លោក រូសៀ សាម៉ា ប្រធានវិទ្យាស្ថាន Rockefeller International បានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ច និងសមិទ្ធផលដែលចិនសម្រេចបានក្នុងរយៈពេលប្រមាណ២០ឆ្នាំ ចុងក្រោយនេះ បានរុញច្រានឲ្យវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្មរបស់ចិនមានសម្ទុះកើនឡើងយ៉ាងខ្លាំង។ តែយ៉ាងណាកំណើននេះមិនទាន់អាចជួយឱ្យចិន ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកនៅឡើយទេ ពោលគឺនៅតែបន្តតាមពីក្រោយសហរដ្ឋអាម៉េរិក។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានគូសបញ្ជាក់ថា ទោះបីនរណាៗ ក៏មើលឃើញពីជំហានមហាលោតផ្លោះរបស់ចិន ក្នុងការក្លាយជាមហាអំណាចសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែនៅលើវិថីហិរញ្ញវត្ថុសកល ចិន នៅមិនទាន់អាចឈានទៅដល់កម្រិតកំពូលនោះទេ។
អ្នកជំនាញសេដ្ឋកិច្ចសកលរូបនេះ បានអះអាងថា ប្រព័ន្ធហិរញ្ញវត្ថុរបស់ចិន នៅមិនទាន់មានស្ថិរភាពរឹងមាំពេញលេញនោះទេ ដែលកត្តានេះបានបន្សល់ទុកនូវសេរីភាពគ្រប់គ្រាន់សម្រាប់សហរដ្ឋអាម៉េរិក ក្នុងការបន្តគ្រប់គ្រងទីផ្សារសកល។ ជាក់ស្តែង ទោះបីជាមានដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗនេះក្តី ក៏លោកមិនទាន់បានផ្ទេរមកុដមហាអំណាចហិរញ្ញវត្ថុពិភពលោកទៅឲ្យចិននោះដែរ។ លំនឹង និងស្ថិរភាពហិរញ្ញវត្ថុរបស់ចិននៅតែបន្តចាញ់ប្រៀបសហរដ្ឋអាម៉េរិកដោយសារតែបច្ចុប្បន្ន ទីក្រុងវ៉ាស៊ីនតោននៅតែក្តោបក្តាប់អាវុធហិរញ្ញវត្ថុដ៏មានឥទ្ធិពលបំផុត ពោលគឺប្រាក់ដុល្លារអាម៉េរិក ដែលជាឧបករណ៍ទូទាត់ឈានមុខគេ និង ទូលំទូលាយបំផុតនៅលើពិភពលោក។
ជាការពិតណាស់ ទីក្រុងប៉េកាំងដឹងច្បាស់ពីចំណុចខ្សោយនេះ ហើយចិនកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរុញច្រានប្រាក់យន់ចូលទៅក្នុងចរន្តពាណិជ្ជកម្មអន្តរជាតិរហូតឈានដល់ការបង្កើតប្រព័ន្ធទូទាត់ផ្ទាល់ខ្លួនទៀតផង។ លើសពីនេះ នៅក្នុងទីផ្សារមួយចំនួន ចិនបានកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារស្ទើរតែទាំងស្រុង ប៉ុន្តែវិសាលភាពនេះនៅមានកម្រិត និងមិនទាន់គ្របដណ្តប់ជាសកលនៅឡើយទេ។
ក្រៅពីភាពខ្លាំង និងភាពទន់ខ្សោយ នៃរូបិយវត្ថុរវាងមហាអំណាចទាំងពីរ ចំណុចសំខាន់មួយទៀតដែលសេដ្ឋវិទូ លោក រូសៀ បានរំលេចឡើង គឺចិនអាចដើរតួជារោងចក្រពិភពលោក ដោយសារការងើបឡើងនៃឧត្តមភាពផ្នែកឧស្សាហកម្ម បច្ចេកវិទ្យា និងពាណិជ្ជកម្ម។ ប៉ុន្តែគេមិនត្រូវភ្លេចឡើយថា សហរដ្ឋអាម៉េរិកនៅតែជាអ្នកគ្រប់គ្រង និងជាអ្នកកំណត់ច្បាប់វិន័យហិរញ្ញវត្ថុពិភពលោកដដែល ហើយសហរដ្ឋអាម៉េរិកក៏មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសណាក៏បាន រួមទាំងចិន ផងដែរ៕
ដោយៈសរ សុជាតិ