កត្តារួមផ្សំទាំងនេះបានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពីអត្រា ៥,៥% មកនៅត្រឹម ៥%ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៧ ខាងមុខ។ តើសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៧ នឹងបន្តជួបប្រទះនឹងបញ្ហាប្រឈមគន្លឹះអ្វីខ្លះ ហើយការកែសម្រួលតួលេខនេះឆ្លុះបញ្ចាំងពីសញ្ញាណបែបណា?
លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកការកែសម្រួលទិសដៅកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៧ ខាងមុខនេះ ថា ជាការវាយតម្លៃប្រកបដោយការប្រុងប្រយ័ត្នខ្ពស់របស់រាជរដ្ឋាភិបាល ស្របទៅតាមនិន្នាការមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជាពិសេសវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះវាយតម្លៃថា កំណើនក្នុងរង្វង់ ៥% នៅឆ្នាំ២០២៧ នៅតែជាកម្រិតមួយល្អ ដែលបង្ហាញពីភាពធន់ និងភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា បើធៀបនឹងបរិការណ៍សេដ្ឋកិច្ចសកលលោក។ ជាមួយគ្នានេះ លោកបណ្ឌិត បានចាត់ទុកការដាក់ចេញនូវ«ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩» របស់រាជរដ្ឋាភិបាល គឺជាការរៀបចំគោលនយោបាយដ៏សំខាន់សម្រាប់ការចំណាយ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា តួលេខកំណើនសេដ្ឋកិច្ច ៥% នៅឆ្នាំ២០២៧ អាចនឹងមានការប្រែប្រួល ព្រោះវាអាស្រ័យលើការផ្លាស់ប្តូរជាក់ស្តែងនៃកត្តាខាងក្រៅ។ យ៉ាងណាមិញអ្នកជំនាញរូបនេះយល់ថា កម្ពុជា ត្រូវតែបន្តពង្រឹងសមត្ថភាពផ្ទៃក្នុង និងត្រៀមខ្លួនឱ្យបានខ្លាំងក្លាបន្ថែមទៀតលើគ្រប់វិស័យ ដើម្បីឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជានៃការប្រែប្រួលសកល ដែលកំពុងឈានទៅរកការរង្គោះរង្គើសណ្តាប់ធ្នាប់អន្តរជាតិ និងរាំងស្ទះដល់ការរីកចម្រើនសេដ្ឋកិច្ច។
បើយោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងស្ថិតក្នុងអត្រា ៥% ក្នុងឆ្នាំ២០២៧ និងងើបឡើងក្នុងរង្វង់មធ្យម ៥,៥% សម្រាប់ឆ្នាំ២០២៨-២០២៩។ ទោះជាយ៉ាងណា ដំណើរវិវត្តនេះកំពុងរងការគម្រាមកំហែងដោយហានិភ័យខាងក្រៅ ដូចជា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលជំរុញឱ្យថ្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់, ការអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក, ការថមថយសន្ទុះសេដ្ឋកិច្ចសកល ជាពិសេសក្នុងចំណោមប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា និងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ កម្ពុជា ក៏នៅបន្តប្រឈមនឹងបញ្ហាផ្ទៃក្នុងមួយចំនួន រួមមាន សម្ទុះកំណើនយឺតយ៉ាវក្នុងវិស័យសំណង់ អចលនទ្រព្យ និងទេសចរណ៍, ការនាំចេញដែលនៅមានលក្ខណៈប្រមូលផ្តុំខ្លាំងលើមុខទំនិញតែមួយចំនួន, បញ្ហាបំណុលឯកជនស្ថិតក្នុងកម្រិតខ្ពស់ និងការបន្តកើនឡើងនៃឥណទានមិនដំណើរការ (NPL) ព្រមទាំងការកៀរគរចំណូលជាតិ ដែលបន្តមានកំណើនទាប និងការថមថយនៃហិរញ្ញប្បទានពីក្រៅប្រទេស។
យ៉ាងណាមិញ បើក្រឡេកមកមើលស្ថានភាពកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៦ នេះវិញ ត្រូវបានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហើបឱ្យដឹងថា នឹងសម្រេចបានក្នុងអត្រាកំណើនត្រឹមតែ ៤,២% ប៉ុណ្ណោះ ដែលតួលេខនេះ គឺទាបជាងការព្យាករកាលពីពេលមុន ដែលរំពឹងថា សម្រេចបានក្នុងរង្វង់ ៥% និងទាបជាងអត្រាកំណើនកាលពីឆ្នាំ២០២៥ កន្លងទៅ ដែលសម្រេចបានរហូតដល់ ៥,៣% ឯណោះ៕
អត្ថបទ សោម ស្រីពេជ្រ