស៊ីចិន (Wang Zichen) អគ្គលេខាធិការរងនៃមជ្ឈមណ្ឌលស្រាវជ្រាវចិន បានលើកឡើងថា កាលពីសប្តាហ៍មុនវត្តមានរបស់លោក ត្រាំ នៅទីក្រុងប៉េកាំង គឺផ្តោតលើការកសាងស្ថិរភាព នៃទំនាក់ទំនងទ្វេភាគី ដែលជាទំនាក់ទំនងដ៏សំខាន់សម្រាប់ពិភពលោក។ ប៉ុន្តែការមកដល់របស់លោក ពូទីន នៅពេលនេះ គឺដើម្បីធានាអះអាង និងពង្រឹងជំនឿចិត្តឡើងវិញលើភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែងរវាងរុស្ស៊ី និងចិន។
លោក វ៉ាង បានបន្ថែមថា ទីក្រុងប៉េកាំង ចង់បានទំនាក់ទំនង ដែលមានស្ថិរភាពជាមួយលោកខាងលិច ប៉ុន្តែទន្ទឹមនឹងនោះ ក៏នៅតែបន្តរក្សាទំនុកចិត្តជាយុទ្ធសាស្ត្រដ៏រឹងមាំជាមួយទីក្រុងមូស្គូផងដែរ។ នេះអាចជាយុទ្ធសាស្ត្រការទូតមួយ ដើម្បីបង្ហាញពិភពលោកថា ចិន ជាមហាអំណាចកណ្ដាល ដែលមិនលម្អៀង និងមានសមត្ថភាពអាចជជែកពិភាក្សាជាមួយគ្រប់ភាគីជម្លោះទាំងអស់បាន។
ដោយឡែកពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចបន្ទាន់នាពេលនេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន គឺដើម្បីផ្តល់ឱកាសឱ្យរុស្ស៊ីទទួលបានព័ត៌មានថ្មីៗ និងការវិវត្តចុងក្រោយដោយផ្ទាល់ពីភាគីចិន ទាក់ទងនឹងលទ្ធផល នៃការចរចារវាងចិន និងសហរដ្ឋអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


​​​អ្នកជំនាញចាត់ទុកការធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្បែរព្រំដែនរបស់ថៃ ជាការសម្ញែងសាច់ដុំយោធា និងគំរាមកំហែងដល់កម្ពុជា

សារព័ត៌មានក្នុងស្រុករបស់ថៃ បានចុះផ្សាយព្រោងព្រាត អំពីការធ្វើសមយុទ្ធយោធារបស់កងទ័ពថៃ ដោយមានការហ្វឹកហាត់ជាក់ស្ដែង និងប្រើប្រាស់គ្រាប់កាំភ្លើ…

ទោះបីមានសមត្ថភាពខ្លាំងជាងគេនៅក្នុងតំបន់ តែឥណ្ឌូនេស៊ី ប្តេជ្ញាបន្តធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពយោធាឱ្យកាន់តែខ្លាំង

ឥណ្ឌូនេស៊ី ដែលត្រូវបានគេស្គាល់ថា ជាបងធំនៅតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេស ដែលមានកម្លាំងយោធាខ្លាំងក្លាបំផុតក្នុងតំបន់នោះ នៅតែបន្តមហិច្ឆតាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ