វិធានការរួមគ្នានេះបានជួយសម្រួលដល់កង្វល់ជុំវិញការខូចខាតហេដ្ឋារចនាសម្ព័ន្ធប្រេងនៅតំបន់ឈូងសមុទ្រពែក្ស បើទោះបីជាសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ នៅតែបន្តអូសបន្លាយ និងបង្កការគំរាមកំហែងដល់ផ្លូវនាវាចរណ៍យ៉ាងណាក៏ដោយ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia នៅព្រឹកថ្ងៃទី៥ ខែតុលា តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ៧២សេនមកនៅត្រឹមជាង១០១ដុល្លារក្នុង១បារ៉ែល។ ដោយឡែកតម្លៃប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាម៉េរិកបានធ្លាក់ចុះជាង១ដុល្លារមកប្រមាណ៩០ដុល្លារក្នុងមួយបារ៉ែល។ ការធ្លាក់ចុះនេះកើតឡើងក្រោយក្រុមប្រទេស G7 បានព្រមព្រៀងគ្នាបញ្ចេញប្រេងឆៅ និងប្រេងម៉ាស៊ូតសរុប១០០លានបារ៉ែលចេញពីស្តុកបម្រុងគ្រាអាសន្ន ព្រមទាំងប្តេជ្ញាមិនដាក់កំហិតលើការនាំចេញថាមពលតាមការទាមទារ និងការសម្ពាធពីប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ។
ទិន្នន័យ នៃការដឹកជញ្ជូនផ្លូវសមុទ្របានបង្ហាញថា ការបញ្ចេញប្រេងបម្រុងនេះបានបន្ថែមលើទំហំនាំចេញប្រេងឆៅពីមជ្ឈិមបូព៌ា ដែលបានស្ទុះងើបឡើងលើសកម្រិតមុនពេលផ្ទុះសង្គ្រាមក្នុងអំឡុងចុងខែកញ្ញា បើទោះបីជាមានការវាយប្រហារលើនាវាដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ជាបន្តបន្ទាប់ក៏ដោយ។
ប្រធានអ្នកវិភាគនៅក្រុមហ៊ុន KCM Trade បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុម G7 ក្នុងការបើកឃ្លាំងស្តុកបម្រុងយុទ្ធសាស្ត្របានជួយកាត់បន្ថយសម្ពាធ និងកង្វល់ភ្លាមៗពីការខ្វះខាតការផ្គត់ផ្គង់។ បន្ថែមលើនេះ បរិមាណនាំចេញរបស់អារ៉ាប៊ីសាអ៊ូឌីត ក៏កំពុងត្រឡប់ទៅរកកម្រិតដើមវិញ បើទោះបីជាការដឹកជញ្ជូនទាំងនោះត្រូវប្រឈមនឹងថ្លៃដើមខ្ពស់ និងហានិភ័យផ្លូវសមុទ្រខ្លាំងក៏ដោយ។
ទន្ទឹមនឹងនេះប្រភពជិតស្និទ្ធបានឱ្យដឹងថា ក្រុមប្រទេស OPEC+ បានសម្រេចពន្យារពេលការពិនិត្យឡើងវិញនូវកូតាផលិតកម្មប្រេងឆ្នាំ២០២៧ សម្រាប់ប្រទេសសមាជិកដោយសារតែវិបត្តិសង្គ្រាមអ៊ីរ៉ង់ បានរំខានយ៉ាងធ្ងន់ធ្ងរដល់គម្រោងពង្រីកសមត្ថភាពផលិតនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដែលធ្វើឱ្យការប្រមើលមើលសេដ្ឋកិច្ចថាមពលនាពេលអនាគតស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ៕
អត្ថបទៈ សួន ឡង់ទី