វិស័យការបរទេស

ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅចិន មិនមែនជារឿងចៃដន្យ តែជាយុទ្ធសាស្ត្រត្រូវ​ការរឿង៣យ៉ាងពី​ចិន


ពិភពលោកកំពុងចោលក្រសែភ្នែកសម្លឹងមើល និងសញ្ជឹងគិតយ៉ាងយកចិត្តទុកដាក់បំផុតចំពោះជំហានយុទ្ធសាស្ត្រថ្មីរវាងរុស្ស៊ី និងចិន ក្រោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងភ្លាមៗ បន្ទាប់ពីការចាកចេញរបស់លោក ដូណាល់ ត្រាំ។ ជាការពិតណាស់នេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាជាបន្ទាត់យុទ្ធសាស្ត្រដ៏សំខាន់ ខណៈដែលរុស្ស៊ីកំពុងត្រូវការរឿង៣យ៉ាងជាចាំបាច់ពីចិន។
វិស័យការបរទេស
ដោយ

នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ តើបំណងប្រាថ្នាទាំង៣យ៉ាងដែលវិមានក្រឹមឡាំងចង់បានពីទីក្រុងប៉េកាំង មានអ្វីខ្លះ?
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែឧសភា ដែលមានគោលបំណងពង្រឹងទំនាក់ទំនងជាមួយមេដឹកនាំចិន គឺប្រធានាធិបតី ស៊ី ជីនភីង ខណៈដែលរុស្ស៊ី កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីទណ្ឌកម្មរបស់លោកខាងលិច និងសង្គ្រាមអ៊ុយក្រែន ដែលកំពុងបន្តឆាបឆេះ។ ពេលនេះរុស្ស៊ីកំពុងស្វែងរកការគាំទ្រជាចម្បងពីប្រទេសចិនលើ៣ចំណុចសំខាន់ៗរួមមាន៖

ទី១៖ ការគាំទ្រផ្នែកនយោបាយ និងការទូត

លោក ពូទីន ចង់បញ្ជាក់ជាថ្មីម្ដងទៀតថា ចិន នៅតែជាសម្ពន្ធមិត្តដ៏សំខាន់បំផុតរបស់រុស្ស៊ី ទោះបីជារុស្ស៊ី រងសម្ពាធពីលោកខាងលិចយ៉ាងណាក៏ដោយ។ ទីក្រុងមូស្គូ ក៏កំពុងស្វែងរកការគាំទ្រផ្នែកការទូតពីចិន ជាបន្តបន្ទាប់ផងដែរ ទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន និងភាពតានតឹងរបស់អង្គការបក្សសម្ពន្ធយោធា NATO នៅអឺរ៉ុបខាងកើត។

ទី២៖ កិច្ចសហប្រតិបត្តិការថាមពល

គោលដៅដ៏ធំបំផុតមួយរបស់រុស្ស៊ី គឺធានាឱ្យបាននូវការអនុម័តគម្រោងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 ដែលនឹងបញ្ជូនឧស្ម័នរុស្ស៊ីបន្ថែមទៀតទៅកាន់ប្រទេសចិន រត់កាត់តាមប្រទេសម៉ុងហ្គោលី។ ចាប់តាំងពីរុស្ស៊ី បានបាត់បង់ទីផ្សារឧស្ម័ននៅអឺរ៉ុបភាគច្រើន បន្ទាប់ពីខ្លួនបានបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែនមក ចិន បានក្លាយជាអ្នកទិញថាមពលដ៏សំខាន់សម្រាប់ទីក្រុងមូស្គូ។ ទោះជាយ៉ាងណាក្រុមអ្នកវិភាគលើកឡើងថា ទីក្រុងប៉េកាំង ក៏មិនប្រញាប់ប្រញាល់អនុម័តកិច្ចព្រមព្រៀងនេះឡើយ ព្រោះចិន នៅតែមានសមត្ថភាពអាចផ្គត់ផ្គង់ថាមពលចម្រុះ និងទុនបម្រុងយ៉ាងច្រើន។

ទី៣៖ ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច

ប្រទេសរុស្ស៊ី ពឹងផ្អែកកាន់តែខ្លាំងឡើងលើចិន ផ្នែកបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក និងទំនិញប្រើប្រាស់ដោយសារខ្លួនរងទណ្ឌកម្មពីលោកខាងលិចជុំទិស។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានរាយការណ៍ថា បានកើនឡើងទ្វេដងក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ដែលធ្វើឱ្យប្រទេសចិន ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់រុស្ស៊ី។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ បានទៅទស្សនកិច្ចនៅទីក្រុងប៉េកាំង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០២៦ ដែលនេះ ឆ្លុះបញ្ចាំងពីការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងរវាងក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ដែលរុញច្រានឱ្យរុស្ស៊ី កាន់តែទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន។ ក្រុមអ្នកវិភាគបានលើកឡើងថា ពូទីន សង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងបង្ហាញថា រុស្ស៊ី នៅតែមានភាពជាដៃគូអន្តរជាតិ ដ៏រឹងមាំ ទោះបីជាមានការឯកោផ្នែកសេដ្ឋកិច្ចដោយសារលោកខាងលិច ដាក់ទណ្ឌកម្មជុំទិសយ៉ាងណាក៏ដោយ៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


​​ហេតុអ្វីចិន ជាមហាអំណាចសេដ្ឋកិច្ច តែមិនទាន់អាចក្លាយជាមហាអំណាចហិរញ្ញវត្ថុដូចអាម៉េរិក?

អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់របស់អាម៉េរិក បានទទួលស្គាល់ថា ចិន ពិតជាកំពុងបោះជំហានឆ្ពោះទៅរក​ការក្លាយជាមហាអំណាចសេដ្ឋកិច្ចកំពូលមួយនៅលើពិភព…

អាម៉េរិក ត្រូវបានរំពឹងថា អាចដកទ័ពចេញពីណាតូមិនលើស៥ពាន់នាក់ឡើយ ទោះមានការគំរាមពីលោក ត្រាំ

ដោយសារតែក្តីមិនពេញចិត្តចំពោះសម្ពន្ធមិត្តអឺរ៉ុប ដែលមិនគាំទ្រប្រតិបត្តិការយោធារបស់វ៉ាស៊ីនតោនពាក់ព័ន្ធនឹងសង្គ្រាមជាមួយអ៊ីរ៉ង់ ប្រធានាធិបតីស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ