វិស័យអាកាសចរណ៍

ការសាងសង់អាកាសយានដ្ឋានតម្លៃជិត១៣ពាន់លានដុល្លាររបស់វៀតណាម កំពុងជួបបញ្ហាខ្វះកម្លាំងពលកម្មធ្ងន់ធ្ងររហូតដល់ជិត៦,០០០នាក់


ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ ដែលជាអាកាសយានដ្ឋានធំបំផុតក្នុងប្រវត្តិសាស្ត្រវៀតណាម កំពុងជួបវិបត្តិខ្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងររហូតដល់ជិត៦,០០០នាក់ និងសម្ភារសំណង់ឡើងថ្លៃខ្ពស់។ បញ្ហានេះកំពុងបង្កជាក្តីបារម្ភថា គម្រោងដែលមានតម្លៃជិត១៣ពាន់លានដុល្លារមួយនេះទំនងជាមិនអាចបើកទ្វារស្វាគមន៍ជើងហោះហើរពាណិជ្ជកម្មដំបូងនៅចុងឆ្នាំ២០២៦ ដូចការគ្រោងទុកនោះទេ។ សាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានព្រមានថា ប្រសិនបើគ្មានដំណោះស្រាយបន្ទាន់ទេ នោះការសាងសង់ទាំងមូលនឹងត្រូវជាប់គាំងដំណើរការ។
វិស័យអាកាសចរណ៍
ដោយ

យោងតាមរបាយការណ៍ចុងក្រោយពីសាជីវកម្មអាកាសយានដ្ឋានវៀតណាម ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិ ដ៏ធំបំផុតរបស់វៀតណាម កំពុងជួបបញ្ហាខ្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរ។ គិតត្រឹមពាក់កណ្តាលខែមេសា វិស្វករ និងកម្មករនៅក្នុងការដ្ឋានមានត្រឹមតែ៨,៤៥៧នាក់ប៉ុណ្ណោះ ដែលចំនួននេះបានត្រឹម៦០% នៃចំនួន១៤,០០០នាក់ ដែលត្រូវការចាំបាច់ ដើម្បីបញ្ចប់ការសាងសង់អាកាសយានដ្ឋាននេះនៅត្រីមាសទី៣ និងបើកដំណើការជើងហោះហើរពាណិជ្ជកម្មនៅត្រីមាសទី៤ តាមផែនការដែលបានកំណត់។

ការខ្វះខាតកម្មករធ្ងន់ធ្ងរជាងគេលើការសាងសង់អគារអ្នកដំណើរ ដែលត្រូវបានគេប្រសិទ្ធនាមថា ជាបេះដូង នៃអាកាសយានដ្ឋាន ដោយការសាងសង់អគារនេះត្រូវការកម្មករជំនាញប្រចាំថ្ងៃចំនួន៦,០០០នាក់ ប៉ុន្តែបច្ចុប្បន្នមានត្រឹមតែ១,៥០០នាក់ប៉ុណ្ណោះ។

តាមការស៊ើបអង្កេតដើមចម នៃវិបត្តិនេះកើតចេញពីកត្តាសំខាន់ៗមួយចំនួនរួមមាន ការទូទាត់ប្រាក់យឺតយ៉ាវ ដែលធ្វើឱ្យកម្មករនាំគ្នាតវ៉ា និងសម្រេចចិត្តឈប់ធ្វើការ, ការកើនឡើងតម្លៃសម្ភារសំណង់ និងកង្វះបុគ្គលិកផ្នែកផ្ដល់ប្រឹក្សារចនា និងត្រួតពិនិត្យ ដែលធ្វើឱ្យដំណើរការវាយតម្លៃគុណភាព និងការអនុម័តបង់ប្រាក់ត្រូវអូសបន្លាយពេលយូរ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ ដែលសាងសង់លើផ្ទៃដីជាង៥,០០០ហិកតាជាមួយ ទុនវិនិយោគសរុបជាង១២,៧ពាន់លានដុល្លារ។ រដ្ឋាភិបាលវៀតណាម រំពឹងថា ព្រលានយន្តហោះនេះនឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាសដ៏សំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែឧបសគ្គនាពេលបច្ចុប្បន្នកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើមហិច្ឆតាមួយនេះ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


លោក ត្រាំ ប្រកាសពន្យារពេលបទឈប់បាញ់ ខណៈអ៊ីរ៉ង់ ចំអកថានេះគ្រាន់តែជាល្បិចត្រៀមវាយប្រហារមិនឱ្យដឹងខ្លួនមុន

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចប្រកាសពន្យារពេលបទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់ ដោយគ្មានកាលកំណត់។លោក ត្រាំ បានគូសបញ្ជា…

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ព្រមានថា ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងប្រើប្រាស់បច្ចេកវិទ្យាជាអាវុធ ដែលកំពុងគំរាមកំហែងដល់សន្តិសុខជាតិ

ស្របពេលដែលពិភពលោកកំពុងស្ថិតក្នុងរបត់ នៃបដិវត្តន៍បច្ចេកវិទ្យាដ៏ឆាប់រហ័ស និងការប្រឈមមុខដាក់គ្នា នៃមហាអំណាចភូមិសាស្ត្រនយោបាយ រដ្ឋមន្ត្រីការប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ