យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post អ្នកវិភាគនៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី បានលើកឡើងថា ជំនួបកំពូលរវាងមេដឹកនាំចិន និងអាម៉េរិកបានបញ្ចប់ត្រឹមកិច្ចព្រមព្រៀងបទឈប់បាញ់ផ្នែកពាណិជ្ជកម្មរយៈពេល២ខែប៉ុណ្ណោះ។ លោកស្រី វេនឌី ខឺល័រ (Wendy Cutler) អនុប្រធានវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ីបានគូសបញ្ជាក់ថា ទោះបីជាមេដឹកនាំទាំងពីរបានយល់ព្រមលើបទឈប់បាញ់ផ្នែកពាណិជ្ជកម្មក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងនេះមានភាពផុយស្រួយបំផុត ហើយនៅពេលនេះ ចិន និងអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលស្ទាបស្ទង់ចិត្ត និងសាកល្បងសមត្ថភាពគ្នាទៅវិញទៅមក។
តាមការគ្រោងទុកការផ្អាកធ្វើសង្គ្រាមពាណិជ្ជកម្មនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៧។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន សេតវិមានបានបញ្ចេញបញ្ជីឈ្មោះទំនិញគ្មានភាពរសើបទំហំ៣០ពាន់លានដុល្លារ ដែលត្រូវទទួលបានការកាត់បន្ថយពន្ធគយតាមការព្រមព្រៀងគ្នា។ ទោះជាយ៉ាងណាអ្នកជំនាញមើលឃើញថា បញ្ជីលើកលែងពន្ធនេះមានទំហំតូចតាចបំផុត បើធៀបនឹងទំហំពាណិជ្ជកម្មសរុប ខណៈទំនិញភាគច្រើនដែលភាគីទាំងពីរដោះដូរគ្នាជាទំនិញយុទ្ធសាស្ត្រ និងមានភាពរសើបខ្លាំង។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ខេវិន រូត (Kevin Rudd) អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីបានលើកឡើងថា បញ្ហាស្នូលពាក់ព័ន្ធនឹងរ៉ែកម្រ និងបច្ចេកវិទ្យាយុទ្ធសាស្ត្រ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលជាបញ្ហាចម្រូងចម្រាស់រវាងមហាអំណាចទាំងពីរ នៅតែស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាមានការសម្របសម្រួលផ្នែកពាណិជ្ជកម្មបន្តិចបន្តួចក៏ដោយ ក៏ការប្រកួតប្រជែងខាងយុទ្ធសាស្ត្ររវាងអាម៉េរិក និងចិនមិនបានថមថយឡើយ ព្រោះមហាអំណាចទាំងពីរនៅតែចាត់ទុក ការប្រកួតប្រជែងយុទ្ធសាស្ត្រជាវិធានការប្រតិបត្តិការស្នូលរបស់ខ្លួនដដែល៕
ដោយៈ សរ សុជាតិ