តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានវាយតម្លៃថា នេះជាចំណុចចាប់ផ្តើមដ៏ល្អមួយ បើទោះបីជាបញ្ហានេះនៅតែទាមទារពេលវេលាបន្ថែម ដើម្បីដោះស្រាយឱ្យបានចប់សព្វគ្រប់ក៏ដោយ។
ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា មកទល់ពេលនេះក្រុមការងារពាក់ព័ន្ធបានដោះស្រាយអគារជាប់គាំងក្នុងក្រុងព្រះសីហនុបានចំនួន១២៨គម្រោង និងនៅសល់ប្រមាណ៣១០គម្រោងទៀតកំពុងស្ថិតក្នុងនីតិវិធី ដើម្បីដោះស្រាយបន្ត។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការប្រើប្រាស់យន្តការបរធនបាលកិច្ចរបស់អ្នកវិនិយោគ ក៏បានរួមចំណែកក្នុងការជួយដោះស្រាយបញ្ហាអគារជាប់គាំងក្នុងក្រុងព្រះសីហនុផងដែរ។ ជាក់ស្ដែងនាពេលថ្មីៗនេះ អ្នកវិនិយោគមួយចំនួនបានប្រើប្រាស់យន្តការនេះសម្រាប់ទិញដី និងអគារ ដើម្បីបន្តសាងសង់បញ្ចប់ភាពជាប់គាំង។
ជាមួយគ្នានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា យន្តការបរធនបាលកិច្ចមិនត្រឹមតែជួយកៀរគរដើមទុនមកដោះស្រាយអគារជាប់គាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញវិនិយោគិនថ្មីៗ និងគាំទ្រដល់ព្រាងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងទៀតផង។ ជាក់ស្តែងនៅឆមាសទី១ ឆ្នាំ២០២៦ ខេត្តព្រះសីហនុ បានទាក់ទាញ និងចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនក្រោម៥លានដុល្លារបានចំនួន១៣គម្រោង ដែលតួលេខនេះបានកើនលើសពេញមួយឆ្នាំ២០២៥ ដែលមានត្រឹមតែ១១គម្រោងប៉ុណ្ណោះ។
ដោយឡែក លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចាត់ទុកលទ្ធផល នៃការដោះស្រាយអគារជាប់គាំងក្នុងព្រះសីហនុ គឺជាចំណុចចាប់ផ្ដើមដ៏វិជ្ជមានមួយ បើទោះបីបញ្ហានេះនៅមានភាពស្មុគស្មាញ និងទាមទារពេលវេលាយូរក្នុងការដោះស្រាយបញ្ចប់ក៏ដោយ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីដោះស្រាយបញ្ហានេះឱ្យបានលឿន និងមានប្រសិទ្ធភាព ទាមទារឱ្យរដ្ឋាភិបាលត្រូវបន្ថែមយន្តការពិសេសដែលមានភាពបត់បែនតាមស្ថានភាពជាក់ស្ដែងបន្ថែមទៀត។
បើតាមទិន្ន័យពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គិតចាប់ពីឆ្នាំ២០២៤ ដល់ត្រីមាសទី២ឆ្នាំ២០២៦ ក្រុមការងារនេះបានសម្រេចផ្តល់ការលើកទឹកចិត្ត និងការសម្រួលនីតិវិធីដល់គម្រោងសរុបចំនួន៤៩១គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន៨,៤ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជាង៦ម៉ឺនកន្លែង។ គម្រោងទាំងនេះរួមមាន គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន២១៦, គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬគម្រោងថ្មីចំនួន២៣៥, គម្រោងពង្រីកចំនួន២៥ និងគម្រោងមានស្រាប់ចំនួន១៥៕
អត្ថបទ៖ បូ ដូឡា