យោងតាមមន្ត្រីអឺរ៉ុបពីររូប និងឯកសារសម្ងាត់របស់រុស្ស៊ីទទួលបានដោយទីភ្នាក់ងារព័ត៌មាន Reuters បានទម្លាយឱ្យដឹងថា រុស្ស៊ី បានបញ្ជូននាយទាហានជាន់ខ្ពស់ទៅហ្វឹកហ្វឺនពិសេសនៅប្រទេសចិន ដោយកម្មវិធីហ្វឹកហ្វឺនពិសេសជាសម្ងាត់នេះ ត្រូវបានអនុម័តដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក អ៊ែនដ្រេ បេលូសូវ (Andrei Belousov) កាលពីអំឡុងខែសីហា ឆ្នាំ២០២៥។ ឯកសារសម្ងាត់ទម្លាយថា គណៈប្រតិភូយោធារុស្ស៊ី ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នបណ្តុះបណ្តាលរបស់កងទ័ពរំដោះប្រជាជនចិន ហើយមានការចូលរួមពីនាយឧត្តមសេនីយ៍ជាន់ខ្ពស់របស់ប្រទេសទាំងពីរយ៉ាងតិចចំនួន៤រូប។
វគ្គហ្វឹកហ្វឺនពិសេសដែលទាក់ទាញការចាប់អារម្មណ៍បំផុត គឺការបណ្តុះបណ្តាលរយៈពេល៣សប្ដាហ៍នៅទីក្រុងប៉េកាំង ស្តីពី ការការពារពីអាវុធនុយក្លេអ៊ែ សារធាតុគីមី និងជីវសាស្ត្រ។ ឯកសារសម្ងាត់ក៏បានទម្លាយរូបភាពបង្ហាញពីសកម្មភាពទាហានរុស្ស៊ី កំពុងហ្វឹកហ្វឺនផ្នែកស្វែងរកសារធាតុវិទ្យុសកម្ម ការទប់ស្កាត់ការបំពុលដោយសារធាតុគីមី និងវិធានការការពារពីការវាយប្រហារដោយអាវុធជីវសាស្ត្រ។
មន្ត្រីអឺរ៉ុបមួយរូបបានទម្លាយប្រាប់ Reuters ថា ការចូលរួមដោយផ្ទាល់របស់មេទ័ពជាន់ខ្ពស់ នៃប្រទេសទាំងពីរបានបង្ហាញថា នេះមិនមែនជាការផ្លាស់ប្តូរបទពិសោធយោធាធម្មតានោះឡើយ ប៉ុន្តែវាគឺជាកិច្ចសហប្រតិបត្តិការយោធាដែលមានសារៈសំខាន់ក្នុងកម្រិតយុទ្ធសាស្ត្រ។ ទោះជាយ៉ាងណា ក្រសួងការបរទេសចិន បានច្រានចោលរបាយការណ៍នេះ ដោយអះអាងថា ការចោទប្រកាន់ទាំងនេះគ្មានមូលដ្ឋានទាំងស្រុង និងបានបញ្ជាក់ជំហរថា ចិន នៅតែរក្សាជំហរអព្យាក្រឹតចំពោះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ក្រុមអ្នកវិភាគមើលឃើញថា ការបែកធ្លាយឯកសារសម្ងាត់លើកនេះអាចក្លាយជាកត្តាថ្មី ដែលធ្វើឱ្យទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុបកាន់តែតានតឹង ខណៈលោកខាងលិចកំពុងបារម្ភថា ទីក្រុងប៉េកាំង មិនត្រឹមតែជាដៃគូសេដ្ឋកិច្ចរបស់ទីក្រុងមូស្គូប៉ុណ្ណោះទេ ប៉ុន្តែអាចកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ីកាន់តែស៊ីជម្រៅផងដែរ៕
ដោយ: តែម សុខុម