សារព័ត៌មាន The Edge Malaysia បានរាយការណ៍ថា ចាប់តាំងពីវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ បានផ្ទុះឡើង យ៉ាងហោចណាស់មានប្រទេសចំនួន២៧ កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងររហូតដល់ត្រូវរៀបចំគោលនយោបាយ និងកម្មវិធីសង្គ្រោះបន្ទាន់ ដើម្បីស្នើសុំកញ្ចប់ថវិកាគាំទ្រពីយន្តការ ដែលមានស្រាប់របស់ធនាគារពិភពលោក។ ប្រភពពីធនាគារពិភពលោក ដែលបានបង្ហើបពីព័ត៌មាននេះ មិនបានបញ្ចេញឈ្មោះប្រទេសទាំង២៧នោះទេ ក្រៅតែពីប្រទេសកេនយ៉ា និងអ៊ីរ៉ាក់ ហើយមន្ត្រីជាន់ខ្ពស់របស់ធនាគារពិភពលោក ក៏មិនទាន់មានការអត្ថាធិប្បាយជាផ្លូវការ និងចំហជុំវិញបញ្ហានេះដែរ។
ពាក់ព័ន្ធនឹងវិបត្តិនេះ មន្ត្រីរដ្ឋាភិបាលប្រទេសកេនយ៉ា បានបញ្ជាក់ថា ពួកគេកំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុជាបន្ទាន់ពីធនាគារពិភពលោក ដើម្បីដោះស្រាយផលវិបាកដែលបង្កឡើងដោយសង្គ្រាម ដូចជាការហក់ឡើងខ្លាំង នៃតម្លៃប្រេងឥន្ធនៈ ដែលកំពុងយាយីដល់សេដ្ឋកិច្ចក្នុងស្រុក។ ដោយឡែកសម្រាប់ប្រទេសអ៊ីរ៉ាក់ ដែលមានប្រភពចំណូលចម្បងពីការនាំចេញប្រេងវិញ ក៏បានស្នើសុំជំនួយផងដែរដោយសារតែទីផ្សារប្រេងរបស់ពួកគេត្រូវជាប់គាំង ដែលរាំងស្ទះដល់លំហូរសាច់ប្រាក់សម្រាប់ទ្រទ្រង់ថវិកាជាតិ។
យោងតាមឯកសារលេចធ្លាយបានបង្ហាញថា ប្រទេសចំនួន២៧ ដែលត្រូវបានបង្ហើបឈ្មោះនេះ គឺស្ថិតក្នុងចំណោមប្រទេសចំនួន១០១ ដែលមានលទ្ធភាពទទួលបានឧបករណ៍ហិរញ្ញប្បទាន ដែលបានរៀបចំទុកជាមុន ដើម្បីទប់ទល់នឹងវិបត្តិ រួមទាំងប្រទេសចំនួន៥៤ ដែលបានចុះហត្ថលេខាលើជម្រើសឆ្លើយតបរហ័ស ដែលអនុញ្ញាតឱ្យពួកគេអាចដកសាច់ប្រាក់រហូតដល់១០% នៃកញ្ចប់ហិរញ្ញប្បទាន ដែលមិនទាន់បានចំណាយយកទៅប្រើប្រាស់ភ្លាមៗ។
លោក អាយ៉ាយ បាំងហ្គា (Ajay Banga) ប្រធានធនាគារពិភពលោកបានថ្លែងថា កញ្ចប់យន្តការដោះស្រាយវិបត្តិរបស់ធនាគារពិភពលោក នឹងអនុញ្ញាតឱ្យបណ្តាប្រទេសរងគ្រោះអាចទាញយកហិរញ្ញប្បទានដែលបានរៀបចំទុកជាមុន យកទៅធ្វើជាទុន ដើម្បីរក្សាសមតុល្យគម្រោង ដែលមានស្រាប់។ លើសពីនេះ តាមរយៈយន្តការចែកចាយរហ័ស ប្រទេសទាំងនោះអាចទទួលបានចំណែកពីកញ្ចប់ហិរញ្ញប្បទានសង្គ្រោះ ដែលមានតម្លៃសរុបប្រមាណពី២០ពាន់លានដុល្លារដល់២៥ពាន់លានដុល្លារអាម៉េរិក ផងដែរ៕
ដោយៈ សរ សុជាតិ