ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ថា ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងមានការប្រែប្រួលតម្លៃ ខណៈកំពុងទទួលរងឥទ្ធិពលសេដ្ឋកិច្ចពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា គួបផ្សំសកម្មភាពបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។
បើតាមអ្នកជំនាញរូបនេះ ស្របពេលដែលការបង្ក្រាបបទល្មើសស្កេមអនឡាញ ឬ Online Scams ធ្វើឱ្យចំនួនភ្ញៀវចិនហាក់មានការស្ងប់ស្ងាត់ លោករំពឹងថា នៅក្នុងរយៈពេលមួយឆ្នាំខាងមុខនេះ ទីតាំងអគារ និងអចលនទ្រព្យផ្សេងទៀតនឹងកែប្រែមុខមាត់ថ្មីជាក់ជាមិនខាន។ ជាមួយគ្នានេះ លោកឧកញ៉ា បានវាយតម្លៃថា រហូតដល់ឆ្នាំ២០២៧ វិស័យអចលនទ្រព្យនឹងនៅតែស្ថិតក្នុងទីផ្សារកែតម្រូវបន្តទៀត ដោយសារភាពមិនច្បាស់លាស់នៃទីផ្សារពិភពលោក ក៏ដូចជាវិនិយោគិនមួយចំនួននៅតែបន្តស្ថិតក្រោមស្រមោលប៉ះពាល់ពីបញ្ហាស្កេមអនឡាញ។ ការលើកឡើងបែបនេះធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីយុទ្ធសាស្រ្តឆ្លាតវៃ សម្រាប់អ្នកជំនាញអចលនទ្រព្យក្នុងអំឡុងពេលទីផ្សារកំពុងប្រឈម នៅថ្ងៃទី២៣ ខែកក្កដា។
ជាមួយគ្នានេះលោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex Cambodia បានកត់សម្គាល់ថា បញ្ហាប្រឈមនៅក្នុងវិស័យអចលនទ្រព្យបច្ចុប្បន្ន គឺកំពុងប៉ះពាល់ខ្លាំងលើផ្នែកអចលនទ្រព្យពាណិជ្ជកម្ម។ គិតត្រឹមខែកក្កដា ឆ្នាំនេះ អគារការិយាល័យមានការផ្គត់ផ្គង់ច្រើនលើសតម្រូវការ ដោយមានអត្រាប្រើប្រាស់ត្រឹមតែ៦៤ភាគរយប៉ុណ្ណោះ ខណៈជិត៤០ភាគរយទៀតនៅទំនេរ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន APS Cambodia។
ទោះជាយ៉ាងណា អ្នកជំនាញរូបនេះលើកឡើងថា ដើម្បីអាចដោះស្រាយភាពយឺតយ៉ាវទាំងនេះបាន គឺទាមទារឱ្យកម្ពុជាដោះស្រាយបញ្ហាប្រឈមផ្ទៃក្នុងរបស់ខ្លួនជាមុនសិន ដូចជាការស្តាររូបភាព និងមុខមាត់ឡើងវិញពីបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ ការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ការពង្រឹងយន្តការច្បាប់ និងការបង្កើតកញ្ចប់លើកទឹកចិត្តដល់បណ្តាវិនិយោគិនជាដើម។
ជុំវិញបញ្ហានេះដែរ លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា បច្ចុប្បន្នវិស័យអចលនទ្រព្យកំពុងស្ថិតក្នុងដំណាក់កាលកែតម្រូវទីផ្សារ ដោយសារវិបត្តិសេដ្ឋកិច្ចសកល និងការជម្លៀសចេញរបស់ជនបរទេស ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ អ្នកជំនាញរូបនេះមើលឃើញថា ការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធអនឡាញ គឺជាសារបង្ហាញទៅកាន់វិនិយោគិនបរទេសទូទៅកុំឱ្យមានការព្រួយបារម្ភចំពោះការមកបោះទុនវិនិយោគនៅកម្ពុជា។ ប៉ុន្តែយ៉ាងណាមិញ ចំពោះប្រជាពលរដ្ឋដែលធ្លាប់ទទួលបានចំណូលពីការជួលអចលនទ្រព្យឱ្យក្រុមឈ្មួញទុច្ចរិត អាចនឹងត្រូវបាត់បង់ចំណូលមួយរយៈ។ អ្នកជំនាញរូបនេះបានវាយតម្លៃថា រហូតដល់ឆ្នាំ២០២៧ខាងមុខ នៅមិនទាន់មានសញ្ញាច្បាស់លាស់ពីការងើបឡើងវិញ នៃវិស័យអចលនទ្រព្យនៅឡើយទេ ដោយសារទីផ្សារនៅត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសិក្សា និងស្ទង់មើលស្ថានការណ៍។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យអន្តរជាតិ APS Cambodia និងធនាគារជាតិនៃកម្ពុជា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ មានចំនួននៃការជួលការិយាល័យចំនួន៦៤ភាគរយ ចំនួនលក់រាយមាន៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះដែល គិតចាប់ពីឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៦ នេះ មានចំនួនខុនដូរកើនឡើងដល់២ម៉ឺនយូនីត៕
អត្ថបទ៖ ជា ម៉ារ៉ា