វិស័យពាណិជ្ជកម្ម

កម្ពុជា នាំចូលម៉ាស៊ីន និងឧបករណ៍អគ្គិសនី ក្នុងទំហំជាង១,៣ពាន់លានដុល្លារ កើនឡើងជិត៨៥% នៅ៤ខែឆ្នាំនេះ


វិបត្តិថាមពលសកល និងការប្រែប្រួលនៃតម្រូវការទីផ្សារកំពុងជំរុញឱ្យនិន្នាការនៃការប្រើប្រាស់ឧបករណ៍អគ្គិសនីនៅកម្ពុជា បានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ កម្ពុជា បានចំណាយទឹកប្រាក់រហូតដល់ទៅជាង១,៣ពាន់លានដុល្លារលើការនាំចូលម៉ាស៊ីន និងឧបករណ៍អគ្គិសនី ដែលចំនួននេះ មានការកើនឡើងជិត៨៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វិស័យពាណិជ្ជកម្ម
ដោយ

កំណើនយ៉ាងគំហុកនេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ជាសញ្ញាវិជ្ជមាននៃការធ្វើទំនើបកម្មឧស្សាហកម្ម និងការផ្លាស់ប្តូរឥរិយាបថប្រើប្រាស់របស់ពលរដ្ឋខ្មែរ ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថល។
របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញពីតួលេខដ៏គួរឱ្យភ្ញាក់ផ្អើល ដោយនៅ៤ខែឆ្នាំនេះ កម្ពុជា បាននាំចូលម៉ាស៊ីន ឧបករណ៍អគ្គិសនី និងគ្រឿងបន្ទាប់បន្សំក្នុងតម្លៃសរុបប្រមាណ១,៣០០លានដុល្លារអាម៉េរិក។ តួលេខនេះបានកើនឡើងរហូតដល់ជិត៨៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលកាលនោះមានទំហំទឹកប្រាក់ត្រឹមប្រមាណ៧១៥លានដុល្លារប៉ុណ្ណោះ។

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានវាយតម្លៃថា កំណើនដ៏ខ្លាំងក្លានេះត្រូវបានជំរុញជាចម្បងដោយសារការកើនឡើង នៃលំហូរវិនិយោគក្នុងវិស័យឧស្សាហកម្ម ដែលតម្រូវឱ្យមានការប្រើប្រាស់គ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបៗសម្រាប់ពង្រីកផលិតកម្ម។ កំណើននេះ ក៏បានឆ្លុះបញ្ចាំងពីសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលកំពុងមានសម្ទុះ និងការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការឈានទៅរកសេដ្ឋកិច្ចឌីជីថលពេញលេញ។
ក្រៅពីកត្តាវិនិយោគ ការងាកមកប្រើប្រាស់ឧបករណ៍អគ្គិសនីជំនួសឱ្យឧស្ម័នហ្គាសសម្រាប់ចម្អិនអាហារ ក្នុងចំណោមប្រជាពលរដ្ឋ ក៏ជាកម្លាំងចលករមួយជួយជំរុញកំណើននេះផងដែរ។ និន្នាការនេះកើតឡើងចំពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពល និងការឡើងថ្លៃប្រេងឥន្ធនៈ ដែលបង្កឡើងដោយជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានកែសម្រួល និងបញ្ចុះអត្រាពន្ធនាំចូលរហូតដល់០%លើមុខទំនិញយុទ្ធសាស្ត្រមួយចំនួនរួមមានឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយអគ្គិសនី, ប្រព័ន្ធថាមពលសូឡា និងអាគុយលីចូមជាដើម៕




អត្ថបទបន្ទាប់


កសិកររំពឹងទីផ្សារទុរេនខ្មែរនឹងកាន់តែមានសក្ដានុពល ក្រោយបានហក់ចូលទីផ្សារចិន

មកទល់ពេលមានចម្ការទុរេនជាង១០០ និងរោងចក្រវេចខ្ចប់ចំនួន៣០ត្រូវបានចុះបញ្ជីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា …

ជីកសិកម្មហក់ឡើង៥០%! តើកម្ពុជា អាចប្រឈមនឹងកង្វះស្បៀងអាហារដែរទេ ខណៈច្រកសមុទ្រហ័រម៉ូស នៅតែបន្តបិទ?

អង្គការសហប្រជាជាតិ បានចេញការព្រមានថា តំបន់អាស៊ីអាចនឹងជួបវិបត្តិសន្តិសុខស្បៀងបន្ថែមលើវិបត្តិថាមពល បន្ទាប់ពីការដឹកជញ្ជូនជីកសិកម្ម និងស្បៀង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ