លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ការដែលភាគីថៃយកកម្រងរូបភាពរបស់ទាហានកម្ពុជា ដែលបានពលីក្នុងសមរភូមិនាអតីតកាលមកបង្ហាញឡើងវិញនេះ គឺមានចេតនាចង់បញ្ឆេះកំហឹងឱ្យពលរដ្ឋមានការខឹងសម្បារចំពោះរដ្ឋាភិបាលក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង និងមួយវិញទៀត គឺដើម្បីបង្ហាញពីអំនួតយោធារបស់ខ្លួនទៅកាន់ពលរដ្ឋថៃ។ សម្រាប់អ្នកជំនាញរូបនេះ ថៃ កំពុងតែប្រើប្រាស់អន្ទាក់សង្គ្រាមចិត្តសាស្ត្រសាជាថ្មីមកលើពលរដ្ឋកម្ពុជា ដែលទាមទារឱ្យពលរដ្ឋខ្មែរត្រូវតែពង្រឹងជំហរស្មារតីសាមគ្គីគ្នាឱ្យបានរឹងមាំរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ព្រមទាំងរួមគ្នាកសាងសមត្ថភាពជាតិ ឱ្យកាន់តែខ្លាំងក្លាលើគ្រប់វិស័យ ដើម្បីចៀសផុតពីការប្រមាថ និងការឈ្លានពានពីប្រទេសជិតខាងនាពេលអនាគត។
ជាមួយគ្នានេះ លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា យល់ឃើញថា ក្នុងករណីដែលភាគីថៃ គាស់កកាយរូបភាពទាហានខ្មែរពលីមកបង្ហាញជាថ្មីនេះ គឺធ្វើឡើងក្នុងគោលបំណងបំបាក់ទឹកចិត្តរបស់កងទ័ពខ្មែរ ដែលកំពុងឈរជើងការពារទឹកដីយ៉ាងរឹងមាំនៅជួរមុខ និងចង់បង្ហាញពលរដ្ឋខ្លួនថា យោធាថៃ មានប្រៀបជាងកងទ័ពកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងកាលៈទេសៈបែបនេះ ពលរដ្ឋខ្មែរត្រូវប្រកាន់ខ្ជាប់នូវស្មារតីជាតិនិយមឱ្យបានខ្ពស់ ហើយមិនត្រូវធ្លាក់ចូលទៅក្នុងអន្ទាក់វាយប្រហារដោយសង្គ្រាមពាក្យសម្តីជាមួយមហាជនថៃ នៅលើប្រព័ន្ធផ្សព្វផ្សាយអនឡាញនោះឡើយ។ យ៉ាងណាមិញរដ្ឋាភិបាល ដាច់ខាតមិនត្រូវបង្ហាញចំណុចខ្សោយឱ្យភាគីថៃ បានដឹងឡើយ ជាពិសេសត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមលើជីវភាពកងទ័ព និងគ្រួសារកងទ័ពជួរមុខ ក៏ដូចជាលើកកម្ពស់យុត្តិធម៌សង្គមឱ្យបានកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២២ ខែឧសភា បានប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលបានចោទប្រកាន់ទាំងគ្មានមូលដ្ឋានថា កងទ័ពកម្ពុជា បានផ្ទុះអាវុធចំនួន៥គ្រាប់នៅតំបន់ភ្នំបាក់ ស្ថិតក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្រសួងការពារជាតិ បានចាត់ទុកការចោទប្រកាន់នេះថា ជាព័ត៌មានក្លែងក្លាយ និងជាការមួលបង្កាច់ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន៕
អត្ថបទ៖ ជា ម៉ារ៉ា