ក្តីសង្ឃឹមដែលថានឹងមានការចរចាជុំទី២ រវាងមន្ត្រីអាម៉េរិក និងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីចុងសប្តាហ៍មុនបានរសាត់បាត់តាមខ្យល់ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសលុបចោលដំណើរការចរចា ដោយសារភាគីទាំងពីរប្រកាន់គោលជំហររឹងត្អឹងរៀងៗខ្លួន ជាពិសេសលើបញ្ហាកម្មវិធីនុយក្លេអ៊ែរបស់ក្រុងតេអេរ៉ង់ និងការឡោមព័ទ្ធបិទច្រកសមុទ្ររបស់អាម៉េរិក។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីចុងសប្ដាហ៍មុន លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋ Florida ថា លោកបានលុបចោលដំណើរទៅកាន់ប្រទេសប៉ាគីស្ថានរបស់បេសកជនការទូតកំពូលរបស់លោក ប៉ុន្តែនៅថ្ងៃបន្ទាប់លោក ត្រាំ បានប្រាប់ Fox News ថា អ៊ីរ៉ង់អាចទូរសព្ទមកលោកបាន ប្រសិនបើចង់ចរចាបញ្ចប់សង្គ្រាមនៅបជ្ឈិមបូព៌ា។
ពាក់ព័ន្ធនឹងបញ្ហានេះលោកស្រី អេមម៉ា សតទីស (Emma Shortis) នាយិកាកម្មវិធីកិច្ចការអន្តរជាតិ និងសន្តិសុខរបស់វិទ្យាស្ថានអូស្ត្រាលី បានចាត់ទុកការលើកឡើងរបស់លោក ត្រាំ គឺជាសញ្ញាមួយបង្ហាញថា កិច្ចចរចាសន្តិភាពនៅតែមានសុពលភាព និងមានច្រកចេញ គ្រាន់តែវាត្រូវការពេលវេលាយូរ ដើម្បីកសាងទំនុកចិត្តរវាងគ្នាឡើងវិញ។
ស្រដៀងគ្នានេះ លោក រ៉ប ហ្គីស ភីនហ្វូល (Rob Geist Pinfold) អ្នកជំនាញខាងនយោបាយការទូត និងជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យមួយនៅប្រទេសអង់គ្លេស យល់ឃើញដែរថា នេះមិនមែនជាការបរាជ័យនោះទេ តែជាការប្រឈមមុខនឹងការទាមទារខុសគ្នា ដែលមិនទាន់អាចដោះស្រាយបាន។ លោកបានសង្កត់ធ្ងន់ថា ចំណុចរួមតែមួយគត់ ដែលភាគីទាំងពីរមានដូចគ្នា គឺមិនចង់វិលត្រឡប់ទៅរកសង្គ្រាមវិញ។
អ្នកជំនាញទាំងពីរបានសន្និដ្ឋានថា ភាពជាប់គាំងនាពេលនេះ គ្រាន់តែជាការបន្ថយល្បឿន នៃកិច្ចការការទូតប៉ុណ្ណោះ។ ប្រវត្តិសាស្ត្របានបង្ហាញថា ផ្លូវឆ្ពោះទៅរកសន្តិភាពមិនដែលរលូននោះទេ វាតែងតែពោរពេញដោយភាពទាល់ច្រក ការចរចាសម្ងាត់ និងការសាកល្បងចិត្តគ្នាទៅវិញទៅមក៕
អត្ថបទៈ សួន ឡង់ទី