តួយ៉ាង បើតាមការគូសបញ្ជាក់ពីអ្នកជំនាញក្នុងវិស័យឡូជីស្ទីក ដើម្បីទប់ទល់នឹងការហក់ឡើងខ្ពស់ នៃតម្លៃប្រេងឥន្ធនៈដែលបន្តអូសបន្លាយពេលយូរ ក្រុមហ៊ុនដឹកជញ្ជូនទំនិញរវាងកម្ពុជា ជាមួយទីផ្សារចិន និងវៀតណាមមួយចំនួនធំ បានសម្រេចដំឡើងថ្លៃសេវាដឹកជញ្ជូនរបស់ខ្លួននាពេលថ្មីៗនេះ បើទោះបីជាកន្លងមក ពួកគេបានព្យាយាមរក្សាតម្លៃដដែលអស់មួយរយៈពេលធំ ដើម្បីរក្សាភាពប្រកួតប្រជែងក៏ដោយ។
អ្នកជំនាញបានព្រមានថា ប្រសិនបើនិន្នាការ នៃការកើនឡើងថ្លៃដឹកជញ្ជូននេះនៅតែបន្តអូសបន្លាយ វានឹងជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារស្នូលទាំងពីរនេះជាក់ជាមិនខាន។
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានឱ្យដឹងថា ការកើនឡើងតម្លៃប្រេងឥន្ធនៈសកលបានជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនបានដំឡើងថ្លៃដឹកជញ្ជូនចន្លោះពី២០% ទៅ៣០% កាលពីពេលកន្លងទៅ ខណៈក្រុមហ៊ុនមួយចំនួននៅរក្សាតម្លៃដដែល។
ជាមួយគ្នានេះ កាលពីពេលថ្មីៗ ក្រុមហ៊ុនដែលដឹកជញ្ជូនទំនិញចេញចូលរវាងកម្ពុជា ជាមួយចិន និងវៀតណាម ទាំងផ្លូវទឹក និងផ្លូវគោក ភាគច្រើន បានសម្រេចដំឡើងថ្លៃដឹកជញ្ជូនរបស់ខ្លួនស្ទើរទាំងអស់ ដើម្បីទប់ទល់ការខាតបង់ពីកហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈសកល។
ក្រៅពីកត្តាតម្លៃប្រេង ភាពប្រែប្រួលនៃបរិមាណទំនិញនៅលើទីផ្សារ ពេលវេលានៃការដឹកជញ្ជូន ស្របពេលដែលក្រុមហ៊ុនមួយចំនួនបានឈានដល់កាលកំណត់ត្រូវធ្វើកិច្ចសន្យាថ្លៃដឹកជញ្ជូនជាជាថ្មី ក៏ជាកត្តារួមផ្សំដែលបង្ខំឱ្យក្រុមហ៊ុនទាំងនោះកែសម្រួលតម្លៃសេវាកម្មនៅរយៈពេលចុងក្រោយនេះដែរ។
អ្នកជំនាញចាស់វស្សាក្នុងវិស័យដឹកជញ្ជូនរូបនេះបានសង្កត់ធ្ងន់ថា ទោះបីជាក្នុងរយៈពេលខ្លីកន្លងមកនេះ សម្ពាធនៃការកើនឡើងថ្លៃដឹកជញ្ជូនមិនទាន់បានរាំងស្ទះដល់ដំណើរការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារចិន និងវៀតណាម ក៏ពិតមែន ប៉ុន្តែប្រសិនបើបញ្ហានេះនៅតែបន្តអូសបន្លាយពេលយូរទៅមុខទៀត វានឹងក្លាយជាការគំរាមកំហែងយ៉ាងពិតប្រាកដដល់ទំហំពាណិជ្ជកម្មរបស់កម្ពុជា។ ហេតុផល គឺដោយសារតែកាលណាថ្លៃដឹកជញ្ជូនកើនឡើង វានឹងរុញច្រានឱ្យថ្លៃដើមផលិតកម្ម និងតម្លៃទំនិញចុងក្រោយហក់ឡើងខ្ពស់តាមនោះដែរ ដែលនេះនឹងដាក់សម្ពាធយ៉ាងខ្លាំងដល់កម្លាំងទិញ និងតម្រូវការបញ្ជាទិញរបស់អ្នកប្រើប្រាស់។
គួររំលឹកផងដែរថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន សម្រេចបានទឹកប្រាក់ជាង៧ពាន់លានដុល្លារកើនឡើង២៦% ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបានទឹកប្រាក់ជាង៣ពាន់លានដុល្លារ កើនឡើងជាង៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការហក់ឡើងនៃតម្លៃប្រេងសាំង និងម៉ាស៊ូត កំពុងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់វិស័យដឹកជញ្ជូននៅកម្ពុជា៕