វិស័យពាណិជ្ជកម្ម

​ទីក្រុងវ៉ាស៊ីន​តោន ដាក់កម្ពុជា ក្នុងបញ្ជីជាប្រទេសជួយចម្លងទំនិញចិន គេចពន្ធអាម៉េរិក ខណៈអ្នកជំនាញស្នើឱ្យពង្រឹងការត្រួតពិនិត្យប្រភពដើមទំនិញ


វិស័យនាំចេញកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ កំពុងប្រឈមមុខនឹងរលកសម្ពាធថ្មី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់បញ្ចូលកម្ពុជាទៅក្នុងកម្រិតទី ៣ នៃក្រុមប្រទេសជាង៤០ ដែលត្រូវសង្ស័យថា ជាច្រកផ្លូវឆ្លងកាត់ទំនិញចិន ដើម្បីបន្លំប្រភពដើម និងគេចពន្ធគយអាម៉េរិក។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយបានព្រមានថា ទោះបីជាវិធានការនេះមិនទាន់វាយប្រហារសេដ្ឋកិច្ចកម្ពុជា ឱ្យដួលរលំភ្លាមៗក្តី ប៉ុន្តែវាជាសញ្ញាព្រមានមួយសម្រាប់ឧស្សាហកម្មកាត់ដេរ បន្ទះសូឡា និងផលិតផល ដែលពឹងផ្អែកលើធាតុចូលពីចិន។ ដើម្បីរក្សាប្រៀបប្រកួតប្រជែង កម្ពុជា គ្មានជម្រើសអ្វីក្រៅពីការពង្រឹងច្បាប់ប្រភពដើម ជំរុញការផលិតវត្ថុធាតុដើមក្នុងស្រុក និងធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យបានឆាប់រហ័សនោះឡើយ។

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានទាញការចាប់អារម្មណ៍ថា ការចាត់ថ្នាក់កម្ពុជាក្នុងកម្រិតទី៣នេះ គឺជាផ្នែកមួយ នៃយន្តការគិតពន្ធនាំចូលរបស់គយអាម៉េរិកប៉ុណ្ណោះ។ លោកមើលឃើញថា បច្ចុប្បន្នកម្ពុជានៅតែទទួលបានអត្រាពន្ធគយ១០% ដូច្នេះផលប៉ះពាល់ផ្ទាល់ភ្លាមៗមិនទាន់កើតមានធ្ងន់ធ្ងរនៅឡើយទេ។

ទោះជាយ៉ាងណា លោកបណ្ឌិត បានសង្កត់ធ្ងន់ថា នេះជាពេលវេលាដែលកម្ពុជាត្រូវធ្វើកំណែទម្រង់រចនាសម្ព័ន្ធពាណិជ្ជកម្មទ្វេភាគីជាមួយអាម៉េរិកជាបន្ទាន់ ដោយត្រូវរត់ចេញពីគំរូចាស់ ដែលនាំចូលវត្ថុធាតុដើមពីចិនរហូតដល់ទៅ៩៩%។ លោកយល់ឃើញថា កម្ពុជាត្រូវបង្វែរទិសដៅទៅរកប្រភពធាតុចូល និងគ្រឿងបង្គុំផ្សេងទៀត ព្រមទាំងប្តេជ្ញាលុបបំបាត់អំពើពុករលួយ និងទាក់ទាញវិនិយោគិនអាម៉េរិកផ្ទាល់ ដើម្បីការពារទំហំពាណិជ្ជកម្មជាមួយទីផ្សារដ៏ធំមួយនេះ។

ជាមួយគ្នានេះលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា របាយការណ៍ប្រមាណជាង២០ទំព័ររបស់អាម៉េរិក ដែលដាក់ការចោទប្រកាន់លើប្រទេសកម្ពុជា ជាច្រកសម្រាប់ចម្លងទំនិញចិន ចូលទីផ្សារអាម៉េរិកនេះ គឺជាយុទ្ធសាស្រ្តការពារពាណិជ្ជកម្មបែបជ្រុលនិយម និងឆ្លុះបញ្ចាំងឱ្យឃើញពីការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងអាម៉េរិក និងចិន។

អ្នកជំនាញរូបនេះថា វិស័យដែលនឹងត្រូវប្រឈមធ្ងន់ជាងគេពីការចោទប្រកាន់នេះមានវិស័យកាត់ដេរ និងសម្លៀកបំពាក់ បន្ទះសូឡា គ្រឿងបន្លាស់ និងបច្ចេកវិទ្យា ហើយវាក៏អាចជះផលប៉ះពាល់ដល់ម៉ាក្រូសេដ្ឋកិច្ចកម្ពុជាផងដែរ។

លោកបណ្ឌិត ញិល រដ្ឋា បានសង្កត់ធ្ងន់ថា ដំណោះស្រាយសម្រាប់កម្ពុជា គឺត្រូវរឹតបន្តឹងបទប្បញ្ញត្តិប្រភពដើមទំនិញឱ្យស្អាតស្អំ១០០% ធានាថាគ្មានការលួចជ្រកក្រោមស្លាកចិន ព្រមទាំងកែប្រែគោលនយោបាយលើកទឹកចិត្ត ដើម្បីទាក់ទាញរោងចក្រផលិតវត្ថុធាតុដើមមកបោះទុននៅកម្ពុជា។

យ៉ាងណាមិញលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Bloomberg ថា កម្ពុជា កំពុងចរចាជាមួយសហរដ្ឋអាម៉េរិក អំពីការបង្កើតប្រព័ន្ធកូតារួមជាមួយដៃគូពាណិជ្ជកម្មក្នុងតំបន់មួយចំនួនទៀតដូចជា បង់ក្លាដែស ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ យន្តការនេះផ្តោតសំខាន់លើការនាំចូលវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរពីសហរដ្ឋអាម៉េរិក យកមកកែច្នៃបន្ថែមនៅកម្ពុជា ហើយបន្ទាប់មកនាំចេញត្រឡប់ទៅកាន់ទីផ្សារអាម៉េរិកវិញ ដោយទទួលបានការលើកលែងពន្ធ និងគ្មានការកម្រិតកូតា។ លោកជំទាវបានសង្កត់ធ្ងន់ថា ការធ្វើសមាហរណកម្មខ្សែច្រវាក់ផលិតកម្មបែបនេះនឹងជួយឱ្យកម្ពុជាមានសមត្ថភាពឆ្លើយតបកាន់តែប្រសើរចំពោះវត្ថុធាតុដើមដែលនាំចូល។

គួររំលឹកថា កាលពីពេលថ្មីការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានសម្រេចដាក់ពន្ធ១០% លើទំនិញនាំចូលពីប្រទេសកម្ពុជា ក្រោមហេតុផលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ អាម៉េរិក បានចោទប្រកាន់ថា កម្ពុជា បាននាំចូលវត្ថុធាតុដើម ដែលពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ ហើយយកមកកែច្នៃនាំចេញបន្តទៅអាម៉េរិក រួមមាន កប្បាស អាលុយមីញ៉ូម និងប៉ូស៊ីលីកូនជាដើម នៅចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងស្មើភាព៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


SDF ឈ្នះពានរង្វាន់អន្តរជាតិចំនួន ៣ ពីស្ថាប័ន Brandon Hall Group របស់សហរដ្ឋអាមេរិក

SDF សម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀត ដោយទទួលបានពានរង្វាន់អន្តរជាតិចំនួន ៣ ក្នុងកម្មវិធី 2026 Brandon Hall Group HCM Excell…

យន្តការលើកលែងពន្ធនាំចូលបានជំរុញការប្រើប្រាស់រថយន្តអគ្គិសនី តែជះផលប៉ះពាល់ដល់ក្រុមហ៊ុនផ្គុំ និងដំឡើងក្នុងស្រុក

និន្នាការនៃការប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅកម្ពុជា កំពុងស្ទុះហក់ឡើងយ៉ាងគំហុកមិនធ្លាប់មាន។ កត្តានេះកើតឡើងដោយសារសម្ពាធ នៃការឡើងថ្លៃប្រេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ