វិស័យបច្ចេកវិទ្យា

CDC អនុម័តឱ្យបង្កើតសួនឌីជីថលតម្លៃជាង៤២លានដុល្លារ ខណៈអ្នកជំនាញរំពឹងក្លាយជាក្បាលម៉ាស៊ីនថ្មីក្នុងការជំរុញផលិតកម្មក្នុងស្រុក


កម្ពុជា កំពុងបោះជំហានយ៉ាងលឿន និងស្វាហាប់បំផុតឆ្ពោះទៅរកការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តជាផ្លូវការលើគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសឌីជីថលកម្ពុជា ដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងទុនវិនិយោគដំបូងរហូតដល់ទៅជាង៤២លានដុល្លារអាម៉េរិក ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វិស័យបច្ចេកវិទ្យា
ដោយ

ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងបច្ចេកវិទ្យា បានចាត់ទុកគម្រោងវិនិយោគមួយនេះថា ជាចំណុចរបត់យុទ្ធសាស្ត្រថ្មីក្នុងការផ្លាស់ប្តូរទិសដៅខ្សែច្រវាក់ផលិតកម្ម និងការវិវិយោគនៅកម្ពុជា ពោលគឺវានឹងរុញច្រានកម្ពុជា ឱ្យចាកចេញពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មបែបប្រពៃណីទៅជាឧស្សាហកម្មកម្រិតខ្ពស់ ដែលពឹងផ្អែកលើចំណេះដឹង បច្ចេកវិទ្យាជាន់ខ្ពស់ និងនវានុវត្តន៍ ដែលនឹងផ្តល់តម្លៃបន្ថែមខ្ពស់ដល់កំណើនសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានចាត់ទុកគម្រោងតំបន់សេដ្ឋកិច្ចពិសេសឌីជីថលកម្ពុជា ដំបូងគេ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបអនុម័ត គឺជាចំណុចរបត់ថ្មីក្នុងការប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលភាគច្រើនជាតំបន់ឧស្សាហកម្មពឹងផ្អែកលើកម្លាំងពលកម្មទៅជាតំបន់អភិវឌ្ឍន៍ផ្អែកលើខួរក្បាលនិងចំណេះដឹង។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា សួនឌីជីថលកម្ពុជានេះនឹងដើរតួជាក្បាលម៉ាស៊ីនថ្មីដ៏មានឥទ្ធិពល ដែលមិនត្រឹមតែបង្កើតចំណូលពន្ធ និងបង្កើតការងារកម្រិតខ្ពស់សម្រាប់យុវជនជំនាន់ក្រោយនោះទេ ប៉ុន្តែវានឹងក្លាយជាឧបករណ៍យុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋ និងការធ្វើឌីជីថលូបនីយកម្មនៅក្នុងវិស័យឯកជនទូទាំងប្រទេស ដែលធានាបាននូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយភាពច្នៃប្រឌិត និងចីរភាព។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានគូសបញ្ជាក់ពីគុណតម្លៃដ៏សំខាន់ នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឌីជីថលកម្ពុជា ដែលជាក្បាលម៉ាស៊ីនថ្មី សម្រាប់ជំរុញការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាតិ។ បើតាមអ្នកជំនាញរូបនេះ សួនឌីជីថលនេះ នឹងដើរតួជាមេដែកឆក់យ៉ាងមានប្រសិទ្ធភាពក្នុងការទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ឱ្យមកបោះទុនវិនិយោគលើវិស័យសំខាន់ៗដូចជាការអភិវឌ្ឍប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធសន្តិសុខសាយប័រជាដើម។ បន្ថែមលើនេះ វានឹងក្លាយជាថ្នាលបណ្តុះការគិត ជំរុញការបង្កើតធុរកិច្ចថ្មីៗឱ្យកាន់តែរីកដុះដាល និងលើកស្ទួយសមត្ថភាពប្រកួតប្រជែងឌីជីថលរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
គួររំឮកថា កាលពីខែឧសភា កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តជាផ្លូវការលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសឌីជីថលកម្ពុជានេះ ដោយផ្ដល់ឱកាសការងារជំនាញបច្ចេកវិទ្យាភ្លាមៗបានជាង២,០០០កន្លែង។ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលថ្មីៗនេះបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍សួនឌីជីថលដ៏មហិមានេះ ត្រូវសាងសង់ឡើងនៅលើផ្ទៃដីប្រមាណ១៦០ហិកតា។ គោលដៅធំបំផុតនៃការបង្កើតសួនឌីជីថលនេះ គឺដើម្បីប្រែក្លាយកម្ពុជា ទៅជា​មជ្ឈមណ្ឌលឌីជីថលប្រចាំតំបន់ ដែលនឹងជំរុញឱ្យមានបដិវត្តន៍កម្មសហគ្រិនភាព ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យឌីជីថល ការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យដ៏រឹងមាំសម្រាប់ជាតិ៕

អត្ថបទ សោម ស្រីពេជ្រ​




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនអាមេរិក Charles River Laboratories (CRL)

(រាជធានីភ្នំពេញ)៖ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី…

ផ្ទុះការជជែកដេញដោល! អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលពន្លឿនធ្វើស្ពានឆ្លងទៅតំបន់ជីផាត ដើម្បីសម្រួលការធ្វើដំណើរ និងបញ្ចប់ការកកស្ទះ

សហគមន៍អេកូទេសចរណ៍ជីផាត នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង កំពុងក្លាយជាឋានសួគ៌បៃតងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរដែលស្រឡាញ់ធម្មជាតិ ជាពិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ