នៅទីបំផុតក្រុមអ្នកការទូត និងសមាជិកសភាអឺរ៉ុប បានព្រមព្រៀងគ្នាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិកដ៏ប្រទាំងប្រទើស ដោយតាមរយៈកិច្ចព្រមព្រៀងនេះអឺរ៉ុបបានលុបចោលពន្ធគយលើទំនិញឧស្សាហកម្មភាគច្រើនរបស់អាម៉េរិកនាំចូលទៅកាន់ទ្វីបអឺរ៉ុប។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Euronews ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានដាក់ពន្ធគយ ២៥% លើរថយន្តនាំចូលពីសហភាពអឺរ៉ុប ប្រសិនបើប្លុកនេះមិនព្រមអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលលោក និងប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី អ៊ូស៊ូឡា វ៉ុន ឌើ ឡេយេន (Ursula von der Leyen) បានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។
កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះធ្លាប់ទទួលរងការរិះគន់យ៉ាងខ្លាំងពីសមាជិកសភាអឺរ៉ុបមួយចំនួន ដោយពួកគេយល់ថា មិនមានតុល្យភាព និងធ្វើឱ្យពន្ធគយរបស់អាម៉េរិក លើទំនិញសហភាពអឺរ៉ុប កើនឡើងខ្ពស់រហូតដល់ទៅ១៥%។ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសស៊ីប លោក ម៉ៃឃើល ដាមីយ៉ាណូស (Michael Damianos) បានលើកឡើងថា សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក មានទំនាក់ទំនងសេដ្ឋកិច្ចធំបំផុត និងមានសមាហរណកម្មជ្រៅបំផុតក្នុងពិភពលោក។ ការរក្សាភាពជាដៃគូអន្តរអាត្លង់ទិក ដែលមានស្ថិរភាពអាចរំពឹងទុកបាន និងមានតុល្យភាព គឺជាផលប្រយោជន៍រួមរបស់ភាគីទាំងពីរ»។
ទោះជាយ៉ាងនេះក្តីទំនាក់ទំនងរវាងប្លុកទាំងពីរនៅតែស្ថិតក្នុងភាពរកាំរកូស ដោយទីក្រុងប្រ៊ុចសែល បារម្ភថា រដ្ឋបាលលោក ដូណាល់ ត្រាំ អាចនឹងនៅតែប្រើប្រាស់វិធានការពន្ធគយ ដើម្បីដាក់សម្ពាធនយោបាយមកលើសហភាពអឺរ៉ុប ប្រសិនបើប្លុកនេះមិនប្រតិបត្តិតាមការទាមទារផ្សេងទៀតរបស់សេតវិមាន។ ជាក់ស្តែងក្រុមសមាជិកសភាអឺរ៉ុប បានបន្ថែមលក្ខខណ្ឌមួយចំនួនក្នុងកិច្ចព្រមព្រៀងនេះ ដែលប្រថុយនឹងការធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន មិនសប្បាយចិត្តចំពោះបទប្បញ្ញត្តិបន្ថែម ដែលពួកគេមិនធ្លាប់យល់ព្រម។
គួររំលឹកថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើ សហភាពអឺរ៉ុប បានសន្យាថា នឹងវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់៦០០ពាន់លានដុល្លារលើវិស័យយុទ្ធសាស្ត្រនៅសហរដ្ឋអាម៉េរិករហូតដល់ឆ្នាំ២០២៨ និងសន្យាទិញថាមពលពីអាម៉េរិកក្នុងតម្លៃប្រមាណ៧៥០ពាន់លានដុល្លារថែមទៀតផង៕
អត្ថបទៈ សួន ឡង់ទី