ជាមួយគ្នានេះ UN ព្រមានថា បើស្ថិតក្នុងសេណារីយ៉ូអាក្រក់ជាងនេះ កំណើនសេដ្ឋកិច្ច ពិភពលោកអាចនឹងធ្លាក់ចុះបន្ថែមទៀតមកនៅត្រឹម ២,១% ប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២០ ខែឧសភា។
ជាមួយគ្នានេះ UN បានព្រមានថា ការហក់ឡើងតម្លៃថាមពល និងការដឹកជញ្ជូនដែលបណ្តាលមកពី សង្គ្រាមអ៊ីរ៉ង់ និងការបិទច្រកសមុទ្រ Hormuz កំពុងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងពិភពលោកយ៉ាងខ្លាំង។ UN ក៏បានព្រមានដែរថា ក្នុងសេណារីយ៉ូដ៏អាក្រក់ជាងនេះកំណើនសេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចុះបន្ថែមទៀតមកត្រឹម២,១%ប៉ុណ្ណោះ ដែលជាកម្រិតខ្សោយបំផុតមិនធ្លាប់មាននៅក្នុងសតវត្សរ៍ទី២១នេះ ក្រៅពីវិបត្តិកូវីដ-១៩ និងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨។
សម្រាប់តំបន់មជ្ឈិមបូព៌ា ត្រូវបានព្យាករថា នឹងទទួលរងការខូចខាតសេដ្ឋកិច្ចធំបំផុត ដោយកំណើននៅអាស៊ីខាងលិចនឹងធ្លាក់ចុះពី៣,៦% មកត្រឹម១,៤% ដោយសារតែវិបត្តិថាមពល ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងការរាំងស្ទះដល់ការផលិតប្រេង សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍។
អឺរ៉ុប ក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ដោយសារតែការពឹងផ្អែកលើថាមពលនាំចូល ខណៈដែលសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក ត្រូវបានព្យាករថា នឹងនៅតែមានស្ថិរភាព។ ទន្ទឹមនេះប្រទេសចិន និងឥណ្ឌា នៅតែត្រូវបានព្យាករថា នឹងសម្រេចបានកំណើនយ៉ាងរឹងមាំ ទោះបីជាល្បឿនកំណើនយឺតជាងឆ្នាំមុនក៏ដោយ៕
ដោយ: តែម សុខុម