វិស័យការពារជាតិ

​​​អ្នកជំនាញចាត់ទុកការធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្បែរព្រំដែនរបស់ថៃ ជាការសម្ញែងសាច់ដុំយោធា និងគំរាមកំហែងដល់កម្ពុជា


សារព័ត៌មានក្នុងស្រុករបស់ថៃ បានចុះផ្សាយព្រោងព្រាត អំពីការធ្វើសមយុទ្ធយោធារបស់កងទ័ពថៃ ដោយមានការហ្វឹកហាត់ជាក់ស្ដែង និងប្រើប្រាស់គ្រាប់កាំភ្លើងពិតនៅកៀកនឹងខ្សែបន្ទាត់ព្រំដែនកម្ពុជា ដែលមើលទៅហាក់បីដូចជាការត្រៀមលក្ខណៈប្រយុទ្ធយ៉ាងដូច្នោះដែរ។
វិស័យការពារជាតិ
ដោយ

ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញភូមិសាស្រ្តនយោបាយ កត់សម្គាល់ឃើញថា ទោះបីជាការធ្វើសមយុទ្ធនេះជាកម្មវិធីប្រចាំឆ្នាំរបស់ថៃ ក៏ដោយ ប៉ុន្តែសកម្មភាពប្រើប្រាស់គ្រាប់កាំភ្លើងពិតក្នុងទ្រង់ទ្រាយធំ និងធ្វើឡើងនៅជិតព្រំដែនកម្ពុជា បែបនេះ គឺស្ដែងឱ្យឃើញពីការសម្ញែងសាច់ដុំយោធា និងបង្ករការគំរាមកំហែងដល់បូរណភាពទឹកដីកម្ពុជា ស្របពេលដែលស្ថានភាពរវាងប្រទេសទាំងពីរកំពុងមានជម្លោះ និងភាពរកាំរកូសមិនទាន់បានដោះស្រាយនៅឡើយ។
លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានលើកឡើងថា ទោះបីការធ្វើសមយុទ្ធយោធារបស់ថៃ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំជាមួយអាម៉េរិកផង និងចិនផងក៏ដោយ តែការធ្វើសមយុទ្ធនាពេលថ្មីៗនេះ វាហាក់បានបង្ហាញពីចេតនាចង់គំរាមកំហែងសន្តិសុខលើកម្ពុជា ដោយសារតែការជ្រើសរើសទីតាំងកៀកនឹងព្រំដែនខ្មែរ និងការប្រើប្រាស់គ្រាប់កាំភ្លើងពិត។

យ៉ាងណាមិញអ្នកជំនាញរូបនេះយល់ថា កម្ពុជា ចាំបាច់ត្រូវតែពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនឱ្យបានឆាប់រហ័សបំផុត ព្រមទាំងឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដោយប្រមូលនូវភស្តុតាង និងឯកសារពាក់ព័ន្ធនានា ដើម្បីដាក់សម្ពាធទៅលើភាគីថៃ។ ជាពិសេសរាជរដ្ឋាភិបាល ត្រូវតែមានការប្តេជ្ញាចិត្ត និងឆន្ទៈខ្ពស់ក្នុងការធ្វើកំណែទម្រង់វិស័យយោធាឱ្យមានភាពច្បាស់លាស់។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានចាត់ទុកការធ្វើសមយុទ្ធរបស់យោធាថៃ នៅជិតព្រំដែនជាមួយកម្ពុជា ហាក់កំពុងបង្ហាញរូបភាពគំរាមកំហែងមកកម្ពុជាដោយផ្ទាល់ ទាំងដែលយោធាថៃ កំពុងកាន់កាប់ទឹកដីកម្ពុជា នៅតំបន់មួយចំនួនដោយខុសច្បាប់។

សម្រាប់អ្នកជំនាញរូបនេះ ថៃ មិនមានបំណងស្វែករកសន្តិភាពដូចអ្វី ដែលក្រុមអ្នកនយោបាយថៃ មួយចំនួន អះអាងឡើយ ហើយជាក់ស្ដែងថៃ នៅតែដាក់កម្លាំងឈរជើង និងយាមជានិច្ចនៅតំបន់ថៃ រំលោភបំពានកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ កម្ពុជា ចាំបាច់ត្រូវតែទប់ទល់ឱ្យអស់លទ្ធភាពដើម្បីចៀសវាងកុំឱ្យផ្ទុះសង្គ្រាមជាថ្មី ប៉ុន្តែទន្ទឹមនឹងនោះ កម្ពុជា ក៏ត្រូវការធ្វើទំនើបកម្មយោធា និងកំណែទម្រង់ក្នុងវិស័យការពារជាតិ ជាបន្ទាន់ ដើម្បីអាចឆ្លើយតបបានរាល់ការឈ្លានពានណាមួយពីសំណាក់សត្រូវ។
ជាមួយគ្នានេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ បានលើកឡើងថា ថៃ កំពុងតែផ្ញើសារព្រមានមកកម្ពុជាថា ពួកគេនៅតែមានមហិច្ឆតាក្នុងការប្រើប្រាស់កម្លាំងទ័ពបំពានលើកម្ពុជា ដែលកត្តានេះទាមទារឱ្យកម្ពុជា ត្រូវតែត្រៀមលក្ខណៈទប់ទល់ជានិច្ច។ អ្នកជំនាញរូបនេះសង្កេតឃើញថា ថៃ តែងតែរំលោភបំពានលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាដែលមានស្រាប់ម្ដងហើយម្ដងទៀត ប៉ុន្តែលោកមើលឃើញថា ថៃ ហាក់នៅមានភាពញញើតចំពោះមហាអំណាចសហរដ្ឋអាម៉េរិក និងចិន ពោលគឺការអន្តរាគមន៍ការទូតពីមហាអំណាចទាំងពីរនេះនៅតែមានឥទ្ធិពលក្នុងការទប់ស្កាត់មិនឱ្យជម្លោះរីករាលដាលខ្លាំង។ ទន្ទឹមនឹងនេះ លោកបណ្ឌិតយល់ថា កម្ពុជា ចាំបាច់ត្រូវតែធ្វើទំនើបកម្មយោធា និងពង្រីកការផ្សព្វផ្សាយពីបញ្ហានេះឱ្យបានទូលំទូលាយទៅកាន់ពិភពលោក ជាក់ស្ដែងដូចជាការផ្សព្វផ្សាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ របស់សកម្មជនទាមទារយុត្តិធម៌ ឬអ្នកបង្កើតមាតិកាជនជាតិបរទេស លោក ខេវិន ស្មីត (Kevin Smith) ជាដើម។
ជារួមក្រុមអ្នកជំនាញយល់ថា កម្ពុជា ដាច់ខាតត្រូវតែពង្រឹងវិស័យការពារជាតិ និងវិនិយោគបន្ថែមទៅលើអាវុធយុទ្ធភណ្ឌទំនើបៗ ព្រោះភាគីថៃ អាចនឹងមានភាគរយខ្ពស់ក្នុងការយកបញ្ហាជម្លោះជាមួយកម្ពុជា ធ្វើជាឧបករណ៍នយោបាយផ្ទៃក្នុងរបស់ពួកគេ។ កត្តានេះទាមទារឱ្យកម្ពុជា ចាំបាច់ត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីទប់ទល់នឹងការរំលោភបំពានជាថ្មីពីសំណាក់យោធាថៃ ព្រោះថា បញ្ហាព្រំដែនរវាងប្រទេសទាំងពីរនៅតែមានភាពតានតឹងដដែល បើទោះបីជាបច្ចុប្បន្នមានបទឈប់បាញ់ជាមួយគ្នាក៏ដោយ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ថៃ មានចេតនាអ្វីឱ្យពិតប្រាកដបានជាប៉ុនប៉ងចង់លុប MOU ឆ្នាំ២០០០ ជាមួយកម្ពុជា បន្ថែមទៀត?

បន្ទាប់ពីប្រកាសលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ដែលថៃ ហៅថា MOU 44 ដែលជាក្របខណ្ឌដោះស្រាយតំបន់សមុទ្រត្រួត…

ហេតុអ្វី លោក ពូទីន ប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ប្រទេសចិន ភ្លាមៗ បន្ទាប់ពីលោក ត្រាំ?

​​​​ក្រោយជំនួបដ៏កម្ររវាងមេដឹកនាំកំពូលរបស់ចិន និង អាម៉េរិក លោក ដូណាល់ ត្រាំ និង លោក ស៊ី មិនទាន់បានមួយសប្តាហ៍ស្រួលបូលផង ប្រធានាធិបតី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ