ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងថា លោក ហោង ទ្រុង (Hoang Trung) អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានអំណាចដោយបានចេញគោលនយោបាយខុសច្បាប់ និងបង្កើតអាជ្ញាបណ្ណរងដោយគ្មានការអនុញ្ញាត ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងស្វែងរកផលប្រយោជន៍ខុសច្បាប់ក្នុងទំហំទឹកប្រាក់យ៉ាងមហាសាលពាក់ព័ន្ធនឹងខ្សែច្រវាក់នាំចេញផ្លែទុរេន។ ជាមួយគ្នានេះលោក ង្វៀង កាង ហ៊ើយ (Nguyen Quang Hieu) អនុប្រធាននាយកដ្ឋានផលិតកម្មដំណាំ និងការពាររុក្ខជាតិ ក៏រងការចោទប្រកាន់ពីបទរំលោភបំពានអំណាចដូចគ្នាដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Straits Times។
ការរំលោភបំពានអំណាចរបស់ក្រុមមន្ត្រីគ្រាក់ៗទាំងនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាកសិករអ្នកដាំដុះទុរេន ក៏ដូចជាក្រុមហ៊ុននាំចេញ ព្រមទាំងបណ្តាលឱ្យខាតបង់ថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបង្កផលប៉ះពាល់យ៉ាងអាក្រក់ដល់កិត្យានុភាព នៃវិស័យកសិកម្មវៀតណាមទាំងមូលនៅលើឆាកអន្តរជាតិ។ ក្នុងប្រតិបត្តិការដដែលនេះ មន្ត្រីនគរបាល ក៏បានឃាត់ខ្លួនមន្ត្រីក្រសួងកសិកម្ម២រូបផ្សេងទៀតពីបទក្លែងបន្លំឯកសារផងដែរ។
ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ទាំងនេះ គឺជាលទ្ធផល នៃការពង្រីកការស៊ើបអង្កេតលើប្រព័ន្ធនីតិវិធី នៃការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន ដែលជាប់ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលធ្វើតេស្ត ផ្តល់វិញ្ញាបនបត្រ និងសេវាកម្មគុណភាព ស្ថិតក្រោមចំណុះក្រសួងកសិកម្ម ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗពីររបស់វៀតណាមផងដែរ។ សំណុំរឿងអាស្រូវនេះបានផ្ទុះឡើង ចំពេលដែលប្រទេសវៀតណាម កំពុងប្រឹងប្រែងប្រជែងរក្សាកូតានាំចេញទៅកាន់ទីផ្សារចិន ដែលជាទីផ្សារគោលដៅធំបំផុត និងសំខាន់បំផុតសម្រាប់ផ្លែទុរេនវៀតណាម ក្នុងខណៈពេលដែលអាជ្ញាធរចិនកំពុងបង្កើនការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បំផុតលើគុណភាពផ្លែឈើនាំចូល និងបទដ្ឋានភូតគាមអនាម័យ៕
អត្ថបទៈ សួន ឡង់ទី